ស្បែកជាញឹកញយត្រូវប៉ះផ្ទាល់នឹងកម្ដៅថ្ងៃ ខ្យល់ ធូលី និងភាពកខ្វក់ផ្សេងៗ ព្រមទាំងកត្តាបរិស្ថានជុំវិញដែលអាចនាំឱ្យស្រអាប់និងស្ងួត។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) នៅពេលបញ្ហានេះកើតឡើងសញ្ញានៃភាពចាស់តាមវ័យនៃស្បែកនឹងលេចឡើងជុំវិញភ្នែក មាត់ និងសូម្បីតែថ្ងាស។ ទោះជាយ៉ាងណាកុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីភេសជ្ជៈមួយចំនួនដែលជួយពន្យឺតសញ្ញានៃភាពចាស់តាមវ័យ ៖
១. តែបៃតង
តែបៃតងអាចជួយការពារស្បែកប្រឆាំងការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យ។ ជាលទ្ធផលស្បែកមិនងាយនឹងជ្រីវជ្រួញ មានស្នាមខ្សែ និងសូម្បីតែចៀសផុតពីបញ្ហាស្បែកផ្សេងៗទៀត។ តែបៃតងមានផ្ទុកសារធាតុ polypenols និង catechins ដែលជួយកម្ចាត់រ៉ាឌីកាល់សេរីមិនឱ្យបំផ្លាញកោសិកាស្បែក។
២. តែស
ជម្រើសដ៏ល្អបំផុតមួយទៀតនៃភេសជ្ជៈដែលនឹងជួយរក្សាស្បែកស្រស់ស្អាតក្មេងជាងវ័យ គឺតែស។ បើប្រៀបធៀបនឹងតែប្រភេទផ្សេងទៀត តែស គឺមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយជួសជុលស្បែកឡើងវិញ ព្រមទាំងការពារកូឡាជែនផងដែរ។ ការទទួលទានតែសអាចពន្យឺតដំណើរនៃភាពចាស់តាមវ័យរបស់ស្បែកគួរឱ្យកត់សម្គាល់។
៣. តែខ្មៅ
មានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងនឹងរ៉ាឌីកាល់សេរីក្នុងរាងកាយ ព្រមទាំងពន្យឺតដំណើរការនៃភាពចាស់តាមវ័យរបស់ស្បែក។ តែខ្មៅក៏មានលក្ខណៈសម្បត្តិប្រឆាំងការរលាកនិងពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយទប់ស្កាត់វីរុសដែលអាចបង្កផលប៉ះពាល់ដល់ស្បែក។
៤. ទឹកផ្លែទទឹមស្រស់
នោះក៏ព្រោះតែផ្លែទទឹមមានផ្ទុកសារធាតុ polyphenols ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មជួយសម្រួលចរន្តឈាមឱ្យកាន់តែមានលក្ខណៈប្រសើរឡើងហូរផ្ដល់ឱ្យស្បែកនូវពណ៌ស៊ីជម្ពូរស្រស់ស្អាត។ ការទទួលទានផ្លែទទឹម ឬទឹកទទឹមស្រស់ម្ដងក្នុងមួយថ្ងៃអាចផ្ដល់ឥទ្ធិពលវិជ្ជមានគួរឱ្យចាប់អារម្មណ៍ជាច្រើនចំពោះសុខភាពស្បែក។
៥. ស្រាក្រហម
ស្រាក្រហមមានផ្ទុកសារធាតុប្រឆាំអុកស៊ីតកម្ម resveratrol ដែលអាចជួយពន្យឺតភាពចាស់តាមវ័យនៃស្បែក។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែទទួលទានស្រាក្រហម ១កែវ ខណៈពេលញ៊ាំអាហារល្ងាចជាការស្រេច។
៦. ទឹក
ជាវិធីដ៏ងាយបំផុតមួយដើម្បីទប់ទល់នឹងបញ្ហាស្បែកយារធ្លាក់។ ទឹកជួយរក្សាសំណើមកោសិកាស្បែកដែលធ្វើឱ្យតឹងណែន។ ទឹកក៏ជួយកម្ចាត់ជាតិពុលផ្ដល់ឱ្យស្បែកនូវភាពរលោងស្រស់ថ្លាផងដែរ។
៧. ទឹកទំពាំងបាយជូរស្រស់
ទំពាំងបាយជូរល្អចំពោះទាំងសុខភាពរាងកាយនិងសម្រស់។ ការទទួលទានផ្លែទំពាំងបាយជូរជួយសម្អាតឈាមនិងធ្វើឱ្យស្បែកមានសំណើមមិនស្រអាប់។ សារធាតុ polyphenols ក្នុងគ្រាប់ទំពាំងបាយជូរជួយការពារស្បែកមិនឱ្យទទួលរងការបំផ្លាញពីសំណាក់រ៉ាឌីកាល់សេរីនិងពន្យឺតដំណើរការនៃភាពចាស់តាមវ័យ។
៨. ទឺកក្រូចច្របាច់ស្រស់ៗ
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាក្រូចមានផ្ទុកសម្បូរទៅដោយវីតាមីន C។ ក្រៅពីជួយពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយហើយនោះ វីតាមីន C ក៏ចាំបាច់សម្រាប់ដំណើរការនៃការសំយោគកូឡាជែនសំខាន់ចំពោះសុខភាពស្បែកផងដែរ។ កូឡាជែនជាប្រូតេអ៊ីនមួយប្រភេទដែលធ្វើឱ្យស្បែកតឹងណែននិងគ្មានភាពជ្រីវជ្រួញ៕