មិនចូលចិត្តភាពរអិលៗលើស្បែកក្រោយពេលលាបឡេការពារកម្ដៅថ្ងៃមែនទេ? កុំបារម្ភ! អ្នកមិនចាំបាច់ប្រើប្រាស់ផលិតដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យនេះច្រើនទៀតទេ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ក្រៅពីការស្ថិតនៅក្នុងម្លប់, ស្លៀកពាក់ខោអាវជិតស្បែក និងប្រើប្រាស់សម្ភារៈការពារកម្ដៅថ្ងៃហើយនោះ ការរួមបញ្ចូលរបបអាហារមួយចំនួនក៏ជួយការពារស្បែកពីពន្លឺព្រះអាទិត្យទប់ស្កាត់ហានិភ័យនៃជំងឺមហារីកស្បែក និងបញ្ហាស្បែកចាស់ជាងវ័យដោយសារការបំផ្លាញពីសំណាក់ពន្លឺព្រះអាទិត្យផងដែរ។ ថាតើអាហារទាំងនោះមានអ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញអោយដឹងពីអាហារដែលអ្នកគួរទទួលទានដើម្បីការពារស្បែកពីពន្លឺព្រះអាទិត្យ ៖
១. សណ្ដែកសៀង
មានផ្ទុកសារធាតុ isoflavones ដែលជួយបង្កើនការផលិតកូឡាជែនពន្យឺតដំណើរការនៃភាពចាស់តាមវ័យនៃស្បែកដូចជាស្នាមជ្រីវជ្រួញនិងសូម្បីតែកាត់បន្ថយហានិភ័យនៃជំងឺមហារីកស្បែក។ បន្ថែមពីនេះសណ្ដែកសៀងក៏មានផ្ទុកសម្បូរទៅដោយវីតាមីន E ដែលចាំបាច់សម្រាប់ការការពារស្បែកផងដែរ។
២. សូកូឡាខ្មៅ
សូកូឡាខ្មៅមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មនិងមានលក្ខណៈសម្បត្តិប្រឆាំងការរលាកដែលជួយការពារស្បែកពីកម្ដៅថ្ងៃ។ ទោះជាយ៉ាងណាអ្នកគួរជ្រើសរើសសូកូឡាដែលផ្សំឡើងពីកាកាវ ៧០ភាគរយ។
៣. ការ៉ុត
ជាប្រភពដ៏ប្រសើរនៃសារធាតុ beta-carotene ដែលជួយការពារស្បែកទប់ស្កាត់ផលប៉ះពាល់នៃពន្លឺព្រះអាទិត្យច្រើនហួស ឬក្ដៅខ្លាំង។
៤. ស្ត្របឺរី
មានផ្ទុកសម្បូរទៅដោយវីតាមីន C ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្មកម្ចាត់រ៉ាឌីកាល់សេរីដែលជាប់ទាក់ទងនឹងកាំរស្មីយូវីរបស់ព្រះអាទិត្យមិនអោយបង្កការបំផ្លាញដល់ស្បែក។
៥. តែបៃតង
សារធាតុ Catechins និង tannins ក្នុងតែបៃតងមានលក្ខណៈសម្បត្តិប្រឆាំងអុកស៊ីតកម្មដែលជួយទប់ស្កាត់ការបំផ្លាញលើស្បែកពីសំណាក់ពន្លឺព្រះអាទិត្យ ឬកម្ដៅថ្ងៃ។ ដើម្បីជាការប្រសើរ ចូរទទួលទានតែបៃតងអោយបានពី ២ ទៅ ៣ ពែងក្នុងមួយថ្ងៃ។
៦. ទំពាំងបាយជូរក្រហម
ផ្លែឈើនេះមានផ្ទុកសារធាតុ Quercetin ដែលជួយកាត់បន្ថយការខូចខាត DNA ដែលបណ្ដាលមកពីកាំរស្មីព្រះអាទិត្យ។
៧. ប៉េងប៉ោះ
មានផ្ទុកសម្បូរទៅដោយសារធាតុ lycopene ជួយទប់ស្កាត់ជំងឺមហារីកស្បែកបានយ៉ាងប្រសើរ។
៨. ផ្លែឪឡឹក
ជាប្រភពដ៏ល្អបំផុតមួយនៃជាតិទឹក និងសារធាតុប្រយុទ្ធប្រឆាំងជំងឺមហារីក lycopene។
៩. បន្លែបៃតង
មានផ្ទុកសារធាតុ zeaxanthin និង lutein ដែលជួយការពារស្បែកពីការបំផ្លាញនៃពន្លឺព្រះអាទិត្យ។
១០. ប្រេងអូលីវ
អ្វីដែលធ្វើឱ្យប្រេងអូលីវជាជម្រើសដ៏ប្រសើរដើម្បីការពារស្បែកពីកម្ដៅថ្ងៃនោះ គឺដោយសារវាមានផ្ទុកអាស៊ីតខ្លាញ់ល្អដែលប្រយុទ្ធប្រឆាំងការរលាកនិងការបំផ្លាញលើស្បែក៕