ការសិក្សថ្មីមួយណែនាំថា ការលែងលះនៅវ័យក្មេងបង្ករឱ្យមានគ្រោះថ្នាក់ច្រើនដល់សុខភាពជាងការលែងលះនៅក្នុងវ័យចំណាស់ នេះប្រហែលជាដោយសារតែមនុស្សចាស់មានជំនាញប្រឈមមុខនឹងបញ្ហាច្រើនជាងក្នុងការដោះស្រាយជាមួយនឹងស្ត្រេសនៃការលែងលះ។
សង្គមវិទូ Hui Liu នៅសាកលវិទ្យាល័យ Michigan បានធ្វើការវិភាគលើសុខភាពរបស់មនុស្ស ១.២៨២នាក់ ដែលបានចូលរួមក្នុងការស្ទង់មតិជាតិរយៈវែងហៅថា ជីវិតផ្លាស់ប្តូររបស់ប្រជាជនអាមេរិក។ គាត់បានប្រៀបធៀបសុខភាពរបស់អ្នកដែលរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ក្នុងរយៈពេល ១៥ឆ្នាំនៃការសិក្សានេះ និងអ្នកដែលលែងលះ។
ក្នុងចំណោមអ្នកដែលកើតក្នុងកំឡុងទសវត្សរ៍ទី ៥០ អ្នកដែលលែងលះនៅចន្លោះអាយុពី ៣៥ ទៅ ៤១ឆ្នាំ មានបញ្ហាសុខភាពច្រើនជាងអ្នកដែលលែងលះនៅចន្លោះអាយុពី ៤៤ ទៅ ៥០ឆ្នាំ។ ក្រុមទាំងពីរមានបញ្ហាសុខភាពច្រើនជាងអ្នកដែលរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍។
សង្គមវិទូ Liu បាននិយាយថា “ខ្ញុំសង្ឃឹមទុកមុនថាការលែងលះអាចនឹងធ្វើឱ្យកម្រិតស្តេសទាបក្នុងចំណោមមនុស្សវ័យក្មេង ព្រោះការលែងលះច្រើនកើតឡើងចំពោះពួកគេ ប៉ុន្តែវាបែរជាងផ្ទុយពីការគិតរបស់ខ្ញុំទៅវិញ”។
ដោយសារតែសម្ពាធនៃអាពាហ៍ពិពាហ៍និងការរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍មានកម្រិតខ្លាំងក្នុងចំណោមមនុស្សចាស់ អ្នកដែលលែងលះប្រហែលជាបានរស់នៅក្នុងជីវិតអាពាហ៍ពិពាហ៍ដែលមិនសប្បាយចិត្តបំផុត ហើយមានអារម្មណ៍ធូរស្បើយនៅពេលដែលជីវិតអាពាហ៍ពិពាហ៍បានបញ្ចប់។
សរុបមក អ្នកដែលលែងលះក្នុងកំឡុងពេលសិក្សាមានបញ្ហាសុខភាពច្រើនជាងអ្នកដែលមិនលែងលះ។ ប៉ុន្តែសុខភាពអ្នកដែលរស់នៅក្នុងស្ថានភាពលែងលះពេញមួយរយៈពេលសិក្សាមិនមានភាពខុសគ្នាជាងអ្នកដែលមិនលែងលះនោះទេ។
សង្គមវិទូ Liu និយាយថា “វាអាចណែនាំថា វាមិនមែនមកពីការលែងលះឬការនៅជាមួយគ្នាដែលប៉ះពាល់ដល់សុខភាពនោះទេ ប៉ុន្តែជំនួសទៅវិញវាគឺដោយសារដំណើរការនៃការផ្លាស់ប្តូរពីការរៀបការទៅការលែងលះដែលបង្ករភាពតានតឹងនិងប៉ះពាល់ដល់សុខភាព”។