អាស៊ីតហ្វូលិក (Folic acid) ឬហ្វូឡេត (Folate) ឬវីតាមីន B9 គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយ ខណៈដែលវាជួយបង្កើតនិងជួសជុល DNA និងផលិតកោសិកាគ្រាប់ឈាមក្រហម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប្រសិនបើរាងកាយខ្វះហ្វូឡេត (folate) អ្នកអាចនឹងជួបប្រទះនូវអាការៈមួយចំនួន ហើយថែមទាំងប្រឈមមុខខ្ពស់ជាមួយហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហម។ ជាលទ្ធផលសរីរាង្គក្នុងរាងកាយមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រប់ដើម្បីដំណើរការមុខងារបានប្រក្រតីឡើយ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាការៈទូទៅបំផុតដែលលេចឡើងនៅពេលរាងកាយខ្វះអាស៊ីតហ្វូលិក ៖
១. បញ្ហាពាក់ព័ន្ធនឹងការចងចាំ
អាស៊ីតហ្វូលិក គឺសំខាន់ណាស់សម្រាប់ប្រព័ន្ធសសៃប្រសាទកណ្ដាល។ ប្រសិនបើរាងកាយខ្វះវីតាមីន b9 ឬអាស៊ីតហ្វូលិក នោះអ្នកអាចនឹងជួបប្រទះបញ្ហាពាក់ព័ន្ធជាមួយការចងចាំ ហានិភ័យនៃជំងឺធ្លាក់ទឹកចិត្ត ពិបាកផ្ដោតអារម្មណ៍ ឆាប់ភ្លេច និងមួរម៉ៅច្រើន។ សូមបញ្ជាក់ថា អាស៊ីតហ្វូលិកសមត្ថភាពការពារខួរក្បាល កាត់បន្ថយហានិភ័យនៃជំងឺចាស់រង្វេង និងការចុះខ្សោយការចងចាំតាមវ័យគួរឱ្យកត់សម្គាល់។
២. ឈឺចាប់រាងកាយ
ក្នុងករណីធ្ងន់ធ្ងរនៃជំងឺខ្វះគ្រាប់ឈាមក្រហម គឺអាចបណ្ដាលមកពីកង្វះសារធាតុហ្វូឡេតដែលនាំឱ្យខួរក្បាលមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់តាមតម្រូវការ។ ជាការឆ្លើយតបមកវិញសសៃឈាមខួរក្បាលចាប់ផ្ដើមហើមដែលនាំឱ្យអ្នកជួបប្រទះអាការៈឈឺក្បាល។ ទោះជាយ៉ាងណា ខួរក្បាលមិនមែនជាសរីរាង្គតែមួយប៉ុណ្ណោះទេដែលខ្វះអុកស៊ីសែន ដូច្នេះអ្នកក៏អាចមានអារម្មណ៍ឈឺចាប់នៅត្រង់ផ្នែកផ្សេងទៀតនៃរាងកាយផងដែរ ជាពិសេសត្រង់ទ្រូងនិងជើង។
៣. ស្បែកស្លេកស្លាំង
អេម៉ូក្លូប៊ីន (Hemoglobin) គឺជាប្រូតេអ៊ីនដែលមានផ្ទុកក្នុងកោសិកាគ្រាប់ឈាមក្រហមទទួលខុសត្រូវសម្រាប់ការដឹកជញ្ជូនអុកស៊ីសែនពីសួតទៅកាន់ជាលិកាផ្សេងទៀតពេញក្នុងរាងកាយ។ នៅពេលរាងកាយខ្វះសារធាតុហ្វូឡេត អ្នកនឹងមិនទទួលបានគ្រាប់ឈាមក្រហមគ្រប់គ្រាន់ ព្រមទាំងអេម៉ូក្លូប៊ីនដើម្បីផ្ដល់ឱ្យសរីរាង្គក្នុងរាងកាយនូវបរិមាណអុកស៊ីសែនតាមតម្រូវការឡើយ។ ជាលទ្ធផលនាំឱ្យមានអារម្មណ៍ខ្សោយសាច់ដុំ អស់កម្លាំង ស្ពឹកដៃជើង និងស្បែកប្រែជាស្លេកស្លាំង។
៤. ភាពខ្លីនៃដង្ហើម
ប្រសិនបើអ្នកសម្គាល់ឃើញថាខ្លួនឯងដកដង្ហើមបានខ្លីៗនៅពេលធ្វើអ្វីមួយដែលធ្លាប់ធ្វើដោយគ្មានបញ្ហាអ្វីសោះពីមុន នោះអាចមានន័យថាកម្រិតនៃអុកស៊ីសែនកំពុងធ្លាក់ចុះដោយសាររាងកាយខ្វះកោសិកាគ្រាប់ឈាមក្រហម។ អមមកជាមួយនូវរោគសញ្ញានេះ អ្នកក៏អាចជួបប្រទះអាការៈផ្សេងទៀតដូចជាចង្វាក់បេះដូងលោតញាប់និងមានអារម្មណ៍វិលមុខ ឬសូម្បីតែសន្លប់។
៥. បញ្ហាពាក់ព័ន្ធនឹងប្រព័ន្ធរំលាយអាហារ
