​កា​ព្យាបាល​ដំបៅ​អ្នក​ដែលមាន​ជម្ងឺ​ទឹកនោមផ្អែម មិនមែន​អោយតែ​មាន​ដំបៅ អ្នក​ជម្ងឺ​ទឹកនោមផ្អែម​សុទ្ធតែ​មិនអាច​ព្យាបាល​បានជា​សះស្បើយ​នោះទេ​! នៅក្នុង​ស្រទាប់​មហាជន​បងប្អូន​ខ្មែរ​យើង មានការ​យល់ឃើញថា អ្នកជំងឺ​ទឹកនោមផ្អែម អោយតែ​មាន​ដំបៅ​ជើង​សុទ្ធតែ មិនអាច​ព្យាបាល​ជាសះស្បើយ ហើយ​ជួនកាល ត្រូវការ​កាត់​ជើង​នោះ​ទៀតផង​។​

.​តើ​ការយល់ឃើញ​ខាងលើនេះ​ជាការ​ពិត រឺ​យ៉ាងណាទេ​?
​ជំងឺ​ទឹកនោមផ្អែម​ជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ប្រភេទ ដែល​កំរិត​ជាតិ​ស្ករ​នៅក្នុង​ឈាម​របស់​អ្នកជំងឺ​កើនឡើង​។ នៅពេលដែល​អ្នកជំងឺ កើត​ជំងឺ​ទឹកនោមផ្អែម​រ៉ាំរ៉ៃ​យូរ ពួកគាត់​អាច​ប្រឈមមុខ​នឹង​ផល​លំបាក​មួយចំនួន ដែល​ក្នុងនោះ​មាន ដំបៅ​ជើង​ផងដែរ​។ ការដែល​មាន​ដំបៅ​ជើងមាន​កត្តា​ជាច្រើន ដែលជា​មូលហេតុ​បង្ក​៖

ក​) ដំបៅ​ជើង ដែល​កើត​ដោយសារ​ប្រព័ន្ធ​វិញ្ញាណ​នៅ​ជើង​របស់​អ្នកជំងឺ​មានការ​ប្រែប្រួល (Neuropathy)​។ នៅពេលដែល​អ្នកជំងឺ​កើត​ជំងឺ​ទឹកនោមផ្អែម​យូរ ពួកគាត់​មាន​ផលប៉ះពាល់​ទៅលើ​ប្រព័ន្ធ​វិញ្ញាណ​នៃ​ជើង​ទាំងសងខាង​របស់​ពួកគាត់​។ ជើង​របស់គាត់​ទៅជា​ស្ពឹក លែង​ដឹង​ក្តៅ​ត្រជាក់ លែង​ដឹង​ការឈឺចាប់ ជួនកាល​អាចមាន​អារម្មណ៍​ដូចជា​មាន​ស្រមោច​វារ បន្ទាប់មកទៀត​អ្នកជំងឺ​អាច​ប្រឈម​នឹងមាន​ដំបៅ​។
​ដំបៅ​ប្រភេទ​នេះ ភាគច្រើន​កើត​នៅ​តំបន់​ដែល​អ្នកជំងឺ​ឈរ​សង្កត់​ខ្លាំង រឺមួយ​ក៏​រឹប​ដោយ​ស្បែកជើង​ដែល​ចង្អៀត ហើយ​វា​មាន​គែម​ក្រាស​។ នៅពេល​ចាប់​ផ្តើមដំបូង អ្នកជំងឺ​មិនមាន​ការឈឺចាប់​នោះទេ ជូន​កាល​ទៀត​បើ​គាត់​មិនបាន​ចាប់អារម្មណ៍ រឺ មិន​បានមក​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ គឺអាច​មាន​បង្ក​ជាការ​ក្លាយ​រោគ (Infection)​។​

