ចង់ឱ្យសក់ដុះលឿន និងក្រាស់បានឆាប់រហ័សតាមបែបធម្មជាតិមិនពិបាកឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ត្រូវធ្វើបែបណាទៅ? កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបែបធម្មជាតិពន្លឿនការលូតលាស់នៃសក់ ៖
១. ស៊ុត និងប្រេងអូលី
អ្វីដែលអ្នកត្រូវការ គឺស៊ុត ១ គ្រាប់ និងប្រេងអូលីវ ១ ស្លាបព្រាបាយ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយស៊ុតជាមួយប្រេងអូលីវដោយកូរវឹកឱ្យសព្វ។ ក្រោយពីកក់សម្អាតសក់ជាមួយសាប៊ូរួចរាល់ ចូរប្រើកន្សែងជូតផ្ដិតសក់ដើម្បីកុំឱ្យសើមខ្លាំងពេក បន្ទាប់មកសឹមលាបល្បាយលើសក់ ពិសេសត្រង់ចុងសក់។ រុំសក់ជាមួយកន្សែងស្ងួត ឬមួកផ្លាស្ទិកសម្រាប់ពាក់ងូតទឹកសម្រាប់រយៈពេលពី ១០ ទៅ ២០ នាទី (មិនត្រូវលើសពីនេះ) ។ លាងសម្អាតសក់ចេញឱ្យស្អាតសព្វ និងបន្តប្រើប្រាស់ក្រែមបន្ទន់សក់សម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតសក់ចេញម្ដងទៀតជាមួយទឹកធម្មតាជាការស្រេច។ អនុវត្តឱ្យបានមួយខែម្ដង និងមិនគួរលើសពីនេះឡើយ។
២. ម៉ាស្សាស្បែកក្បាល
ការធ្វើបែបនេះជួយរំញោចដល់ការលូតលាស់នៃសក់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែម៉ាស្សាស្បែកក្បាលខណៈពេលអ្នកកំពុងផ្សើមសក់។
៣. ប្រេងដូង
ជាដំបូងត្រូវកម្ដៅប្រេងដូងឱ្យក្ដៅឧណ្ហៗសិន បន្ទាប់មកសឹមលាបម៉ាស្សាប្រេងដូងលើស្បែកក្បាល។ កុំភ្លេចលាបលើសក់ពីគល់ទៅចុងផង។ ប្រើប្រាស់កន្សែងស្អាតរុំសក់ឱ្យជិតសម្រាប់រយៈពេល ៣០ នាទី។ កក់សម្អាតសក់ចេញជាមួយសាប៊ូដូចពេលធម្មជាតិជាការស្រេច។
៤. ទទួលទានអាហារសម្បូរប្រូតេអ៊ីន
ចូរបង្កើនការទទួលទានប្រូតេអ៊ីនប្រសិនបើអ្នកចង់ឱ្យសក់ដុះលឿនក្រាស់ជាងមុន។ ប្រូតេអ៊ីនថែមទាំងអាចជួយឱ្យសក់កាន់តែរឹងមាំនិងមានសុខភាពល្អជាងមុនផងដែរ។
៥. កុំរំលងផ្លែបឺរ
ផ្លែឈើនេះក៏ជាប្រភពដ៏ល្អនៃអាស៊ីតខ្លាញ់អូមេហ្កា ៣ និងវីតាមីន E ផងដែរ។ អាស៊ីតខ្លាញ់ល្អអាចជួយចិញ្ចឹមសក់ ហើយបង្កើនការលូតលាស់ធ្វើឱ្យសក់ដុះលឿនឆាប់ក្រាស់។ ក្រៅពីទទួលទានហើយនោះ អ្នក៏អាចលាបផ្លែបឺរដោយផ្ទាល់លើសក់និងស្បែកក្បាលដើម្បីជម្រុញការផលិតកូឡាជែននិងអេឡាស្ទីនដែលជាប្រូតេអ៊ីនចាំបាច់សម្រាប់សុខភាពស្បែកក្បាលល្អប្រសើរ៕