រួមបញ្ចូលទាំងអាការៈចង្អោរចង់ក្អួត ឬក្អួតតែម្ដង ឈឺពោះ និងរាគក្រោយពេលទទួលទានអាហារអាចជាអាការៈដំបូងនៃកង្វះអាស៊ីតហ្វូលិកក្នុងរាងកាយ។ ក្នុងករណីធ្ងន់ធ្ងរ អ្នកអាចជួបប្រទះជាមួយជំងឺពាក់ព័ន្ធនឹងការទទួលទានអាហារ (anorexia) ដែលជាធម្មតានាំឱ្យស្រកទម្ងន់គួរឱ្យកត់សម្គាល់។
៦. ឈឺមាត់និងហើមអណ្ដាត
រោគសញ្ញាទូទៅបំផុតដែលកើតឡើងនៅពេលរាងកាយខ្វះសារធាតុហ្វូឡេតធ្ងន់ធ្ងរ គឺហើមអណ្ដាត ឬអណ្ដាតឡើងក្រហម ជាពិសេសនៅត្រង់ចុងនៃអណ្ដាត។ វាកើតឡើងដោយសារកោសិកាគ្រាប់ឈាមក្រហមត្រូវបានកាត់បន្ថយដែលនាំឱ្យមានការឈឺចាប់អណ្ដាតនៅពេលលេប។
៧. សមត្ថភាពនៃការដឹងរសជាតិត្រូវបានកាត់បន្ថយ
គួបផ្សំនឹងការឈឺអណ្ដាត ឬក្នុងមាត់ កង្វះអាស៊ីតហ្វូលិកក្នុងរាងកាយក៏អាចបណ្ដាលឱ្យអ្នកពិបាកក្នុងការដឹងរសជាតិនៃអាហារផងដែរ។ វាកើតឡើងដោយសារស្រទាប់ papillae ដែលទទួលដឹងរសជាតិមិនអាចបញ្ចូនព័ត៌មានទៅកាន់ខួរក្បាលបានតាមរយៈប្រព័ន្ធសសៃប្រសាទ ខណៈដែលអណ្ដាតកំពុងមានបញ្ហា។
- ប្រភពដ៏ប្រសើរនៃអាស៊ីតហ្វូលិក
១. ផ្កាខាត់ណាខៀវ
ត្រឹមមួយពែងនៃផ្កាខាត់ណាខៀវអាចផ្ដល់អាស៊ីតហ្វូលិកដល់ទៅ ១៣ភាគរយនៃតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់រាងកាយ។
២. ក្រូច
ក្រៅពីមានផ្ទុកសម្បូរទៅដោយអាស៊ីតហ្វូលិកហើយនោះ ក្រូចក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន C ដែលល្អសម្រាប់សុខភាពស្បែក ធ្មេញ ឆ្អឹង និងប្រព័ន្ធភាពស៊ាំរាងកាយផងដែរ។
៣. ទំពាំងបារាំង
បន្លែនេះមានផ្ទុកកាឡូរីទាប ប៉ុន្តែអាចផ្ដល់អាស៊ីតហ្វូលិកប្រមាណ ២២ភាគរយនៃតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់រាងកាយ។ ទំពាំងបារាំងក៏ជាប្រភពដ៏ប្រសើរនៃវីតាមីន A វីតាមីន C និងវីតាមីន K ព្រមទាំងសារធាតុម៉ង់កាណែសទៀតផង។
៤. ផ្លែបឺរ
អ្នកអាចទទួលបានអាស៊ីតហ្វូលិកប្រមាណ ៤១ ភាគនៃតម្រូវការចាំបាច់ប្រចាំថ្ងៃរបស់រាងកាយពីការទទួលទានផ្លែបឺរត្រឹមតែមួយផ្លែ។
៥. ផ្នែកពណ៌លឿងនៃស៊ុត
ប្រភពដ៏ល្អបំផុតមួយទៀតនៃអាស៊ីតហ្វូលិក គឺផ្នែកពណ៌លឿងនៃស៊ុត។ ទោះជាយ៉ាងណាក៏ដោយ ក៏អ្នកគួរចេះកម្រិតការទទួលទានផងដោយអាហារនេះក៏មានផ្ទុកសម្បូរទៅដោយខ្លាញ់ saturated និងកូឡេស្តេរ៉ូល។
៦. បន្លែបៃតង
ក្រៅពីមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ជាតិរ៉ែ និងសារធាតុប្រឆាំងអុកស៊ីតកម្ម បន្លែបៃតងក៏ជាប្រភពដ៏ប្រសើរបំផុតមួយនៃអាស៊ីតហ្វូលិកដែលរាងកាយត្រូវការចាំបាច់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំ។
៧. មើមឆៃថាវក្រហម
ត្រឹមមួយពែងនៃមើមឆៃថាវក្រហមស្ងោររួចអាចផ្ដល់ឱ្យរាងកាយនូវអាស៊ីតហ្វូលិកដល់ទៅ ៣៤ ភាគរយនៃតម្រូវការចាំបាច់ប្រចាំថ្ងៃ។ បន្លែមើមនេះក៏មានប្រសិទ្ធភាពបន្សាបជាតិពុលពីក្នុងរាងកាយគួរឱ្យកត់សម្គាល់ផងដែរ។
៨. ផ្លែឈើត្រូពិក
ស្វាយ ល្ហុង និងចេកជាដើមក្រៅពីមានរសជាតិឆ្ងាញ់ហើយនោះ ថែមទាំងមានផ្ទុកសម្បូរទៅដោយអាស៊ីតហ្វូលិកគួរឱ្យកត់សម្គាល់។ កុំភ្លេចរួមបញ្ចូលផ្លែឈើប្រភេទនេះក្នុងរបបអាហារប្រចាំថ្ងៃ៕