ប្រជាជនកម្ពុជាជាច្រើនឆ្លងកាត់ការដេកមិនលក់។ ដូច្នេះបានជាមានសំនួរសួរមកកាន់ វេបសាយ សុខភាព អោយជួយបកស្រាយពីផលប៉ះពាល់ដែលបណ្តាលមកពីការដេកមិនលក់។
ការគេងមានអត្ថប្រយោជន៍របស់វា រាប់តាំងពីការជម្រុញអារម្មណ៍និងបង្កើនផលិតភាព រហូតដល់ការផ្តល់ថាមពលដល់សុខភាពបេះដូង។ នេះមានន័យថាកង្វះដំណេក បង្កឱ្យមានបញ្ហាសុខភាពច្រើនទាំងផ្លូវកាយនិងផ្លូវចិត្ត។
១. វាប៉ះពាល់ដល់ការវិនិច្ឆ័យរបស់អ្នក
នៅក្នុងការសិក្សាមួយ គេបានធ្វើការពិសោធន៍លើមនុស្សចំនួន២៦នាក់ ដែលតម្រូវឱ្យ ដេកមិនគ្រប់រយៈពេល២ថ្ងៃជាប់គ្នា ហើយដាក់តេស្តលើការសម្រេចចិត្ត។ ជាលទ្ធផល អ្នកទាំងនោះដែលមិនបានដេកគ្រប់ គឺមានភាពលំបាកក្នុងការសម្រេចចិត្ត។
២. វាធ្វើអោយអ្នកមានអារម្មណ៍ឆេវឆាវនិងឆាប់ខឹង
ការគេងមិនគ្រប់អាចមានឥទ្ធិពលអវិជ្ជមានផ្សេងៗទៅលើមនុស្សម្នាក់ៗ។ យើងដឹងថា វាធ្វើឱ្យយើងមានអារម្មណ៍ឆេវឆាវនិងឆាប់ខឹង ប៉ុន្តែវាក៏ធ្វើឱ្យយើងពិបាក បង្ហាញ អារម្មណ៍វិជ្ជមាននៅលើមុខរបស់យើងដែរ។ អ្នកអាចនឹងជាមនុស្សពូកែក្រញ៉ូវជាប់ ដោយសារតែគេងមិនបានគ្រប់គ្រាន់។ អ្នកដទៃងាយស្រួលកាត់ន័យយល់ណាស់ ថាអ្នកមានអារម្មណ៍បែបណានោះ។
៣. វាអាចធ្វើឱ្យអ្នកឡើងទម្ងន់
ការសិក្សាមួយដែលធ្វើឡើងដោយវេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យឈីកាហ្គោ សហរដ្ឋអាមេរិក បានបញ្ជាក់ថា មានទំនាក់ទំនងរវាងការកើនឡើងចំណង់ អាហារនិងការគេងមិនគ្រប់គ្រាន់។ ពួកគេបានរកឃើញថា នៅពេលគេងលក់មិនគ្រប់ មនុស្សបានញ៉ាំអាហារផ្តេសផ្តាស់មិនល្អសម្រាប់សុខភាព។ អ្នកស្រាវជ្រាវ បានពន្យល់ថា ប្រសិនបើអ្នកគេងបានគ្រប់គ្រាន់អ្នកអាចគ្រប់គ្រងភាពចង់អាហាររបស់អ្នកបានកាន់តែប្រសើរ ជាពិសេសនៅពេលអ្នកឃើញអាហារមិនល្អ។ ប៉ុន្តែគាត់ក៏បានបន្ថែមទៀតថា ប្រសិនបើយើងគេងមិនបានស្កប់ស្កល់នោះ យើងអាចនឹងចេះតែឃ្លាន និងពិបាកក្នុងការទប់អារម្មណ៍៕