ការសិក្សាថ្មីមួយរកឃើញថា សិស្សអាយុពី ៩ ទៅ ១៤ឆ្នាំ ដែលចូលរួមលេងកីឡាច្រើន មិនងាយនឹងចាប់ផ្តើមជក់បារីដូចកុមារផ្សេងនោះទេ។
ប៉ុន្តែសិស្សដែលមានមិត្តរួមក្រុមដែលជក់បារីងាយនឹងជក់បារីដូចជាមិត្តរបស់ពួកគេដែរ។ ឥទ្ធិពលនៃមិត្តភក្តិនេះកើតឡើងចំពោះក្មេងស្រីច្រើនជាង។
អ្នកដឹកនាំការសិក្សា កាយ៉ូ ហ្វូជីម៉ូតុ (Kayo Fujimoto) ដែលបានធ្វើការស្រាវជ្រាវក្នុងពេលដែលនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ាប៉ែកខាងត្បូង បាននិយាយថា “លទ្ធផលនេះណែនាំថាមិត្តក្នុងក្រុមកីឡាមានឥទ្ធិពលលើការជក់បារីរបស់អ្នកដទៃ”។
ក្រុមអ្នកស្រាវជ្រាវបានសួរសិស្សថ្នាក់ទី ៦ ដល់ទី ៨ ចំនួន ១.២៦០នាក់ ពីការជក់បារីរបស់ពួកគេ។ កុមារទាំងនេះរស់នៅក្នុងគ្រួសារមធ្យម នៅក្នុងទីក្រុងនិងមានពូជសាសន៍ខុសៗគ្នា។
ការសិក្សាបានរកឃើញថា កុមារលេងកីឡាកាន់តែច្រើន ពួកគេនឹងងាកទៅរកការជក់បារីកាន់តែតិច។
ក្រុមអ្នកស្រាវជ្រាវណែនាំថា ការរកឃើញរបស់ពួកគេអាចប្រើដើម្បីជួយកម្មវិធីប្រឆាំងនឹងការជក់បារីដែលយកកុមារធ្វើជាគោលដៅ។