ការស្រាវជ្រាវថ្មីណែនាំថា ការហាត់ប្រាណក្នុងវ័យក្មេងជំទង់អាចជួយបង្កើនវិសាលភាពនៃឆ្អឹង។
ក្រុមអ្នកស្រាវជ្រាវបានមើលទៅលើកម្រិតសកម្មភាពរបស់បុរសស្វីសជាង ៨០០នាក់ ដែលមានអាយុពី ១៩ ទៅ ២៤ឆ្នាំ ហើយបានរកឃើញថា អ្នកដែលបង្កើនសកម្មភាពរបស់ពួកគេក្នុងរយៈពេលនោះក៏បង្ហាញឱ្យឃើញពីការកើនឡើងនៃវិសាលភាពរបស់ឆ្អឹងត្រគាក ដៃ ជើងផ្នែកខាងក្រោម និងឆ្អឹងឆ្នងផងដែរ។
ការសិក្សាចេញផ្សាយដោយមហាវិទ្យាល័យ Gothenburg បានឱ្យដឹងថា បុរសវ័យក្មេងដែលមានសកម្មភាពធ្លាក់ចុះក្នុងកំឡុងពេលនោះមានឆ្អឹងងាយស្រួលនឹងផុយស្រួយ។
ការពង្រឹងការវិវត្តន៍នៃឆ្អឹងដែលកើតឡើងក្នុងកំឡុងពេលវ័យកុមារនិងចូលទៅដល់វ័យក្មេងជំទង់ អាចកាត់បន្ថយហានិភ័យនៃភាពផុយស្រួយនៃឆ្អឹងនៅថ្ងៃអនាគត។
អ្នកស្រាវជ្រាវ Mattias Lorentzon នៃមជ្ឈមណ្ឌល Sahlgrenska នៃផ្នែកស្រាវជ្រាវឆ្អឹងនិងជំងឺសន្លាក់ បាននិយាយថា “បុរសដែលបង្កើនឬមានសកម្មភាពកីឡាកម្រិតខ្ពស់ ក៏អាចវិវត្តន៍ឆ្អឹងនៅត្រង់ដៃនិងជើងផ្នែកខាងក្រោមឱ្យធំនិងក្រាស់បានដែរ។ ការរកឃើញនេះណែនាំថា ការហាត់ប្រាណឬបង្កើនសកម្មភាពកីឡា អាចជួយដល់ការលូតលាស់នៃឆ្អឹងឱ្យកាន់តែប្រសើរឡើង ដែលប្រហែលជាកាត់បន្ថយគ្រោះថ្នាក់ភាពផុយស្រួយនៃឆ្អឹងទៅថ្ងៃអនាគតបានផងដែរ”។