ក្នុងពេលមានផ្ទៃពោះ មានការប្រែប្រួលច្រើនណាស់ នៅក្នុងប្រព័ន្ធបេះដូងសរសៃឈាម អាចជាការធូរសរសៃឈាម និងរីកសរសៃឈាមកាន់តែធំ ដើម្បីជួយដល់ការបញ្ជូនជីវជាតិ ក៏ដូចជាចរន្តឈាម ទៅចិញ្ចឹមកូនក្នុងផ្ទៃ បេះដូងដើរកាន់តែលឿន ចំណុះឈាមនឹងត្រូវកើនឡើងទ្វេដង ដើម្បីបំពេញតម្រូវការទាំងម្តាយ និងកូន ហើយបេះដូង ក៏ត្រូវការច្របាច់ឈាម ឲ្យបានកាន់តែច្រើនទៀត ក្នុងរយៈពេលមួយនាទី។ រាល់សកម្មភាពទាំងនេះ នឹងធ្វើឲ្យការត្រឡប់ឈាម ចូលសរសៃឈាមវ៉ែនវិញ មានការយឺតយ៉ាវជាងមុន។ ដូច្នេះ សម្ពាធឈាមអាចនឹងថយចុះ ក្នុងពេលមានផ្ទៃពោះបាន។ ទោះបីជាយ៉ាងណាក៏ដោយ សម្ពាធឈាមរបស់ស្ត្រីមានផ្ទៃពោះ អាចនឹងធ្លាក់ចុះទាប តែអាចព្យាបាលបាន តាមរយៈការកែសម្រួលអេឡិចត្រូលីត្រក្នុងខ្លួន។
ទោះបីជាឈាមត្រឡប់ចូល ទៅក្នុងសរសៃឈាមវ៉ែនយឺតក៏ដោយ ក៏បេះដូង និងខួរក្បាលអាចមានសមត្ថភាពគ្រប់គ្រាន់ កែសម្រួលទៅលើការប្រែប្រួលទាំងនេះបាន។ នៅពេលវាត្រូវការ ពេលសម្របខ្លួននឹងការប្រែប្រួលនេះ ក៏ជាពេលវេលាដែលអ្នក មានអាការៈវិលមុខបណ្តោះអាសន្នដែរ។
សម្ពាធឈាម នឹងវិលមកធម្មតាវិញ នៅពេលដែលរាងកាយអាចកែប្រែ ឬសម្របខ្លួន នឹងការប្រែប្រួលរបស់អ័រម៉ូន និងសកម្មភាពធម្មតាក្នុងរាងកាយបាន។ យ៉ាងណាមិញ ការវិលមុខត្រូវតែរកឲ្យឃើញ បើសិនជាវា នៅតែបន្តជាបញ្ហាដល់អ្នក។ សម្រាប់ម្តាយគ្រប់រូប ដែលមានអាការៈវិលមុខ នៅពេលកូនក្នុងផ្ទៃអាយុចាប់ពី ៥ ខែទៅ គួរតែឲ្យពេទ្យពិនិត្យរកមើល ក្រែងមានជំងឺលើសសម្ពាធឈាម ដោយសារការមានផ្ទៃពោះ (Pregnancy-induced Hypertension)។ រឿងនេះច្រើនតែកើតមានជាញឹកញាប់ លើស្ត្រីដែលមានសមាជិកគ្រួសារ កើតជំងឺលើសសម្ពាធឈាម មានផ្ទៃពោះច្រើន ឬមានផ្ទៃពោះ ដោយការចាក់មេជីវិត។ នេះហើយគឺជាហេតុផលដែលថា ការវិលមុខជាប់រហូត ត្រូវតែរកឲ្យឃើញ ព្រោះវាអាចជាសញ្ញា របស់ជំងឺលើសសម្ពាធឈាម ឬការត្រៀមក្រឡាភ្លើង ហើយបើសិនជាមិនកំណត់រឿងនេះ ឲ្យទាន់ពេលវេលាទេ វាអាចបណ្តាលឲ្យកូនក្នុងផ្ទៃ មិនលូតលាស់គ្រប់គ្រាន់ ហូរឈាមក្នុងស្បូន ឬសម្រាលកូនមិនគ្រប់ខែទៀត៕