​មនុស្ស​គ្រប់គ្នា​ដឹង​ហើយ​ថា ការ​ដែល​ដុះ​ខ្លាញ់​នៅ​ក្បាលពោះ ច្រើន​តែងតែ​អាច​ប៉ះពាល់ ដល់​ទំនុកចិត្ត​របស់​ពួកគេ ប៉ុន្តែ ការ​ដែល​ការ​ដុះ​ក្បាលពោះ លយ​ចេញ​មិន​ក្រៅ​ខ្លាំង ក៏​កាន់តែ​ប៉ះពាល់​ជាង​ទៅទៀត​។ តាមពិត ការ​ដែល​មាន​បញ្ហា​ដុះ​ក្បាល​ពោះធំៗ​បែបនេះ អាច​ប្រឈម​នឹង​បញ្ហា​សុខភាព​ច្រើនណាស់ ជាពិសេស មនុស្ស​ប្រុស​តែម្តង​។ បញ្ហា​សុខភាព​ទាំងនោះ មានដូចជា ជំងឺ​បេះដូង មហារីក ទឹកនោម​ផ្អែម និង​ការ​គេង​បាត់​ដង្ហើម​ជាដើម​។ ថ្វី​បើ​ខ្លាញ់​ដុះ​នៅ​ក្បាលពោះ អាចជា​រឿង​ពិបាក​លុបបំបាត់​ក៏ដោយ តែ​មាន​វិធី​មួយចំនួន ដែល​អាច​ជួយ​ឲ្យ​អ្នក​ជោគជ័យ​បាន​។

ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​
រឿង​ដំបូង​គេ​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​នោះ គឺ​ត្រូវ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ អំពី​ខ្លាញ់​នៅក្នុង​ក្បាលពោះ​អ្នក​ដើម្បី​ស្វែងរក​ដំណោះស្រាយ​ណាមួយ ដែល​ល្អ​បំផុត​របស់​វា​។ គ្រូពេទ្យ​នឹង​អាច​ធ្វើ​តេស្ត​ផ្សេងៗ ដើម្បី​ពិនិត្យ​ទៅលើ កត្តា​ប្រឈម​នឹង​ជំងឺ និង​រក​ដំណោះស្រាយ​ដែល​ល្អ​បំផុត​បាន​។

កាត់បន្ថយ​ការ​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រាត​
ហេតុផល​មួយ ដែល​ធ្វើឲ្យ​ក្បាលពោះ​ដុះ​ខ្លាំង ដោយសារ​តែ​របប​អាហារ សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រាត​ពេក​។ បើសិន​ជា​អ្នក ចង់​បំបាត់​ខ្លាញ់​ក្នុង​ក្បាលពោះ យក​ល្អ គួរតែ​ពិនិត្យ​ទៅលើ​របប​អាហារ និង​ព្យាយាម​កាត់បន្ថយ របប​អាហារ​បែប​នេះ​ឲ្យបាន​ច្រើន​បំផុត​។

ញ៉ាំ​ប្រូតេអ៊ីន​ឲ្យ​ច្រើន​បន្តិច​
សម្រាប់​បុរស​ដែល​កំពុង​តែ​ព្យាយាម បន្ថយ​ខ្លាញ់​ក្បាលពោះ ចូរ​បង្កើន​ការ​ញ៉ាំ​ប្រូតេអ៊ីន​ជំនួស​វិញ​ទៅ​។ បុរស​គួរតែ​ញ៉ាំ​ប្រូតេអ៊ីន​ពី ២០ ទៅ ៦០ ក្រាម​ក្នុង​មួយ​ថ្ងៃ​ឡើង អាស្រ័យ​ទៅ​តាម​កម្រិត ឬ​ការ​ខំ​ហាត់ប្រាណ​ខ្លាំងក្លា​ប៉ុណ្ណា​ដែរ​។ ឧទាហរណ៍ អាហារ​ដែល​សម្បូរ​ទៅដោយ ប្រូតេអ៊ីន​សុទ្ធ​មានដូចជា ស៊ុត សាច់ជ្រូក សាច់មាន់ តៅ​ហ៊ូ និង​សាច់គោ​គ្មាន​ខ្លាញ់​។

កាត់បន្ថយ​ការ​ញ៉ាំ​ផ្អែម​
ថ្វី​បើ​ស្ត្រី​ទំនង​ជា​ចូលចិត្ត​ញ៉ាំ​ផ្អែម​ច្រើនៗ​នោះ បុរស​ក៏​អាច​នឹង​ញ៉ាំ​ច្រើន​ដែរ ដែល​ធ្វើឲ្យ​ក្បាលពោះ​ពួកគេ​ដុស​ខ្លាំង​បែបនេះ​។ ដូច្នេះ ចូរ​តម​ការ​ញ៉ាំ​ភេសជ្ជៈ​មាន​ជាតិ​ផ្អែម ស្ករ​គ្រាប់ និង​នំ​ខេ​ក​ជាដើម​។ បើសិន​ជា​អ្នក​មិន​អាច​ធ្វើបាន​ទេ អ្នក​អាច​កាត់បន្ថយ​វា​បន្តិច​ម្តងៗ​បាន​។

ឈប់​ញ៉ាំ​គ្រឿង​ស្រវឹង​
បើសិន​ជា​អ្នក​ចង់​បន្ថយ​ទំហំ​ក្បាលពោះ យក​ល្អ គួរតែ​តម​ការ​ញ៉ាំ​ស្រា​បៀរ និង​គ្រឿង​ស្រវឹង​ផ្សេងៗ​ទៀត ព្រោះ​វា​ជាដើម​ហេតុ​ញឹកញាប់​មួយ ដែល​នាំ​ឲ្យ​ក្បាលពោះ​ដុះ​ខ្លាំង​។

ហាត់ប្រាណ​
មិន​ខ្វល់​ថា​អ្នក ត្រូវ​ញ៉ាំ​របប​អាហារ​បែបណា​ទេ បើសិនជា​គ្មាន​ការ​ហាត់ប្រាណ​បន្ថែម​ទេ អ្នក​នឹង​មិន​អាច​លុប​បំបាត់ ទំហំ​ក្បាលពោះ​បានឡើយ​។ បើសិន​ជា​អ្នក ពិត​ជា​ចង់​សម្រក​ខ្លាញ់​ក្បាលពោះ​មែន​នោះ មិនគួរណា​ភ្លេច​ហាត់ប្រាណ​ឡើយ​។

សូមបញ្ជាក់​ថា ការ​សម្រក​ខ្លាញ់​ក្បាលពោះ មិនមែន​ជា​រឿង​ងាយ​ឡើយ ប៉ុន្តែ វា​អាច​នឹង​ទៅរួច​កាលណា អ្នក​មាន​បំណង​ចង់​ផ្លាស់ប្តូរ​របៀប​រស់នៅ​។ ចូរ​ចាំ​ថា អ្នក​ប្រឈម​ខ្ពស់ នឹង​ជំងឺ​ជាច្រើន​ប្រភេទ បើសិន​ជា​អ្នក មិន​ធ្វើ​អ្វីមួយ ដើម្បី​លុបបំបាត់​ខ្លាញ់​ក្នុង​ក្បាលពោះ​នេះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង