ក្រោយពេលសម្រាលអ្វីដែលស្ត្រីជាម្ដាយគួរធ្វើដើម្បីខ្លួនឯងនិងកូន គឺសម្រាកឱ្យបានគ្រប់គ្រាន់និងទទួលទានអាហារសុខភាពល្អសម្បូរដោយសារធាតុចិញ្ចឹម។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) អ្វីដែលសំខាន់ទៀតនោះ គឺរបបអាហារត្រឹមត្រូវក៏ជួយបង្កើនទឹកដោះបានយ៉ាងប្រសើរផងដែរ។ ប៉ុន្តែថាតើអាហារអ្វីខ្លះទៅដែលជួយផ្ដល់ថាមពលបន្ថែមនិងបង្កើនទឹកដោះ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអាហារ ក៏ដូចជាគន្លឹះងាយៗដែលជួយបង្កើនទឹកដោះបានយ៉ាងប្រសើរ ៖
១. ទទួលទានរបបអាហារមានតុល្យភាព
មួយក្នុងចំណោមគន្លឹះដ៏ងាយបំផុតដើម្បីបង្កើនការផលិតទឹកដោះ គឺការយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកទទួលទាន។ ចូរប្រកាន់ខ្ជាប់នូវរបបអាហារមានតុល្យភាពដោយរួមបញ្ចូលបន្លែផ្លែឈើ ប្រូតេអ៊ីនគ្មានខ្លាញ់ និងគ្រាប់ធញ្ញជាតិ (whole grains)ក្នុងរបបអាហារប្រចាំថ្ងៃ។
២. រួមបញ្ចូលអាហារសម្បូរប្រូតេអ៊ីនក្នុងរបបអាហារប្រចាំថ្ងៃ
អាហារសម្បូរប្រូតេអ៊ីនរួមមានសាច់មាន់ ស៊ុត តៅហ៊ូ និងត្រីសាលម៉ុនជាដើមក៏អាចជួយបង្កើនការផលិតទឹកដោះបានយ៉ាងប្រសើរផងដែរ។
៣. កុំរំលងទឹកការ៉ុតស្រស់
ការ៉ុតជាប្រភពដ៏ប្រសើរនៃវីតាមីន A ដែលមានប្រសិទ្ធភាពបង្កើនគុណភាពនៃទឹកដោះ។ ចូរទទួលទានទឹកការ៉ុតស្រស់ឱ្យបាន ១កែវក្នុងមួយថ្ងៃដើម្បីបង្កើនការផលិតទឹកដោះ។
៤. ទទួលទានបាយអង្ករសម្រូប
អង្ករសម្រូបមានផ្ទុកអ័រម៉ូនមួយប្រភេទដែលល្អណាស់សម្រាប់ការផលិតទឹកដោះ។ ចូរត្រាំអង្ករទុកមួយយប់ជាមុនសិន សឹមចម្អិន។ ការធ្វើបែបនេះជួយឱ្យរាងកាយកាន់តែងាយស្រួលក្នុងការរំលាយដែលផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមកាន់តែច្រើន។
៥. ទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់
មួយក្នុងចំណោមគន្លឹះដ៏ងាយបំផុតដើម្បីបង្កើនការផលិតទឹកដោះ គឺទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់។ ការទទួលទានយ៉ាងហោចណាស់ ២ លីត្រក្នុងមួយថ្ងៃជួយរក្សាជាតិទឹកក្នុងរាងកាយដែលចាំសម្រាប់ដំណើរការនៃការផលិតទឹកដោះ។
៦. ស្អំកម្ដៅ
ចរន្តឈាមហូរខ្សោយក៏ជះឥទ្ធិពលដល់ប្រសិទ្ធភាពនៃការផលិតទឹកដោះផងដែរ។ ទោះជាយ៉ាងណាការស្អំកម្ដៅអាចជួយសម្រួលចរន្តឈាមហូរទៅកាន់សុដន់បានយ៉ាងប្រសើរ។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែជ្រលក់កូនកន្សែង ឬក្រណាត់ស្អាតក្នុងទឹកក្ដៅឧណ្ហៗ រួចពូតទឹកចេញខ្លះ បន្ទាប់មកស្អំម៉ាស្សាលើទ្រូង និងសុដន់ដោយសង្កត់ថ្នមៗបន្តិចផងដើម្បីជម្រុញចរន្តឈាមហូរ៕