Join with Health.com.kh on Telegram

តើ​អ្នក​គួរ​ញាំ វា ឬ ក៏​អត់​? មាន​ការយល់ច្រលំ​ជាច្រើន និង ការស្រាវជ្រាវ​មួយ​ចំនួន បាន​ធ្វើការ​សិក្សា​ថា​តើ អ្នក​គួរតែ​បរិភោគ​សាច់​ត្រី​អោយ​បាន​ច្រើន ឬ យ៉ាងណា​? ជា​ការពិត អ្វីៗ​ក៏ដោយ តែងមាន គុណសម្បត្តិ និង គុណវិបត្តិ​របស់​វា​។ តែ​ទោះជា​យ៉ាងណាក៏ដោយ វា​អាច​នឹង​ផ្តល់​អោយ​យើង​នូវ​ផល​រំខាន តិចតួច​ប៉ុណ្ណោះ បើ​ប្រៀបធៀប​នឹង​គុណសម្បត្តិ​ដ៏​ច្រើន​របស់​វា​នោះ ។ សាច់​ត្រី គឺជា​អាហារ​ដ៏​ល្អ​សម្រាប់​សុខភាព​មនុស្ស ពីព្រោះ​ថា​វា​មាន​ផ្ទុក​ជាតិ​ខ្លាញ់​តិច និង ប្រូតេអ៊ីន​ខ្ពស់ ។

ខាងក្រោម​នេះ គឺជា​អត្ថប្រយោជន៍ ទាំង​៩​យ៉ាង ដែល​យើង​នឹង​ទទួលបាន ពី​ការបរិភោគ​សាច់​ត្រី ៖


១. ការ​ទទួលទាន​សាច់​ត្រី អោយបាន​២​ដង ក្នុង​មួយ​សប្តាហ៍ គឺ​ល្អ​សម្រាប់​រាងកាយ​មនុស្ស​។ សាច់​ត្រី មាន​ផ្ទុក​អាស៊ីត​ខ្លាញ់ អូ​មេហ្គា​៣ ដែល​អាច​ជួយ​ដល់​សុខភាព​ខួរក្បាល និង ភ្នែក​។​
 

២. ការបរិភោគ​សាច់​ត្រី​ជាប្រចាំ អាច​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ ដាច់​ស​សៃឈាម​ក្នុង​ខួរក្បាល ឬ ជំងឺ​បេះដូង​។ ទាំង​បុរស​និង ស្ត្រី​ដែល​ស្ថិត​ក្នុង​មជ្ឈឹម​វ័យ គឺត្រូវធ្វើ​ការបរិភោគ​សាច់​ត្រី ដើម្បី​ចៀសវាង នូវ​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​។​
 

៣. សាច់​ត្រី មាន​នាទី​ក្នុងកា​រលៃ​តម្រូវ នូវ​កំណក​ឈាម និង ការកកស្ទះ​នៅក្នុង​ស​សៃឈាម ដូច្នេះ វា​ជួយ​ដល់​សុខភាព​ស​សៃឈាម​បេះ​ដូង​បាន​យ៉ាង​ល្អ​។​
 

៤. ការបរិភោគ​វា​គឺ អាច​ជួយ​កាត់បន្ថយ​នូវ​ភាព​ដែល​អាច​កើតមាន​នូវ ជំងឺហឺត​ចំពោះ​កុមារ​។​
 

៥. សាច់​ត្រី​អាចជួយ រក្សា​កម្រិត​ជាតិ​ស្ករ​នៅក្នុង​ឈាម អោយ​ថេរ ចំពោះ​អ្នកជំងឺ​ទឹកនោម​ផ្អែម​។​
 

៦. មិន​ត្រឹមតែ​ប៉ុណ្ណោះ អាស៊ីត​ខ្លាញ់​អូ​មេហ្គា ៣ គឺជា DHA ។ ត្រី​មាន​ផ្ទុក​នូវ​អាស៊ីត​ខ្លាញ់​ប្រភេទ​នេះ ដែល​ជួយ​ដល់​សុខភាព ស្ត្រី​មាន​ផ្ទៃពោះ​អោយ​រឹងមាំ និង ជួយ​បង្កើត​ទឹកដោះ​អោយបាន​ច្រើន​ផង​ដែរ​។ អាស៊ីត​ខ្លាញ់​នេះ ក៏​នឹង​ផ្តល់​ផល​ល្អ​ទៅ​ដល់​ការវិវត្តន៍​ខួរក្បាល​ចំពោះ​កុមារ​តូចៗ បានដែរ​។​
 

៧. ការស្រាវជ្រាវ បាន​អះអាង​ថា មនុស្ស​ដែល​មិនសូវ​ទទួលទាន​សាច់​ត្រី គឺ​ងាយ​ប្រឈម​នឹង​ជំងឺមហារីក​។​
 

៨.​មិន​ថា​ចាស់ ឬ ក្មេង​សុទ្ធតែ​ទទួលបាន​នូវ​អត្ថប្រយោជន៍​នៃ​ការ​ទទួលទាន​សាច់​ត្រី ។​
 

៩. អាស៊ីត​ខ្លាញ់​អូ​មេហ្គា នៅក្នុង​សាច់​ត្រី អាច​ការពារ​ខួរក្បាល ជាពិសេស​នោះ​គឺ​សុខភាព​ផ្លូវចិត្ត​អោយ​រឹងមាំ​បាន​។ គេ​សម្គាល់​ឃើញថា មនុស្ស​ដែល​ទទួលទាន​សាច់​ត្រី​ជាប្រចាំ នឹង​មិន​សូវ​ប្រឈម​នឹង​បញ្ហា ធ្លាក់​ទឹកចិត្ត ហើយ​តែងតែ​មាន​ភាព​វិជ្ជមាន​ច្រើន​ជាង អ្នក​ដែល​មិនសូវ​ទទួលទាន​សាច់​ត្រី ៕