Join with Health.com.kh on Telegram

ការ​រលាក​ពងស្វាស​ភាគច្រើន​បណ្តាល​មក​ពី​ការ​បង្ក​រោគ​ដោយ​បាក់តេរី ឬ​វីរុស​ជំងឺ​ស្រ​ឡា​ទែន​។ ចំពោះ​ការ​រលាក​ដោយសារ​បាក់តេរី​អាច​បណ្តាល​មក​ពី​ជំងឺ​កាមរោគ ជា​ពិសេស​ជំងឺ​ប្រមេះទឹកបាយ ឬ​ទឹកថ្លា​តែ​ម្តង​។ ការ​រលាក​ពងស្វាស​បង្ក​ជា​ការ​ឈឺចាប់ និង​ប៉ះពាល់​ដល់​លទ្ធភាព​នៃ​ការ​មានកូន​ដែរ​។

ការ​ប្រើ​ថ្នាំ​អាច​ព្យាបាល​មូលហេតុ​នៃ​ការ​បង្ក​រោគ​ដោយ​បាក់តេរី និង​លុប​បំបាត់រោគ​សញ្ញា​នៃ​ការ​បង្ក​រោគ​ដោយ​វីរុស​។ ប៉ុន្តែ​វា​ត្រូវការ​ពេល​ច្រើន ដើម្បី​ឱ្យ​ភាព​ហើម​របស់​ពងស្វាស​ស្រក​ទៅ​វិញ​។ ចំពោះ​ការ​ព្យាបាល​អាកា​រៈរ​លាក​ពងស្វាស​គឺ​អាស្រ័យ​ទៅ​តាម​មូលហេតុ​របស់​វា​ដែរ​។

ការ​រលាក​ពងស្វាស​ដោយសារ​បាក់តេរី
ថ្នាំ​ផ្សះ​គឺជា​តម្រូវការ​ចំ​បាច់​ក្នុង​ការ​ព្យាបាល​ជំងឺ​រលាក​ពងស្វាស​ដែល​បង្ក​ឡើង​ដោយ​បាក់តេរី​។ បើសិនជា​មូលហេតុ​នៃ​ការ​បង្ក​រោគ​ដោយ​បាក់តេរី​គឺ​ជំងឺ​កាមរោគ​វិញ​នោះ ដៃគូ​រួម​ភេទ​ក៏​ត្រូវការ​ព្យាបាល​ដែរ​។

ចូរ​ប្រាកដ​ថា អ្នក​បាន​ប្រើ​ថ្នាំ​ផ្សះ​ទៅ​តាម​វេជ្ជបញ្ជា​របស់​គ្រូពេទ្យ ឱ្យ​បាន​គ្រប់គ្រាន់ បើ​ទោះបីជា​បាត់​រោគ​សញ្ញា​ក្នុង​រយៈពេល​ខ្លី​ក៏​ដោយ​។ វា​ប្រហែលជា​ត្រូវការ​ពេល​ច្រើន​ស​ប្តា​ហ៍​ទើប​បាត់​អាកា​រៈ​ហើម​ពងស្វាស​។ ការ​សម្រាក ការ​ប្រើ​របស់​ទ្រទ្រង់​ថង់​ពងស្វាស ស្អំ​ទឹកកក និង​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​អាច​ជួយ​បំបាត់​អាកា​រៈ​គ្មាន​ផាសុកភាព​បាន​។

ការ​រលាក​ពងស្វាស​ដោយសារ​វីរុស
ការ​ព្យាបាល​ក្នុង​ករណី​នេះ​គឺ​ដើម្បី​បំបាត់រោគ​សញ្ញា​ទេ ហើយ​គ្រូពេទ្យ​ប្រហែលជា​ណែនាំ​ដូច​ខាងក្រោម​នេះ​៖

  • ​ប្រើ​ថ្នាំ​ប្រភេទ Nonsteroidal Anti-inflammatory Drugs ដូចជា Ibuprofen (Advil, Motrin) ឬ Naproxen (Aleve)
  • ​គេង និង​ធ្វើ​យ៉ាងណា​ឱ្យ​ពងស្វាស​នៅ​ខ្ពស់​
  • ​ស្អំ​ទឹកកក​

ការ​រលាក​ពងស្វាស​ដោយ​មិនដឹង​មូលហេតុ
គ្រូពេទ្យ​អាច​នឹង​ណែនាំ​ឱ្យ​ប្រើ​ថ្នាំ​ផ្សះ និង​ថ្នាំ​ប្រឆាំង​ការ​រលាក​ក្នុង​ករណី​រក​មិនឃើញ​មូលហេតុ​សោះ​៕