ការសិក្សាថ្មីមួយបានឱ្យដឹងថា ការផលិតអាំងស៊ុយលីនអាចបន្តបានរយៈពេលជាច្រើនទសវត្សរ៍ទៀតក្រោយពេលកើតមានជំងឺទឹកនោមផ្អែមប្រភេទ ១។
ក្រុមអ្នកស្រាវជ្រាវនៅមន្ទីរពេទ្យ Massachusetts បាននិយាយថា ការរកឃើញនេះបានបន្ថែមទៅលើភស្តុតាងដែលមានស្រាប់ជាច្រើនថា រយៈពេលនៃពេលវេលាព្យាបាលក្រោយពេលកើតមានជំងឺគឺយូរជាងការស្មានទុកពីមុន។
វេជ្ជបណ្ឌិត ដេនីស ហ្វូសមេន (Denise Faustman) បាននិយាយថា “វាធ្លាប់បានត្រូវគេគិតថាដំណើរការកោសិកាបែតា (កោសិកាផលិតអាំងស៊ុយលីនក្នុងលំពែង) នឹងផ្អាកទាំងស្រុងនៅពេលដែលអ្នកជំងឺមានជំងឺទឹកនោមផ្អែមប្រភេទទី ១។ ប៉ុន្តែទិន្នន័យពីការសិក្សានេះនិងការសិក្សាផ្សេងទៀតបានបង្ហាញថា លំពែងនៅតែបន្តដំណើរការនៅក្នុងកម្រិតណាមួយ បើទោះបីជាក្រោយពេលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ យូរហើយក៏ដោយ”។
ក្រុមអ្នកស្រាវជ្រាវបានវិភាគគំរូឈាមពីអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ១ ចំនួន ១៨២នាក់ ហើយបានរកឃើញថា ការផលិត C-peptide អាចបន្តបានរយៈពេលដ៏យូរក្រោយពីមានជំងឺហើយនៅតែបន្តប្រតិកម្មទៅនឹងកម្រិតជាតិស្ករក្នុងឈាម។ C-peptide គឺជាកម្រិតនៃដំណើរការអាំងស៊ុយលីនឬកោសិកាបែតា។
កម្រិត C-peptide មានកម្រិតទាបក្នុងអ្នកជំងឺទឹកនោមផ្អែមប្រភេទទី ១ ក្នុងរយៈពេលយូរ ប៉ុន្តែមានការធ្លាក់ចុះជាលំដាប់ ហើយមិនមានការធ្លាក់ចុះខ្លាំងភ្លាមៗនោះទេ។
ទោះក្នុងចំណោមអ្នកជំងឺដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ រយៈពេល ៣១ ទៅ ៤០ឆ្នាំក៏ដោយ ក៏ ១០ភាគរយ នៅតែបន្តផលិត C-peptide ហើយដំណើរការនៃកោសិកាបែតានៅតែដដែល។
ក្រុមអ្នកស្រាវជ្រាវនិយាយថា ការសិក្សានេះណែនាំថា អ្នកជំងឺទឹកនោមផ្អែមប្រភេទទី ១ ដែលមានកម្រិត C-peptide ទាប អាចនឹងព្យាបាលបានដោយប្រើវិធីសាស្ត្រព្យាបាលថ្មីដើម្បីរក្សាឬជួយដំណើរការកោសិកាបែតា។