តែខ្មៅជាប្រភេទនៃតែដែលទទួលបានការពេញនិយមទទួលទានបំផុតមួយមកទល់នាពេលបច្ចុប្បន្ន។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នេះក៏ព្រោះតែ “តែខ្មៅ” ជាប្រភពដ៏ប្រសើរនៃសារធាតុចិញ្ចឹមចាំបាច់ជាច្រើន! បើប្រៀបធៀបទៅនឹងតែស តែអូឡុង និងតែបៃតង តែខ្មៅគឺមានអុកស៊ីតកម្មខ្ពស់ជាងដូច្នេះហើយទើបវាមានរសជាតិនិងអត្ថប្រយោជន៍ខុសគ្នាខ្លាំងពីតែផ្សេងទៀត។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីផលល្អៗ និងផលប៉ះពាល់នៃការទទួលទានតែខ្មៅរាល់ថ្ងៃប្រសិនបើទទួលទានច្រើនជាង ២ពែងក្នុងមួយថ្ងៃ ៖
- អត្ថប្រយោជន៍នៃការទទួលទានតែខ្មៅ
១. ទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែម
ការទទួលទានតែខ្មៅរាល់ថ្ងៃអាចជួយកាត់បន្ថយបរិមាណនៃជាតិស្ករក្នុងឈាមដែលទប់ស្កាត់ហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២បានយ៉ាងប្រសើរ។
២. ធ្វើឱ្យការរំលាយអាហារកាន់តែមានភាពប្រសើរឡើង
បញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារអាចបង្កភាពមិនស្រួលជាខ្លាំងពិសេសនៅពេលអាហារដែលអ្នកបានទទួលទានចូល គឺមិនត្រូវបានរំលាយត្រឹមត្រូវ។ គ្រាន់តែគិតដល់ហើមពោះ ចលនាពោះវៀនមិនល្អ និងច្រាលទឹកអាស៊ីតក្រពះក៏ពិបាកណាស់ទៅហើយ។ ទោះជាយ៉ាងណាកុំបារម្ភ! តែខ្មៅមានផ្ទុកសារធាតុ tannins ដែលនឹងជួយបំបាត់បញ្ហាប្រព័ន្ធរំលាយអាហារទាំងនេះ។
៣. អាចព្យាបាលបញ្ហារលាកស្បែកដោយសារពន្លឺព្រះអាទិត្យ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែដាំទឹកក្ដៅ ២ ពែងរួចឆុងតែខ្មៅ ៤ កញ្ចប់តូចៗក្នុងទឹកនេះសម្រាប់រយៈពេល ១ ម៉ោង សឹមទុកឱ្យចុះត្រជាក់។ បន្ទាប់មកប្រើប្រាស់ក្រណាត់ស្អាតមួយត្រាំ ឬជ្រលក់ក្នុងទឹកតែ ហើយស្អំលើស្បែកដែលទទួលរងផលប៉ះពាល់សម្រាប់រយៈពេល ១៥ នាទី។
៤. កាត់បន្ថយហានិភ័យនៃជំងឺពុកធ្មេញ
ការទទួលទានតែខ្មៅអាចជួយកម្ចាត់បាក់តេរីក្នុងមាត់និងចន្លោះធ្មេញ! ដូច្នេះអ្នកមិនចាំបាច់បារម្ភអំពីការកកើតនៃកំណកកំបោរជាប់ធ្មេញ បញ្ហាធ្មេញពុក ឬដង្កូវស៊ី និងសូម្បីតែបញ្ហាខ្យល់ដង្ហើមមិនល្អ។
៥. ជួយឱ្យស្រកទម្ងន់
តែបៃតងមិនមែនជាតែមួយមុខដែលមានប្រសិទ្ធភាពជួយឱ្យស្រកទម្ងន់នេះទេ ប៉ុន្តែតែខ្មៅក៏អាចផ្ដល់អត្ថប្រយោជន៍ដូចគ្នា! ការទទួលទានតែខ្មៅជួយពន្លឿនការដុតរំលាយអាហារក្នុងរាងកាយដូច្នេះអ្នកនឹងអាចកម្ចាត់ជាតិខ្លាញ់មិនល្អឬទម្ងន់ដែលលើសបានយ៉ាងប្រសើរ។ ការទទួលទានតែខ្មៅអាចជួយតុល្យភាពនៃកម្រិតជាតិស្ករក្នុងឈាមដូច្នេះអ្នកមិនបាច់ព្រួយរឿងឃ្លានខ្លាំងភ្លាមៗទេ។ នេះក៏ព្រោះតែសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗក្នុងតែខ្មៅទទួលខុសត្រូវសម្រាប់ការបង្កើនអត្រានៃការដុតរំលាយអាហារ ហើយរាងកាយនឹងអាចបំបែកជាតិខ្លាញ់បានត្រឹមត្រូវ។
៦. កម្ចាត់រ៉ាឌីកាល់សេរី
តែខ្មៅមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម Polyphenols ដែលជួយកម្ចាត់រ៉ាឌីកាល់សេរីពីរាងកាយ ព្រមទាំងទប់ស្កាត់ការបំផ្លាញលើកោសិកាសុខភាពល្អ ហើយកាត់បន្ថយហានិភ័យនៃជំងឺរ់ាំរ៉ៃផងដែរ។
៧. ពង្រឹងសុខភាពបេះដូង
តែបៃតងមានផ្ទុកសារធាតុ flavonoids ដែលល្អសម្រាប់សុខភាពបេះដូង។ ដូច្នេះកុំភ្លេចរួមបញ្ចូលតែខ្មៅក្នុងរបបអាហារប្រចាំថ្ងៃ។
- ផលប៉ះពាល់មួយចំនួនពីការទទួលទានតែខ្មៅ
១. ឈឺក្បាល
ការទទួលទានតែខ្មៅច្រើនពេកក្នុងមួយថ្ងៃៗក៏អាចជះផលប៉ះពាល់មួយចំនួនគួរឱ្យកត់សម្គាល់ដោយសារបរិមាណខ្ពស់នៃជាតិកាហ្វេអ៊ីន។ ផលប៉ះពាល់មួយចំនួនក្នុងចំណោមនោះរួមមានការឈឺក្បាល, ឈឺក្បាលប្រកាំង និងចង្អោរចង់ក្អួត។
២. បញ្ហាថប់បារម្ភនិងពិបាកគេងលក់
ខណៈដែលជាតិកាហ្វេអ៊ីនក្នុងតែអាចជម្រុញថាមពល ប៉ុន្តែប្រសិនបើទទួលទានច្រើនពេកនោះតែខ្មៅពិតជាអាចបង្កើនហានិភ័យនៃជំងឺថប់បារម្ភ និងស្ត្រេស។ វាក៏អាចបង្កការរំខានដល់វដ្ដនៃការគេងដែលនាំឱ្យពិបាកគេងលក់៕