កង្វះជាតិដែកកើតឡើងនៅពេលណាដែលរាងកាយមិនមានផ្ទុកជាតិដែកគ្រប់គ្រាន់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ជាតិដែកទទួលទានខុសត្រូវចំពោះការផលិតអេម៉ូក្លូប៊ីនដែលជាប្រូតេអ៊ីនមួយក្នុងកោសិកាឈាមក្រហមដើម្បីដឹកនាំអុកស៊ីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ប្រសិនបើអ្នកមិនអើពើ បញ្ហានៃកង្វះជាតិដែកអាចនឹងប្រែជាជំងឺខ្វះគ្រាប់ឈាម ហើយបង្កផលប៉ះពាល់គួរអោយព្រួយបារម្ភ។ ជាតិដែកអាចបាត់បង់ពីរាងកាយតាមរបៀបជាច្រើនដែលយើងស្មានមិនដល់។ ដូច្នេះការដឹងពីវិធីទប់ស្កាត់ និងព្យាបាលបញ្ហាសុខភាពនេះ គឺចាំបាច់ណាស់។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីរោគសញ្ញា ឬអាការៈនៃបញ្ហាកង្វះជាតិដែកដើម្បីអាចដោះស្រាយទប់ស្កាត់ហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមបានទាន់ពេល ៖
១. ស្រេកទឹកមិនឈប់
កង្វះគ្រាប់ឈាមក្រហមដែលបណ្ដាលមកពីការបាត់បង់ឈាមអាចជាមូលហេតុចម្បងមួយនៃបញ្ហាស្រេកទឹកមិនឈប់ ក៏ព្រោះរាងកាយត្រូវការទឹកគ្រប់គ្រាន់ដើម្បីស្ដារបរិមាណឈាមឱ្យធម្មតាឡើងវិញ។ ហើយស្ត្រីជាអ្នកដែលងាយនឹងជួបប្រទះអាការៈស្រេកទឹកបែបនេះបំផុតខណៈពេលមករដូវដោយពួកគេត្រូវបាត់បង់ឈាមមួយចំនួន។ ដើម្បីជាការប្រសើរប្រសិនបើការស្រេកទឹកមិនឈប់មានអមមកជាមួយនូវអាការៈផ្សេងទៀតដូចជាស្បែកស្លេកស្លាំង ភាពខ្លីនៃដង្ហើម អស់កម្លាំង វិលមុខ និងបេះដូងលោតញាប់ អ្នកគួរប្រញាប់ទៅជួបគ្រូពេទ្យជំនាញភ្លាម។
២. អស់កម្លាំងនិងឆាប់ហត់ខុសធម្មតា
អស់កម្លាំងល្ហិតល្ហៃ ឬឆាប់ហត់ គឺជារោគសញ្ញាទូទៅបំផុតមួយនៃបញ្ហាខ្វះជាតិដែក។ នោះក៏ព្រោះតែរាងកាយខ្វះជាតិដែកក្នុងការផលិតប្រូតេអ៊ីនអេម៉ូក្លូប៊ីនក្នុងកោសិកាឈាមក្រហមដែលទទួលខុសត្រូវលើការដឹកនាំអុកស៊ីសែនពីសួតទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ហើយនៅពេលរាងកាយខ្វះអេម៉ូក្លូប៊ីនវានឹងមិនអាចបញ្ជូនអុកស៊ីសែនគ្រប់គ្រាន់ទៅកាន់សាច់ដុំនិងជាលិកាដែលជាហេតុនាំអោយអ្នកអស់កម្លាំងល្ហិតល្ហៃខុសធម្មតា។
៣. ភាពខ្លីនៃដង្ហើម
ភាពខ្លីនៃដង្ហើម ឬឈឺទ្រូង ជាពិសេសនៅពេលរាល់ពេលធ្វើសកម្មភាព គឺជារោគសញ្ញាផ្សេងទៀតនៃកង្វះជាតិដែក។ នោះក៏ព្រោះតែអេម៉ូក្លូប៊ីន គឺមានកម្រិតនៅក្នុងកោសិកាគ្រាប់ឈាមក្រហមដែលនឹងនាំឱ្យអុកស៊ីសែនមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ទៅកាន់គ្រប់ផ្នែកនៃរាងកាយដូច្នេះរាងកាយក៏ព្យាយាមកម្រិត និងបង្កើតអុកស៊ីសែនបន្ថែមសម្រាប់សរីរាង្គផ្សេងៗដើម្បីការមុខងារបានត្រឹមត្រូវជាហេតុនាំអោយអ្នកដកដង្ហើមបានខ្លីៗ។
៤. បេះដូងលោតញាប់ខុសធម្មតា
