ស្ត្រីមានផ្ទៃពោះងាយនឹងប្រឈមមុខជាមួយហានិភ័យនៃជំងឺឬសដូងបាតណាស់ដោយសារការកើនឡើងនូវសម្ពាធឈាម, កម្រិតនៃអ័រម៉ូន progesterone ឡើងខ្ពស់ និងទល់លាមក។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាកុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះទប់ស្កាត់ហានិភ័យនៃជំងឺឬសដូងបាតចំពោះស្ត្រីមានផ្ទៃពោះ ៖
១. បង្កើនការទទួលទានអាហារសម្បូរជាតិសសៃ
ការទល់លាមកជាអ្វីមួយដែលបង្កើនហានិភ័យនៃជំងឺឬសដូងបាតចំពោះស្ត្រីមានផ្ទៃពោះ។ ហើយមួយក្នុងចំណោមគន្លឹះដ៏ងាយបំផុតសម្រាប់ទប់ស្កាត់ជំងឺទល់លាមក គឺតាមរយៈការទទួលទានអាហារសម្បូរជាតិសសៃ។ បន្លែផ្លែឈើជាប្រភពដ៏ប្រសើរបំផុតនៃជាតិសសៃ។
២. ទទួលទានទឹកឱ្យបានច្រើន
ត្រូវប្រាកដថាអ្នកទទួលទានទឹកបានច្រើនគ្រប់គ្រាន់ប្រមាណ ២លីត្រក្នុងមួយថ្ងៃ។ ការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់អាចជួយទប់ស្កាត់អាការៈទល់លាមកកាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាតកំឡុងពេលមានផ្ទៃពោះ។
៣. ទទួលទានទឹកផ្លែព្រូនស្រស់
ប្រសិនបើអ្នកមិនចង់ឱ្យជំងឺឬសដូងបាតធ្វើទុក្ខអ្នក ចូរប្រាកដថាអ្នកអាចទប់ស្កាត់អាការៈទល់លាមកបាន។ មិនពិបាកឡើយ! អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែឧស្សាហ៍ទទួលទានទឹកផ្លែព្រូនស្រស់មុនពេលចូលគេង។ ប្រសិនបើអ្នកមិនជឿជាក់ថាអាចទប់ស្កាត់អាការៈទល់លាមកបាន អ្នកអាចពិគ្រោះជាមួយគ្រូពេទ្យជំនាញដើម្បីអាចប្រើប្រាស់ថ្នាំគ្រាប់ជាតិសសៃ ឬបន្ទន់លាមក។
៤. កុំពន្យារពេលប្រើប្រាស់បន្ទប់ទឹក
នៅពេលមានអារម្មណ៍ចង់ចូលបន្ទប់ទឹកបត់ជើង កុំទ្រាំ! ឆាប់ទៅភ្លាម។ ការពន្យារពេល ឬទ្រាំមិនទៅបត់ជើងអាចបណ្ដាលឱ្យទល់លាមកដែលបង្កើនហានិភ័យនៃជំងឺឬសដូងបាត។
៥. រក្សាឱ្យបាននូវភាពសកម្មនៃរាងកាយ
កំឡុងពេលមានផ្ទៃពោះ អ្នកក៏ចាំបាច់រក្សាឱ្យបាននូវភាពសកម្មនៃរាងកាយដើម្បីចៀសផុតពីបញ្ហាផ្សេងៗ។ ការរក្សាឱ្យបាននូវភាពសកម្មនៃរាងកាយ គឺជាវិធីដ៏ប្រសើរបំផុតដើម្បីប្រាកដថាប្រព័ន្ធរំលាយអាហាររបស់អ្នកអាចដំណើរការមុខងារបានត្រឹមត្រូវប្រក្រតីកាត់បន្ថយហានិភ័យនៃជំងឺឬសដូងបាត។
៦. ចៀសវាងអង្គុយ ឬឈរយូរពេក
ដោយសារគភ៌ក្នុងផ្ទៃដាក់សម្ពាធលើផ្នែកខាងក្រោមនៃរាងកាយ ក្នុងន័យនេះអ្នកចាំបាច់ត្រូវចៀសវាងការឈរ ឬអង្គុយសម្រាប់រយៈពេលយូរៗពេកដើម្បីទប់ស្កាត់ហានិភ័យនៃជំងឺឬសដូងបាតកុំឱ្យកើតឡើង៕