ការសិក្សាថ្មីមួយបង្ហាញថា ការព្យាបាលដោយប្រើវីតាមីន D មិនអាចជួយសុខភាពបេះដូងរបស់អ្នកជំងឺក្រលៀនរ៉ាំរ៉ៃឱ្យល្អប្រសើរបានឡើយ។
ការព្យាបាលដោយប្រើវីតាមីន D គឺប្រើសម្រាប់ជួយដល់សុខភាពឆ្អឹង ប៉ុន្តែវាក៏ត្រូវបានណែនាំឱ្យប្រើសម្រាប់ករណីផ្សេងទៀតដូចជាជំងឺសរសៃឈាមបេះដូង។ ប៉ុន្តែវាមិនមានទិន្នន័យគ្រប់គ្រាន់ដែលបង្ហាញថាវីតាមីន D ជួយឱ្យសុខភាពបេះដូងមានភាពប្រសើរឡើងវិញនោះទេ។
វេជ្ជបណ្ឌិត រ៉ាវី ថាហានី (Ravi Thadhani) និងក្រុមការងារបានសម្គាល់ថា ការសិក្សាសង្កេតលើករណីនេះបានរាយការណ៏ពីទំនាក់ទំនងរវាងកង្វះវីតាមីន D និងការកើនឡើងនៃហានិភ័យបញ្ហាសរសៃឈាមបេះដូងចំពោះអ្នកជំងឺក្រលៀនរ៉ាំរ៉ៃ។
ដើម្បីស្រាវជ្រាវពីប្រសិទ្ធភាពនៃការព្យាបាលដោយប្រើវីតាមីន D ក្រុមអ្នកស្រាវជ្រាវបានធ្វើការពិសោធន៍លើអ្នកជំងឺក្រលៀនចំនួន ២២៧នាក់ ដែលមានបញ្ហាបេះដូងដែលទាក់ទងទៅនឹងការពង្រីកនៃជាលិកាសាច់ដុំក្នុងជញ្ជាំងបេះដូងនៃប្រអប់បូមឈាមធំរបស់បេះដូង។
សមាសភាគ paricalcitol (Zemplar) របស់វីតាមីន D ត្រូវបានផ្តល់ឱ្យអ្នកជំងឺ ១១៥នាក់ ហើយអ្នកជំងឺ ១១២នាក់ផ្សេងទៀត ត្រូវបានឱ្យប្រើថ្នាំសាកល្បងមិនសកម្ម។
ក្រោយពីធ្វើការព្យាបាលបាន ៤៨សប្តាហ៍ មិនមានក្រុមណាមួយដែលបង្ហាញថាមានភាពល្អប្រសើរនៃរចនាសម្ព័ន្ធឬដំណើរការបេះដូងឡើយ។ ក្រុមទាំងពីរក៏មានអត្រានៃការចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យប្រហាក់ប្រហែលគ្នាមិនថាដោយសារមូលហេតុអ្វីនោះទេ ប៉ុន្តែក្រុមអ្នកប្រើវីតាមីន D ចូលសម្រាកមន្ទីរពេទ្យដោយសារបញ្ហាទាក់ទងនឹងជំងឺសរសៃឈាមបេះដូងមានចំនួនតិចជាងចំពោះអ្នកប្រើថ្នាំសាកល្បង (១ ទល់នឹង ៨)។
វេជ្ជបណ្ឌិត ស្តេហ្វេន អេនខើរ (Stefan D. Anker) និង ស្តេហ្វេន ហែលីង (Stephan von Haehling) នៃ Charite Campus Virchow-Klinikum នៃទីក្រុងប៊ែឡាំង (Berlin) ប្រទេសអាល្លឺម៉ង់ បាននិយាយថា “ក្នុងពេលនេះ paricalcitol នៅមិនទាន់អាចណែនាំឱ្យអ្នកជំងឺក្រលៀនរ៉ាំរ៉ៃប្រើនោះទេ”។