ជើងស្ងួតប្រេះជាសញ្ញាមួយនៃការថែទាំប្រអប់ជើងមិនបានត្រឹមត្រូវ និងកង្វះជាតិសំណើម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ? ) បញ្ហាប្រេះកែងជើងក៏អាចបណ្ដាលមកពីស្ថានភាពសុខភាព (ដូចជាអ្នកជំងឺទឹកនោមផ្អែម, អ្នកដែលជួបប្រទះបញ្ហាកង្វះជាតិស័ង្កសី និងអាស៊ីតខ្លាញ់អូមេហ្គា ៣) ផងដែរ។ ការប្រេះកែងជើងមិនត្រឹមតែបង្កការខូចខាតដល់ស្បែកនៃប្រអប់ជើងប៉ុណ្ណោះទេ ប៉ុន្តែពេលខ្លះក៏បណ្ដាលឱ្យរមាស់ ឈឺចាប់ ឡើងក្រហម រលាក និងធ្វើឱ្យបាក់តេរីងាយនឹងជ្រាបចូលក្នុងរាងកាយផងដែរ។ ទោះជាយ៉ាងណា កុំបារម្ភពេក! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តបែបធម្មជាតិងាយៗ ប៉ុន្តែមានប្រសិទ្ធិភាពខ្ពស់ដោះស្រាយបញ្ហាស្បែកជើងស្ងួតប្រេះ ៖
១. ជីវ៉ាន់ស៊ុយ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែចិញ្ច្រាំជីវ៉ាន់ស៊ុយមួយចំនួនឱ្យម៉ដ្ឋ រួចចាក់ចូលក្នុងទឹកក្ដៅឧណ្ហៗមួយធុង។ បន្ទាប់មកដាក់ត្រាំជើងក្នុងទឹកនេះសម្រាប់រយៈពេល ៣០នាទី។ អនុវត្តសារឡើងវិញជាប្រចាំ។
២. ប្រេងដើមតែ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយប្រេងដើមតែពី ២ ទៅ ៣ដំណក់ក្នុងទឹកក្ដៅឧណ្ហៗមួយធុងសម្រាប់ត្រាំជើង។ កូរឱ្យសព្វ សឹមត្រាំជើងក្នុងទឹកល្បាយរហូតដល់ស្បែកកែងជើងដែលក្រិនប្រេះប្រែជាទន់។ ទោះជាយ៉ាងណាមិនគួរត្រាំលើសពី ១៥នាទីឡើយ! ប្រេងដើមតែមានលក្ខណៈខ្លាំងដែលអាចបង្កការខូចខាតដល់ស្បែកប្រសិនបើអ្នកត្រាំជើងយូរពេក។
៣. ទឹកខ្មេះផ្លែប៉ោម
លាយទឹកខ្មេះផ្លែប៉ោម ១ភាគ ជាមួយទឹកក្ដៅឧណ្ហៗ ៤ភាគ។ កូរឱ្យសព្វ សឹមចាក់ចូលធុងមួយនិងដាក់ត្រាំជើងសម្រាប់រយៈពេល ២០នាទី។ បន្ទាប់ពីដកជើងចេញពីធុងទឹក ចូរប្រើប្រាស់ថ្មខាត់ដុសត្រង់ស្បែកជើងដែលប្រេះក្រិនថ្នមៗ។
៤. ចេកនិងផ្លែបឺរ
កិនចេកទុំ ១ផ្លែ ជាមួយសាច់ផ្លែបឺរម្ខាងឱ្យម៉ដ្ឋក្លាយជាល្បាយខាប់។ លាបល្បាយនេះលើស្បែកកែងជើង និងរងចាំសម្រាប់រយៈពេល ២០នាទី។ លាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។ អនុវត្តសារឡើងវិញជាប្រចាំរហូតដល់ស្បែកជើងដែលស្ងួតប្រេះជាសះស្បើយ។
៥. ក្រូចឆ្មារ
ជាតិអាស៊ីតនៃក្រូចឆ្មារអាចជួយធ្វើឱ្យស្បែកទន់ និងកាត់បន្ថយការប្រេះកែងជើង។ អ្វីដែលអ្នកត្រូវធ្វើ គឺត្រាំប្រអប់ជើងក្នុងទឹកក្ដៅឧណ្ហៗសម្រាប់រយៈពេល ១៥ នាទី ឬលើសនេះ។ បន្ថែមទឹកក្រូចឆ្មារស្រស់បន្តិចចូលក្នុងទឹក ហើយដុសក្រូចលើបាត់ជើងដើម្បីខាត់ស្បែក។ អ្នកអាចប្រើប្រាស់ថ្មខាត់ជំនួសផ្លែក្រូចដើម្បីកម្ចាត់កោសិកាស្បែកងាប់ៗ។
៦. ទឹកខ្ពុរមាត់
ទឹកខ្ពុរមាត់អាចបន្ទន់ស្បែកងាប់ៗលើបាតជើង ពិសេសកែងជើង និងធ្វើឱ្យស្រួលដុសខាត់ចេញ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកខ្ពុរមាត់ ១ ពែងជាមួយទឹកខ្មេះពណ៌ស ១ ពែង និងទឹកធម្មតា ២ ពែង ចូលគ្នា។ កូរឱ្យសព្វ សឹមត្រាំជើងក្នុងល្បាយសម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ បន្ទាប់មកប្រើប្រាស់ថ្មខាត់ដុសសម្អាតកែងជើងថ្នមៗ។ លាងសម្អាតជើងចេញជាមួយទឹកក្ដៅឧណ្ហៗនិងប្រើកន្សែងស្អាតជូតផ្ដិតជើងឱ្យស្ងួត សឹមលាបផលិតផលផ្ដល់សំណើមជាការស្រេច។
៧. ចេក
កិនផ្លែចេកទុំ ២ ផ្លែឱ្យម៉ដ្ឋក្លាយជាល្បាយខាប់ៗ។ ដុសល្បាយលើកែងជើង ឬអាចលាបពេញប្រអប់ជើង។ បន្ទាប់មកទុកចោលសម្រាប់រយៈពេល ២០ នាទី។ លាងសម្អាតជើងចេញជាមួយទឹកស្អាត។ អនុវត្តឱ្យបានរាល់យប់មុនពេលចូលគេងសម្រាប់រយៈពេល ២ សប្តាហ៍ ឬរហូតដល់អ្នកគាប់ចិត្តនឹងលទ្ធផល។
៨. ទឹកឃ្មុំ
បន្ថែមទឹកឃ្មុំ ១ ពែងក្នុងទឹកក្ដៅឧណ្ហៗបរិមាណសមល្មម។ កូរឱ្យសព្វ សឹមត្រាំជើងជាមួយទឹកល្បាយនិងម៉ាស្សាថ្នមៗសម្រាប់រយៈពេល ២០ នាទី។ ខាត់ស្បែកបាតជើងថ្នមៗដោយប្រើប្រាស់ថ្មខាត់។ លាងសម្អាតជើងចេញជាមួយទឹកស្អាត ជូតឱ្យស្ងួត សឹមប្រើប្រាស់ផលិតផលផ្ដល់សំណើមជាការស្រេច។ អនុវត្តជាប្រចាំមុនពេលចូលគេង៕