ចង្វាក់បេះដូងលោតខុសធម្មតាក៏ជារោគសញ្ញាមួយនៃបញ្ហាខ្វះជាតិដែកផងដែរ។ នេះក៏ព្រោះតែរាងកាយមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់ ហើយបេះដូងត្រូវធ្វើការខ្លាំងជាងមុនដើម្បីដឹកជញ្ជូនអុកស៊ីសែនទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ ជាលទ្ធផលនៃបញ្ហាបេះដូងលោតញាប់ខុសធម្មតា។ បន្ទុកខ្លាំងហួសលើបេះដូង គឺមិនល្អសោះឡើយជាពិសេសសម្រាប់អ្នកដែលមានបញ្ហាបេះដូងណាមួយស្រាប់។
៥. ស្បែកស្លេកស្លាំង
នៅពេលកោសិកាគ្រាប់ឈាមក្រហមធ្លាក់ចុះ ស្បែកនឹងប្រែជាមានភាពស្លេកស្លាំងខុសធម្មតា។ នេះក៏ព្រោះតែអេម៉ូក្លូប៊ីននៅក្នុងកោសិកាគ្រាប់ឈាមក្រហម គឺជាអ្វីដែលផ្ដល់អោយស្បែកនូវសុខភាពល្អនិងពណ៌ផ្កាឈូក ឬក្រហមព្រឿងៗ។ កង្វះជាតិដែកនោះរាងកាយនឹងមិនអាចផលិតអេម៉ូក្លូប៊ីនគ្រប់គ្រាន់សម្រាប់កោសិកាគ្រាប់ឈាមក្រហមដើម្បីរួមចំណែករក្សាសុខភាព និងនៃស្បែកជាហេតុនាំអោយស្បែកប្រែជាស្លេកស្លាំង។មិនថាពណ៌ស្បែករបស់អ្នកបែបណាទេ ប្រសិនបើខាងក្នុងនៃបបូរមាត់ អញ្ចាញធ្មេញ ក្រចកម្រាមដៃ និងក្នុងផ្នែកខាងក្រោមនៃត្របកភ្នែកមានសភាពស្លេកស្លាំងនោះប្រហែលជាបណ្ដាលមកពីកង្វះជាតិដែកក្នុងរាងកាយហើយ។ ចូរព្យាយាមទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែក។
៦. ឈឺក្បាលខ្លាំងញឹកញាប់
កង្វះជាតិដែកក្នុងរាងកាយក៏អាចបង្កបញ្ហាឈឺក្បាល ឬឈឺប្រកាំងផងដែរ។នោះក៏ព្រោះតែអុកស៊ីសែនមិនត្រូវបានផ្គត់ផ្គង់គ្រប់គ្រាន់ទៅដល់ខួរក្បាលដែលបណ្ដាលសសៃឈាមឡើងប៉ោងបង្កជាសម្ពាធនាំអោយឈឺក្បាល ឬឈឺប្រកាំង។លើសពីនេះទៅទៀតអ្នកដែលមានបញ្ហាខ្វះជាតិដែកច្រើនជួបប្រទះអាការៈឈឺក្បាលធីងធោងនិងវិលមុខក៏ព្រោះតែកង្វះអុកស៊ីសែន។
៧. ប្រេះកៀនបបូរមាត់
ភាគច្រើននៃពួកយើងនឹងងាយជួបប្រទះអាការៈស្ងួត ឬប្រេះបបូរមាត់ដោយសារខ្យល់ កម្ដៅថ្ងៃ ឬសីតុណ្ហភាពត្រជាក់ ហើយជំងឺខ្វះគ្រាប់ឈាមក្រហមក៏អាចបណ្ដាលឱ្យប្រេះបបូរមាត់ដែរ ប៉ុន្តែជះផលប៉ះពាល់ត្រង់កន្លែងជាក់លាក់មួយ គឺកៀនបបូរមាត់។
៨. បញ្ហាពាក់ព័ន្ធនឹងការផ្ដោតប្រមូលផ្ដុំអារម្មណ៍
សរីរាង្គទាំងអស់ក្នុងរាងកាយត្រូវការអុកស៊ីសែនដើម្បីដំណើរការមុខងារបានត្រឹមត្រូវប្រសើរ ហើយខួរក្បាលក៏ដូចគ្នា។ ប្រសិនបើកម្រិតនៃអុកស៊ីសែនធ្លាក់ចុះទាបដោយសារបរិមាណនៃគ្រាប់ឈាមក្រហមត្រូវបានកាត់បន្ថយនោះ អ្នកប្រាកដជាមិនអាចផ្ដោតអារម្មណ៍បានដូចធម្មតាឡើយ។
- អាហារនិងភេសជ្ជៈដែលគួរចៀសវាងកំឡុងពេលមានជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែក ៖
១. ស្រាក្រហម
