ទឹក ជាភេសជ្ជៈដ៏ប្រសើរបំផុតមួយសម្រាប់រក្សាសុខភាពរាងកាយ និងទ្រទ្រង់ជីវិតមនុស្សគ្រប់រូប។ ពេលខ្លះទឹកធម្មតាមួយកែវអាចផ្ដល់ភាពស្រស់ស្រាយបានល្អជាងកាហ្វេ ឬទឹកក្រូចកំប៉ុងទៀតផង។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្នកជំនាញជាច្រើនណែនាំឲ្យទទួលទានប្រមាណជា ២ លីត្រ ឬពី ៨ ទៅ ៩ កែវក្នុងមួយថ្ងៃដើម្បីរក្សាបានសុខភាពល្អប្រសើរជៀសផុតពីបញ្ហាផ្សេងៗ។ ទោះជាយ៉ាងណា ភាគច្រើននៃពួកយើងមិនបានទទួលទានទឹកគ្រប់គ្រាន់ជាប្រចាំឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈដែលនឹងលេចឡើងនៅពេលអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ ៖
១. វិលមុខ
ពេលខ្លះដំណោះស្រាយដ៏ល្អបំផុតនៃអាការៈវិលមុខ គឺទទួលទានទឹក ១ កែវ។ នោះក៏ព្រោះតែកង្វះជាតិទឹកក្នុងរាងកាយអាចកាត់បន្ថយបរិមាណឈាមដែលធ្វើឱ្យខួរក្បាលទទួលបានអុកស៊ីសែនតិចជាងធម្មតាបង្កអាការៈវិលមុខ។ ដើម្បីជាការប្រសើរចូរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ពិសេសនៅពេលឈឺ។ ពេលណាគួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យ? នោះ គឺនៅពេលដែលអ្នកបានទទួលទានទឹកប្រហែល ២លីត្រក្នុងមួយថ្ងៃ ប៉ុន្តែនៅតែវិលមុខ។
២. ស្ងួតមាត់
នោះក៏ព្រោះតែជាធម្មតាការទទួលទានទឹកជួយសម្រួលដល់ភ្នាសទឹករំអិលក្នុងមាត់ និងបំពង់ក ដែលធ្វើឱ្យមាត់មានសំណើមជាប់រហូតជាមួយទឹកមាត់។ ដូច្នេះហើយទើបក្នុងមាត់ និងបំពង់កប្រែជាស្ងួតនៅពេលអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់។
៣. ស្បែកស្ងួត
ស្បែក គឺជាសរីរាង្គដ៏ធំបំផុតនៃរាងកាយ ដូច្នេះវាត្រូវការរក្សាបាននូវជាតិសំណើម ឬជាតិទឹកជាប់ជានិច្ច។ ជាញឹកញយ ស្បែកស្ងួតជាអាការៈដែលលេចឡើងដំបូងបំផុតនៃកង្វះជាតិទឹកក្នុងរាងកាយដែលបង្កបញ្ហាគួរឱ្យព្រួយបារម្ភផ្សេងៗ។ លើសពីនេះទៅទៀត កង្វះជាតិទឹកមានន័យថា កង្វះញើស ជាហេតុបណ្ដាលឱ្យយរាងកាយអសមត្ថភាពក្នុងការសម្អាតភាពកង្វក់ និងប្រេងដែលបានប្រមូលផ្ដុំ។
៤. ស្ងួតភ្នែក
ការទទួលទានទឹកមិនត្រឹមតែជះឥទ្ធិពលតែលើមាត់, បំពង់ក និងស្បែករបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែរួមទាំងភ្នែកផងដែរ។ ការទទួលទានទឹកមិនបានគ្រប់គ្រាន់អាចបណ្ដាលឱ្យភ្នែកប្រែជាស្ងួត និងក្រហម។ ហើយកង្វះនៃជាតិទឹកក្នុងរាងកាយ ក៏ប៉ះពាល់ដល់ក្រពេញទឹកភ្នែកផងដែរ។
៥. សម្ពាធឈាមធ្លាក់ចុះទាប
រាងកាយត្រូវការជាតិទឹកគ្រប់គ្រាន់ជាចាំបាច់ដើម្បីរក្សាបរិមាណឈាមប្រក្រតី។ ប្រសិនបើអ្នករក្សាបាននូវបរិមាណឈាមប្រក្រតី នោះសម្ពាធឈាមក៏អាចស្ថិតក្នុងកម្រិតធម្មតាផងដែរ។ ប៉ុន្តែក្នុងករណីអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ឬមិនអាចរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយទេ នោះបរិមាណឈាមនឹងធ្លាក់ចុះ ហើយនេះជាមូលហេតុចម្បងនាំឱ្យសម្ពាធឈាមធ្លាក់ចុះដូចគ្នា។ ដូច្នេះដើម្បីជាការប្រសើរ ត្រូវប្រាកដថាអ្នកទទួលទានទឹកបានច្រើនគ្រប់គ្រាន់ជាប្រចាំ។
៦. ឈឺសន្លាក់
ឆ្អឹងខ្ចី និងឆ្អឹងខ្នងបានបង្កើតឡើងពីជាតិទឹកប្រមាណ ៨០ ភាគរយ។ ទឹក គឺចាំបាច់ណាស់ក្នុងការរក្សាឆ្អឹងពីការសង្កៀតគ្នានៅពេលយើងធ្វើចលនា។ ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់ទេនោះ អ្នកនឹងជួបប្រទះបញ្ហាឈឺសន្លាក់ជាក់ជាមិនខានក្រោយពេលចលនាភ្លាមៗដូចជា រត់ ឬលោត។
៧. បញ្ហាប្រព័ន្ធរំលាយអាហារ
ទឹកជួយសម្រួលដល់ដំណើរការមុខងារនៃប្រព័ន្ធរំលាយអាហារ។ ប្រសិនបើអ្នកទទួលទានទឹកមិនបានគ្រប់គ្រាន់នោះបរិមាណនៃជាតិរំអិលក្នុងក្រពះត្រូវកាត់បន្ថយដែលបណ្ដាលឱ្យអាស៊ីតក្រពះអាចបង្កប៉ះពាល់ខ្លាំងដល់ផ្នែកខាងក្នុងនៃរាងកាយដូចជា ក្រហាយទ្រូង និងពិបាករំលាយអាហារ។
៨. អស់កម្លាំង
នៅពេលរាងកាយជួបប្រទះបញ្ហាខ្សោះជាតិទឹកនោះវានឹងខ្ចីជាតិទឹកពីឈាម ហើយកង្វះជាតិទឹកក្នុង
ឈាមនាំឱ្យខ្វះអុកស៊ីសែនដែលត្រូវបាននាំយកទៅក្នុងរាងកាយ។ កង្វះនៃអុកស៊ីសែនក្នុងរាងកាយនឹងបណ្ដាលឱ្យងងុយគេង ហើយអស់កម្លាំង។ ដូច្នេះប្រសិនបើអ្នកមានអារម្មណ៍ងងុយគេង និងអស់កម្លាំង ចូរទទួលទានទឹកមួយកែវភ្លាម។
៩. ឈឺរមួលសាច់ដុំ
សាច់ដុំត្រូវការជាតិទឹកដើម្បីដំណើរការមុខងារបានប្រសើរ និងត្រឹមត្រូវ។ ប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនជាង ១ កែវក្នុងមួយថ្ងៃ នោះអ្នកកំពុងធ្វើឲ្យសាច់ដុំបាត់បង់នូវអ្វីដែលវាត្រូវការហើយ។ ជាលទ្ធផល អ្នកនឹងជួបប្រទះការឈឺចាប់រមួលសាច់ដុំ និងខ្សោយសាច់ដុំផងដែរ។
១០. ទល់លាមក
ផលប៉ះពាល់ទូទៅបំផុតនៃការទទួលទានទឹកមិនបានគ្រប់គ្រាន់នោះ គឺទល់លាមក។ ជាពិសេស ប្រសិនបើរបបអាហាររបស់អ្នកគ្មានផ្ទុកសម្បូរទៅដោយជាតិសសៃ ហើយអ្នកចំណាយពេលអង្គុយយូរៗថែមទៀត។
១១. ឈឺក្បាល
ប្រសិនបើមិនទទួលទានទឹកប្រមាណ ២ លីត្រក្នុងមួយថ្ងៃជាប្រចាំទេនោះអ្នកប្រាកដជាងាយនឹងជួយប្រទះអាការៈឈឺក្បាលគួរឱ្យរំខាន។ នេះក៏ព្រោះតែខួរក្បាលត្រូវការជាតិទឹកដល់ទៅ ៧៥ ភាគរយ! ដូច្នេះប្រសិនបើអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ខួរក្បាលអាចនឹងប្រែជារួមតូចហើយត្រូវធ្វើការខ្លាំងច្រើនជាងមុខបង្កជាបញ្ហាឈឺក្បាលគួរឱ្យបារម្ភ។ ម្យ៉ាងវិញទៀតកង្វះជាតិទឹកក្នុងរាងកាយ គឺជាមូលហេតុទូទៅបំផុតមួយនៃអាការៈឈឺក្បាល។ ដូច្នេះដើម្បីជៀសផុតពីបញ្ហានេះចូរទទួលទានទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំ៕