ការស្រាវជ្រាវថ្មីបានរកឃើញថា កាយសម្បទារឹងមាំអាចជួយការពារការគាំងបេះដូង និងកើនឡើងការរស់រានមានជីវិតចំពោះអ្នកដែលមានជំងឺសរសៃឈាមបេះដូង។
អ្នកស្រាវជ្រាវបានវិភាគទៅលើមនុស្សពេញវ័យជាង៩.៨០០នាក់ដែលមានជំងឺសរសៃឈាមបេះដូងដែលបានធ្វើតេស្ត។ ពួកគេត្រូវគេតាមដានអស់រយៈពេល១១ឆ្នាំដើម្បីមើលថាតើពួកគេបានទទួលរងនឹងការគាំងបដូង, មានធ្លាប់ត្រូវបានធ្វើការវះកាត់បើកសរសៃឈាមបេះដូង ឬបានស្លាប់ដោយសារមូលហេតុនានាឬយ៉ាងណា។
ចន ម៉ាកវ៉ូយ (John McEvoy) ជាសាស្ត្រាចារ្យផ្នែកជំងឺបេះដូងនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Johns Hopkins បាននិយាយថា យើងបានវាស់ពីសមត្ថភាពនៃការធ្វើលំហាត់ប្រាណ, មើលពីភាពស្មើគ្នានៃមេតាប៉ូលីស ពីលទ្ធផលនៃការធ្វើតេស្តលើអ្នកជំងឺនោះ។
អ្នកស្រាវជ្រាវបានរកឃើញថា ការកើនឡើងនៃសមត្ថភាពនៃការធ្វើលំហាត់ប្រាណ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះ១៣%នៃហានិភ័យនៃការស្លាប់។
នៅក្នុងការស្រាវជ្រាវរបស់យើង, អ្នកជំងឺដែលមានកាយសម្បទារឹងមាំបំផុតមានការថយចុះហានិភ័យនៃការស្លាប់ដោយសារមូលហេតុនានា៧៥%បើធៀបទៅនឹងអ្នកដែលមានកាយសម្បទាខ្សោយបំផុតនោះ។ ការស្រាវជ្រាវបានបង្ហាញនូវភាពចាំបាច់នៃលំហាត់ប្រាណ និងកាយសម្បទារឹងមាំចំពោះអ្នកជំងឺសរសៃឈាមបេះដូង។
វេជ្ជបណ្ឌិត ម៉ៃឃើល ប្លាហា (Michael Blaha) ជាសាស្ត្រាចារ្យរងខាងផ្នែកវេជ្ជសាស្ត្រនៅសាកលវិទ្យាល័យវេជ្ជសាស្ត្រ Johns Hopkins បាននិយាយថា លទ្ធផលរបស់យើងបានបង្ហាញថា ការកើនឡើងកាយសម្បទារឹងមាំតាមរយៈលំហាត់ប្រាណអាចជាមធ្យោបាយមួយមានប្រសិទ្ធភាពសម្រាប់ការពារផលវិបាកដែលត្រូវបានទាក់ទងទៅនឹងជំងឺសរសៃឈាមបេះដូង។
ប្លាហាបានបន្ថែមថា យើងសង្ឃឹមថា ក្រោយពីមានលទ្ធផលនៃការស្រាវជ្រាវនេះ, គ្រូពេទ្យជាច្រើននឹងពិចារណាអោយអ្នកជំងឺធ្វើលំហាត់ប្រាណដើម្បីអោយមានភាពប្រសើរឡើងដល់ការរស់នៅ និងគុណភាពនៃជីវិតរបស់អ្នកជំងឺពួកគេដែលអាចធ្វើលំហាត់ប្រាណដែលផ្តល់នូវសុវត្ថិភាពបាន៕