នោះក៏ព្រោះស្រាក្រហម គឺធ្វើឡើងពីផ្លែទំពាំងបាយជូរដែលមានផ្ទុកសារធាតុ tannins។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរឈប់ទទួលទានផ្លែទំពាំងបាយជូរនិងស្រាក្រហមសិន ខណៈពេលកំពុងប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក។
២. តែបៃតងនិងតែខ្មៅ
ដោយសារតែ “តែបៃតង”និង”តែខ្មៅ” មានផ្ទុកសារធាតុ tannins ដែលមិនល្អសោះឡើយអ្នកជំងឺខ្វះគ្រាប់ឈាមក្រហម។ សារធាតុ tannins អាចទប់ស្កាត់ ឬរាំងស្ទះរាងកាយពីការស្រូបយកជាតិដែកបានត្រឹមត្រូវ។
៣. កាហ្វេ
កាហ្វេមានផ្ទុកសារធាតុ tannins ដែលទប់ស្កាត់ការស្រូបយកជាតិដែកដោយរាងកាយបានត្រឹមត្រូវពីអាហារផ្សេងៗ។ ទោះជាយ៉ាងណាអ្នកនៅតែអាចទទួលទានភេសជ្ជៈនេះបាន ប៉ុន្តែត្រូវប្រាកដថាទទួលទានយ៉ាងហោចណាស់ ១ ម៉ោងមុន ឬក្រោយអាហារ។
៤. ទំពាំងបាយជូរ
នោះក៏ព្រោះតែផ្លែទំពាំងបាយជូរមានផ្ទុកសារធាតុ tannins។ ដូច្នេះដើម្បីជាការប្រសើរអ្នកគួរឈប់ទទួលទានផ្លែទំពាំងបាយជូរសិនខណៈពេលកំពុងប្រើប្រាស់ថ្នាំគ្រាប់ជាតិដែក។
៥. គ្រាប់ពូជ និងគ្រាប់ធញ្ញជាតិ
ថ្វីត្បិតតែគ្រាប់ពូជ និងគ្រាប់ធញ្ញជាតិជាប្រភពដ៏ប្រសើរនៃជាតិដែកក៏ដោយ ប៉ុន្តែវាក៏មានផ្ទុកសារធាតុ phytates ដែលអាចរាំងស្ទះដល់ការស្រូបយកជាតិដែកនៃរាងកាយគួរអោយកត់សម្គាល់។ ដូច្នេះខណៈពេលព្យាបាលជំងឺខ្វះគ្រាប់ឈាមក្រហម អ្នកគួរបញ្ឈប់ការទទួលទានអាហារសម្រន់ប្រភេទនេះសិន។
៦. អាហារមានផ្ទុកសារធាតុ Gluten
អ្នកជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែរចាំបាច់គួរចៀសវាងអាហារដែលមានផ្ទុកសម្បូរទៅដោយសារធាតុ gluten ខណៈដែលអាហារប្រភេទនេះអាចបណ្ដាលឱ្យស្ថានភាពនៃជំងឺកាន់តែធ្ងន់ធ្ងរឡើង។ Gluten អាចបង្កការខូចខាតដល់ជញ្ជាំងនៃពោះវៀន និងទប់ស្កាត់ការស្រូបយកជាតិដែក ព្រមទាំងអាស៊ីតហ្វូលិក (folic acid) ដែលត្រូវការចាំបាច់សម្រាប់ផលិតកោសិកាគ្រាប់ឈាមក្រហម។
៧. អាហារមានផ្ទុកសម្បូរទៅដោយជាតិកាល់ស្យូម
បើទោះជាការទទួលទានជាតិកាល់ស្យូមគ្រប់គ្រាន់ជួយទប់ស្កាត់ហានិភ័យនៃជំងឺពុកឆ្អឹងក៏ពិតមែន ប៉ុន្តែចំពោះអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមគួរដឹងថា ជាតិកាល់ស្យូមអាចទប់ស្កាត់ការស្រូបយកជាតិដែករបស់រាងកាយមិនអោយកើតឡើង។ ទោះជាយ៉ាងណាមិនមែនមានន័យថាអ្នកឈប់ទទួលទានអាហារដែលមានផ្ទុកសម្បូរទៅដោយជាតិដែកតែម្ដងឡើយ ប៉ុន្តែគ្រាន់តែទទួលទាននៅពេលខុសគ្នាជាមួយអាហារជាតិដែក ក៏ដូចជាថ្នាំគ្រាប់ជាតិដែក។
៨. អាហារមានផ្ទុកសារធាតុ Polyphenols
អាហារមានផ្ទុកសារធាតុ Polyphenols អាចរារាំងដល់ការស្រូបយកជាតិដែក។ ដូច្នេះអ្នកជំងឺខ្វះគ្រាប់ឈាមក្រហមគួរចៀសវាងទទួលទាន៕