ស្នាមជាំខៀវលើស្បែកមិនមែនជារឿងចម្លែកណាស់ណាឡើយ ជាពិសេសចំពោះក្មេងៗដែលរពឹស ឬឧស្សាហ៍រត់ដួលទោះជាយ៉ាងណា សូម្បីតែមនុស្សពេញវ័យក៏អាចកើតមានស្នាមជាំខៀវលើស្បែកដូចគ្នា នៅពេលដើរប៉ះទង្គិចត្រូវវត្ថុអ្វីមួយ ឬដួល, ធ្លាក់ ជាដើម ប៉ុន្តែពេលខ្លះវាក៏អាចបណ្ដាលមកពីបញ្ហាសុខភាពផងដែរ។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) ជាទូទៅ ការជាំស្បែកកើតឡើងនៅពេលដែលមានរបួសនៅលើសរសៃឈាមតូចៗនៅក្រោមស្បែក ហូរឈាមក្រោមស្បែក។ មិនថាស្នាមជាំខៀវបណ្ដាលមកពីមូលហេតុអ្វីទេ ការស្វែងរកនូវវិធីកាត់បន្ថយ ក៏ដូចជាព្យាបាលស្នាមជាំ គឺគួរឲ្យចាប់អារម្មណ៍ជាង។  បើទោះជាស្នាមជាំខៀវ អាចនឹងបាត់ទៅវិញដោយឯកឯងក៏ពិតមែន ក៏វាត្រូវការរយៈពេលយូរគួរសមដែរ។ ប៉ុន្តែកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព
Health.com.kh នឹងបង្ហាញឲ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗដែលជួយបំបាត់ស្នាមជាំខៀវលើស្បែកបាកយ៉ាងឆាប់រហ័ស ៖

១. ប្រេងឡាវ៉ែនដឺ ឬប្រេងស្លឹកគ្រៃ

ប្រេងទាំង ២ នេះសុទ្ធតែមានប្រសិទ្ធិភាពដូចគ្នាក្នុងការព្យាបាលបញ្ហាស្បែកជាំខៀវ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែប្រើប្រាស់ប្រេងនេះមួយណាក៏បានចំនួនប៉ុន្មានដំណក់ ម៉ាស្សាលើតំបន់ស្បែកដែលទទួលរងផលប៉ះពាល់ឲ្យបានពី ៣ ទៅ ៤ ដងក្នុងមួយថ្ងៃ។

២. ស្អំដបទឹកក្ដៅ 

រូបមន្តបែបធម្មជាតិមួយទៀតដែលជួយឲ្យស្នាមជាំឆាប់បាត់នោះ គឺការយកដបទឹកក្ដៅឧណ្ហៗមកស្អំភ្លាម បន្ទាប់ពីអ្នកសម្គាល់ឃើញស្នាមជាំលេចឡើង។ សីតុណ្ហភាពក្ដៅឧណ្ហៗជួយកាត់បន្ថយឈាមដែលកកក្រោមផ្ទៃនៃស្បែក។ ប្រសិនបើមានការហើមអមមកជាមួយនឹងស្នាមជាំ ចូរចាប់ផ្ដើមស្អំទឹកត្រជាក់ ឬទឹកកកសិន មុននឹងស្អំទឹកក្ដៅ។ ត្រូវប្រាកដថាដបទឹក ឬសីតុណ្ហភាពនៃទឹកមិនខ្ពស់ពេក បើមិនដូច្នោះទេស្បែកអាចនឹងទទួលរងការរលាក។

៣. ជីវ៉ាន់ស៊ុយ

ជីវ៉ាន់ស៊ុយ គឺជាជម្រើសដ៏ល្អបំផុតសម្រាប់ព្យាបាលស្នាមជាំខៀវលើស្បែក ក៏ព្រោះវាមានផ្ទុកសម្បូរទៅដោយវីតាមីន C និងវីតាមីន K ដែលមានប្រសិទ្ធភាពជួយបំបាត់ការឈឺចាប់ និងកាត់បន្ថយការរលាក។ អ្វីដែលអ្នកត្រូវកាត់ ឬចិញ្ច្រាំស្លឹកជីវ៉ាន់ស៊ុយប៉ុន្មានស្លឹក រួចយកទៅបិត
លើតំបន់ស្បែកជាំខៀវ ហើយទុកចោលរហូតដល់ស្បែកបឺតយកជាតិទឹកចេញពីជីជាការស្រេច។

៤. សូកូឡា

សូកូឡា មានផ្ទុកនូវសមាធាតុ cocoa bioactive ប្រឆាំងនឹងការរលាក ដែលធ្វើឲ្យវាល្អសម្រាប់ព្យាបាលបញ្ហាស្បែកជាំខៀវ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែរំលាយសូកូឡាមួយចំនួន រួចទុកឲ្យវាចុះត្រជាក់បន្តិចមកត្រឹមក្ដៅឧណ្ហៗ សឹមលាបវាលើស្នាមជាំ រួចយកស្បៃរុំរបួសមករុំពីលើទុកចោលរហូតដល់ស្ងួតសឹមបកចេញជាការស្រេច៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង