ភាគច្រើននៃពួកយើងសុទ្ធតែបានដឹងហើយថា ទៀប គឺជាផ្លែឈើហូបផ្លែម្យ៉ាងដែលមានរសជាតិជូរអែមឆ្ញាញ់ និងសម្បូរណាស់នៅក្នុងប្រទេសកម្ពុជា។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) បើទោះជាស្គាល់ ហើយឧស្សាហ៍ទទួលទានក៏ដោយ ប៉ុន្តែអ្នកប្រហែលជាមិនបានចាប់អារម្មណ៍ដឹងទេថា ផ្លែឈើមួយនេះអាចផ្ដល់អត្ថប្រយោជន៍ល្អប្រសើរជាច្រើនចំពោះសុខភាព! ខាងក្រោមវេបសាយសុខភាពHealth.com.kh នឹងបង្ហាញឲ្យដឹងពីអត្ថប្រយោជន៍គួរឲ្យភ្ញាក់ផ្អើលនៃការទទួលទាន ផ្លែទៀប ចំពោះសុខភាពរាងកាយ ៖

១. ទប់ស្កាត់ជំងឺហឺត

ប្រសិនបើអ្នកកំពុងទទួលរងបញ្ហានៃជំងឺហឺតនោះ ផ្លែទៀប គឺជាជម្រើសនៃអាហារដ៏ល្អសម្រាប់អ្នក ក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មមួយប្រភេទជួយក្នុងការកាត់បន្ថយហានិភ័យនៃជំងឺហឺត ក៏ដូចជាសម្រាលអាការៈនៃជំងឺនេះផងដែរ។

២. កាន់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ

ជាតិសសៃ គឺមានឥទ្ធិពលបំផុតក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អ និងទប់ស្កាត់មិនឲ្យកើតមានបញ្ហាស្ទះសសៃឈាម។ ហើយផ្លែទៀប ជាប្រភពដ៏ប្រសើរនៃជាតិសសៃ រួមទាំងវីតាមីន niacin ដែលជួយក្នុងការបង្កើនកូឡេស្តេរ៉ូល ឬជាតិខ្លាញ់ល្អក្នុងរាងកាយ។

៣. ពង្រឹងសុខភាពបេះដូង

ថាតើផ្លែទៀបល្អចំពោះសុខភាពបេះដូងយ៉ាងដូចម្ដេចទៅ? នោះក៏ព្រោះតែវាមានផ្ទុកសម្បូរទៅដោយវីតាមីន B។ វីតាមីនប្រភេទនេះមានប្រសិទ្ធិភាពជួយទប់ស្កាត់ការកកើតឡើងនូវសារធាតុអាស៊ីតអាមីណូ  homocysteine។ ការកើនឡើងខ្ពស់នៃកម្រិតអាស៊ីតអាមីណូមួយនេះ គឺផ្សារភ្ជាប់ទៅនឹងហានិភ័យនៃជំងឺបេះដូង និងជំងឺដាច់សសៃឈាមខួរក្បាល។

៤. សម្បូរទៅដោយវីតាមីន C 

វីតាមីន C ជួយក្នុងការរក្សាបាននូវសុខភាពឆ្អឹង, សាច់ដុំ និងសសៃឈាម រឹងមាំ។ លើសពីនេះទៅទៀត វីតាមីននេះ ក៏ទប់ស្កាត់ជំងឺផ្ដាសាយ និងជួយឲ្យជំងឺនេះឆាប់ជាទាំងចំពោះមនុស្សពេញវ័យ និងកុមារ។

៥. ជួយបង្កើនថាមពលភ្លាមៗដល់រាងកាយ

មានអារម្មណ៍ថាអស់កម្លាំងមែនទេ? សាកល្បងទទួលទានផ្លែទៀប ដោយផ្លែឈើនេះ គឺមានផ្ទុកសម្បូរទៅដោយសារធាតុ thiamin ដែលជាសារធាតុចិញ្ចឹមចាំបាច់មួយជួយបំលែងជាតិស្ករទៅជាថាមពល។

៦. ទប់ស្កាត់បញ្ហាសម្រាលកូនមុនកំណត់

ជាតិទង់ដែងចាំបាច់ដែលរាងកាយស្ត្រីត្រូវការកំឡុងពេលមានផ្ទៃពោះ គឺ ១០០ មីលីក្រាម ហើយផ្លែទៀប ជាប្រភពដ៏ប្រសើរនៃជាតិរ៉ែនេះ។ ជាតិទង់ដែងមានលក្ខណៈសម្បត្តិពិសេសក្នុងការបង្កើនកម្រិតនៃអេម៉ូក្លូប៊ីន ដូច្នេះហើយទើបវាទប់ស្កាត់បញ្ហានៃការសម្រាលកូនមុនពេលកំណត់។ លើសពីនេះទៅទៀត ផ្លែទៀប ក៏ជួយក្នុងដំណើរការនៃការលូតលាស់នៃស្បែក, សសៃពួរ និងសសៃឈាម ក្នុងគភ៌ផងដែរ៕