ពិតណាស់ការសម្រកទម្ងន់អាចមិនមែនជារឿងស្រួលសម្រេចបានឡើយ។ ទោះជាយ៉ាងណាកុំបារម្ភពេក! (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក៏ព្រោះនៅតែមានគន្លឹះងាយៗមួយចំនួនអាចជួយឱ្យអ្នកស្រកទម្ងន់បានសូម្បីខណៈពេលគេង។ ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះជួយជម្រុញការដុតរំលាយអាហារ ឬកាឡូរីកំឡុងពេលគេង ៖
១. ទទួលទានអាហារសម្រន់មានជាតិប្រូតេអ៊ីន
ការទទួលទានអាហារសម្រន់បន្តិចបន្តួចមុនពេលចូលគេង គឺមិនទាស់ខុសអ្វីទេប្រសិនបើអ្នកចេះជ្រើសរើសប្រភេទនៃអាហារសម្រន់។ ចូរជ្រើសរើសអាហារសម្រន់មានជាតិប្រូតេអ៊ីនដូចជាយ៉ាអួរ Greek សាច់ទ្រូងមាន់ ឬបឺរសណ្ដែកដី។ អាហារប្រភេទនេះនឹងជួយបង្កើនកម្រិតនៃការដុតរំលាយអាហារជួយឱ្យសាច់ដុំលូតលាស់។
២. ទទួលទានតែ
ការទទួលទានតែប៉ុន្មានប្រភេទដូចជាតែផ្កា chamomile ឬតែឡាវ៉េនដឺយ៉ាងហោចណាស់ ១ ម៉ោងមុនពេលគេងក៏អាចអាចជួយឱ្យអ្នកស្រកទម្ងន់បានដែរ។ នោះក៏ព្រោះតែភេសជ្ជៈប្រភេទនេះជួយឱ្យស្ងប់អារម្មណ៍និងបង្កើនការដុតរំលាយអាហារ។
៣. ទទួលទានទឹកទំពាំងបាយជូរ
ទឹកទំពាំងបាយជូរស្រស់ជួយដុតបំផ្លាញកាឡូរីតាមរយៈសារធាតុ resveratrol ដែលវាមានផ្ទុក។ វាបំផ្លាញខ្លាញ់ពណ៌សមិនល្អទៅជាខ្លាញ់ពណ៌ត្នោតជួយដល់ការរំលាយអាហារ។ នៅពេលអ្នកគេង រាងកាយប្រើប្រាស់ខ្លាញ់ពណ៌ត្នោត ឬខ្លាញ់ beige fat ដើម្បីរក្សាកម្ដៅក្នុងរាងកាយ។ ដូច្នេះការទទួលទានទឹកទំពាំងបាយជូរស្រស់មុនពេលចូលគេងនឹងបង្ខំឱ្យរាងកាយកម្ចាត់រាល់ជាតិខ្លាញ់ដែលលើសចេញជំនួសការរក្សាទុក។ ទោះជាយ៉ាងណាចៀសវាងទទួលទានទឹកទំពាំងបាយជូរស្រស់ដែលមានជាតិស្ករបន្ថែម។
៤. ចៀសវាងទទួលទានក្រោយម៉ោង ៧ យប់
គន្លឹះដ៏ងាយមួយទៀតដែលជួយឱ្យស្រកទម្ងន់ គឺចៀសវាងទទួលទានអាហារផ្សេងៗក្រោយម៉ោង ៧ យប់។ ប៉ុន្តែប្រសិនបើអ្នកពិបាកនឹងធ្វើបែបនេះបាន ចូរព្យាយាមឈប់ទទួលទានយ៉ាងហោចណាស់ ៣ ម៉ោងមុនចូលគេងក៏ប្រសើរ។
៥. គេងក្នុងទីងងឹតទាំងស្រុង
សម្រាប់មនុស្សមួយចំនួនការគេងបើកភ្លើងអាចជួយឱ្យងាយនឹងគេងលក់ ប៉ុន្តែប្រសិនបើអ្នកចង់ដុតបំផ្លាញជាតិខ្លាញ់ចូរគេងបិទភ្លើងទើបប្រសើរ។ នោះក៏ព្រោះតែពន្លឺសូម្បីតែបន្តិចក្នុងបន្ទប់គេងអាចបង្អាក់រាងកាយល្នុងការផលិតអ័រម៉ូនមេឡាតូនីនដែលមិនត្រឹមតែជះឥទ្ធិពលដល់ការគេងប៉ុណ្ណោះទេ ប៉ុន្តែក៏រារាំងដល់ការដុតបំផ្លាញកាឡូរីផងដែរ។
៦. ទទួលទានទឹកដោះគោក្ដៅឧណ្ហៗមុនពេលចូលគេង
ការទទួលទានទឹកដោះគោមិនត្រឹមតែល្អសម្រាប់សុខភាពឆ្អឹងប៉ុណ្ណោះទេ ប៉ុន្តែក៏ជួយឱ្យឆាប់គេងលក់និងបង្កើនការដុតបំផ្លាញការដុតរំលាយអាហារក្នុងរាងកាយ។ ក្រៅពីនេះទៅទៀតទឹកដោះគោមានផ្ទុកសារធាតុ casein ដែលទប់ស្កាត់សាច់ដុំគ្មានខ្លាញ់មិនឱ្យចុះខ្សោយទៀតផង។
៧. ចូលគេងនិងក្រោកឡើងទៀងម៉ោង
តើអ្នកធ្លាប់ដឹងទេថាម៉ោងចូលគេងនិងក្រោកមិនទៀងមានទំនាក់ទំនងផ្សារភ្ជាប់ជាមួយការកើនទម្ងន់លើសកម្រិត? នោះក៏ព្រោះតែវានឹងជះឥទ្ធិពលលើការផលិតអ័រម៉ូនមេឡាតូនីនដែលគ្រប់គ្រងការគេង ព្រមទាំងទទួលខុសត្រូវចំពោះការបង្កើនភាពសកម្មនៃកោសិកាខ្លាញ់ពណ៌ត្នោតដែលជួយដុតបំផ្លាញកាឡូរី៕