​ខ​) មូលហេតុ​ទី​ពីរ ដែល​បង្កអោយមាន​ដំបៅ គឺ​បណ្តាលមកពី​ការស្ទះ​សរសៃឈាម នៅពេល​ជំងឺ​ទឹកនោមផ្អែម វិវឌ្ឍន៍​រ៉ាំរ៉ៃ​យូរ​ឆ្នាំ​។ សរសៃឈាម​នៅតាម​ចុងជើង​របស់​អ្នកជំងឺ​បាន​ស្ទះ ក្រិន ដូច្នេះហើយ អុក​ស៊ី​ហ្ស៊ែ​ន និង​ចំណីអាហារ​ដែល​រត់ ទៅតាម សរសៃឈាម​នោះ មិនអាច​ទៅ​ចិញ្ចឹម​កោសិកា​នៅ​ចុងជើង​របស់​អ្នកជំងឺ​បានទេ ដែលជា​ហេតុ​អាចធ្វើអោយ​អ្នកជំងឺ​មាន​ដំបៅ (Arteriopathy)​។

​ដំបៅ​ប្រភេទ​នេះ​ដំបូង​ឡើយ គឺមាន​ការឈឺ​ចុកចាប់ ស្បែក​អ្នកជំងឺ​ចេញ​ពណ៌​ក្រហម​រលោង ជ្រុះ​រោម មានការ​ឈឺចាប់​ខ្លាំង​។ បន្ទាប់មក ជើង​របស់គាត់​ប្រែ​ពណ៌​ទៅជា​ពណ៌​ស្វាយ ឡើង​ត្រជាក់ រួចហើយ​ចាប់​ឡើង​ពណ៌​ខ្មៅ​។ ជួនកាល​ម្រាម​មួយ ដែល​អាច​ប៉ះពាល់ ជួនកាល​ម្រាម​ពីរ ហើយ​បើ​គាត់​មិន​បានមក​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​នោះទេ គឺអាច​មាន​មេរោគ​បង្ក​ក្លាយ​រោគ (Infection)​ផងដែរ​។​

​គ​) ប្រភេទ​ដំបៅ​ទី​បី គឺ​កើតឡើង​ដោយសារ​ការរួម​ផ្សំគ្នា​នៃ​បញ្ហា​ប្រព័ន្ធ​វិញ្ញាណ (Neuropathy) និង​ការស្ទះ​សរសៃឈាម នៅ​ចុង​ម្រាមជើង (Arteriopathy)​។​អ្នកជំងឺ​ទឹកនោមផ្អែម​ដែលមាន​ដំបៅ​នៅ​ជើង មិនមែន​មានន័យថា​សុទ្ធតែ​ព្យាបាល​មិនជា​នោះទេ​។ គ្រូពេទ្យ​អាចធ្វើ​រោគវិនិច្ឆ័យ​តាមរយៈ​ការពិនិត្យ ការថត​ឆ្លុះ ដើម្បីអោយ​ដឹង​អំពី​មូល​ហេតុដែល​បណ្តាលអោយ មាន​ដំបៅ ថា​តើ​វា​បណ្តាលមកពី Neuropathy រឺមួយ Arteriopathy រឺ​បណ្តាលមកពី​ការ​លាយ​គ្នា​រវាង Neuropathy និង Arteriopathy ។​

​ហេតុ​ដូច្នេះហើយ​ពេលដែល​បងប្អូន​អ្នកជំងឺ​ទឹកនោមផ្អែម មាន​ដំបៅ​ជើង សូមមេត្តា​រួសរាន់​មក​ព្រឹក្សា​ជាមួយ​គ្រូពេទ្យ​ជំនាញ​នៅ​មន្ទីរពេទ្យ ដើម្បី​ស្វែងរក​មូលហេតុ ដែល​បង្កអោយមាន​ដំបៅ​នោះ​។ ការយឺតយ៉ាវ​ណាមួយ ការមិន​ចាប់អារម្មណ៍​ស្វែងរក​ការព្យាបាល រឺមួយ​ក៏​ការព្យាបាល​មិន​ត្រឹមត្រូវ​តាមរយៈ​ការប្រើ​ឱសថ​បូរាណ រឺមួយ​ថ្នាំ​បិទ​បំពោក​ទៅលើ​ដំបៅ​នោះ ដោយ​មិនបាន​រក​មូលហេតុ​អោយបាន​ច្បាស់លាស់ គឺជា​ហានិភ័យ​ធ្ងន់ធ្ងរ ដែល​ជួនកាល​អាច​វិវឌ្ឍន៍​ឈានទៅរក​ការមើល​មិនជា រឺ​កាត់​អវៈយវៈ​៕
(​ប្រភពៈ​វេជ្ជបណ្ឌិត ចៅ ពន្លឺ​)​