ការសិក្សាថ្មីមួយដាស់តឿនថា ស្ត្រីដែលលើសទម្ងន់និងជក់បារីក្នុងពេលមានគភ៌អាចបំផ្លាញការវិវត្តន៍បេះដូងរបស់ទារកពួកគេ។
ក្រុមអ្នកស្រាវជ្រាវហុឡង់បានពិនិត្យមើលគត៌និងទារកជិត ៨០០នាក់ ដែលមានបញ្ហាបេះដូងដែលបណ្តាលមកពីខូចទ្រង់ទ្រាយពីកំណើត ប៉ុន្តែមិនមានការខូចទ្រង់ទ្រាយពីកំណើតផ្សេងទៀតនោះទេ នៅចន្លោះឆ្នាំ ១៩៩៧ ដល់ ២០០៨។ ក្រុមនេះបានប្រៀបធៀបជាមួយនឹងគភ៌និងទារកជាង ៣០០នាក់ទៀត ដែលមានភាពមិនប្រក្រតីនៃក្រូម៉ូសូម ប៉ុន្តែមិនមានបញ្ហាបេះដូងនោះទេ។
លទ្ធផលបានបង្ហាញថា ស្ត្រីដែលលើសទម្ងន់ (BMI យ៉ាងតិច ២៥) និងជក់បារី ក្នុងពេលមានគភ៌ មានអត្រាងាយនឹងមានកូនមានជំងឺបេះដូងដោយសារការខូចទ្រង់ទ្រាយពីកំណើតច្រើនជាងស្ត្រីដែលគ្រាន់តែជក់បារីឬលើសទម្ងន់ក្នុងពេលមានគភ៌ដល់ទៅ ២,៥ដង។
ក្រុមអ្នកស្រាវជ្រាវក៏បានរកឃើញថា ទារកដែលកើតពីម្តាយលើសទម្ងន់ដែលជក់បារីក្នុងពេលមានគភ៌ មានគ្រោះថ្នាក់កើនឡើងដល់ទៅបីដងនៃភាពមិនប្រក្រតីនៃលំហូរឈាមពីប្រអប់បេះដូងខាងក្រោមទៅកាន់សរសៃអាទែសួតត្រូវបានកាត់បន្ថយឬមានការរាំងស្ទះ។
វេជ្ជបណ្ឌិត ម៉ារៀន បាកឃើរ (Marian Bakker) និងក្រុមការងារ និយាយថា “លទ្ធផលទាំងនេះបង្ហាញថា ការជក់បារីនិងលើសទម្ងន់ក្នុងពេលមានគភ៌ប្រហែលជាមានទាក់ទងនឹងមូលហេតុនៃបញ្ហាបេះដូងដោយសារការខូចទ្រង់ទ្រាយពីកំណើត”។
ការរកឃើញនេះបន្ថែមទៅលើភស្តុតាងជាច្រើនដែលមានស្រាប់ថាការជក់បារីនិងលើសទម្ងន់ក្នុងពេលមានគភ៌មានទាក់ទងនឹងបញ្ហាដូចជា រលូតកូននិងការកើតកូនដែលស្លាប់ក្នុងពោះ ការរារាំងការលូតលាស់ និងការសម្រាលកូនមុនពេល។
ភាពមិនប្រក្រតីនៃបេះដូងដែលជាបញ្ហាដ៏សម្បូរមួយនៃបញ្ហាការខូចទ្រង់ទ្រាយពីកំណើត បានប៉ះពាល់ដល់ទារកប្រហែលជា ៨ ក្នុងចំណោម ១.០០០នាក់។