ភាគច្រើននៃពួកយើងប្រហែលជាមិនធ្លាប់ដឹងទេថាក្រៅពីការលាបពណ៌សក់និងការលេងម៉ូដសក់ដោយប្រើប្រាស់ម៉ាស៊ីន ក៏នៅមានមូលហេតុមួយចំនួនទៀតដែលអាចបណ្ដាលឱ្យសក់បែកចុងមិនឈប់។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបញ្ហាសក់បែកចុងអាចបណ្ដាលមកពីមូលហេតុស្មានមិនដល់អ្វីខ្លះទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាដែលបង្កបញ្ហាសក់បែកចុង ព្រមទាំងគន្លឹះដោះស្រាយបញ្ហានេះ ៖
- កត្តាបង្កឱ្យសក់បែកចុង
១. ការតមអាហារហួសហេតុ
តើអ្នកកំពុងព្យាយាមសម្រកទម្ងន់ដោយបង្អត់អាហារខ្លួនឯងហួសហេតុមែនទេ? វាមិនត្រឹមតែអាចបង្កផលប៉ះពាល់ដល់សុខភាពរបស់អ្នកប៉ុណ្ណោះទេ ប៉ុន្តែក៏ជះឥទ្ធិពលលើរូបរាងនិងសម្រស់ផងដែរ។ សក់ក៏ត្រូវការវីតាមីន ជាតិរ៉ែ និងសារធាតុចិញ្ចឹមគ្រប់គ្រាន់ដើម្បីរក្សាបាននូវសុខភាពល្អរឹងមាំចៀសផុតបញ្ហាបែកចុង។ ការតមអាហារពេក ពិសេសអាហារសុខភាពល្អអាចបណ្ដាលឱ្យរាងកាយទាំងមូលជួបប្រទះនូវបញ្ហាកង្វះសារធាតុចិញ្ចឹមដែលត្រូវការចាំបាច់។
២. ទម្លាប់ទទួលទានអាហារគ្មានសុខភាពល្អ
អ្នកគួរចៀសវាងទទួលទានអាហារគ្មានសុខភាពល្អប្រភេទកែច្នៃ ព្រមទាំងអាហារកញ្ចប់ ឬអាហារដែលមានផ្ទុកសម្បូរទៅដោយស្ករនិងខ្លាញ់។ អាហារទាំងនេះអាចបង្កផលប៉ះពាល់ដល់សុខភាពរាងកាយទាំងមូល ព្រមទាំងសក់នាំឱ្យបែកចុង។
៣. ការជក់បារី
ការជក់បារីក៏អាចបណ្ដាលឱ្យសក់បែកចុងនិងជួបប្រទះនូវបញ្ហាផ្សេងទៀតផងដែរ។ សារធាតុពុលជាច្រើនប្រភេទក្នុងបារីជ្រាបចូលលំហូរឈាម ហើយបណ្ដាលឱ្យឈាមរត់មិនបានត្រឹមត្រូវទៅកាន់គ្រប់ផ្នែកនៃរាងកាយ ព្រមទាំងស្បែកក្បាល។ ការផ្គត់ផ្គង់ឈាមមិនបានគ្រប់គ្រាន់នាំឱ្យកើតមានបញ្ហាកង្វះអុកស៊ីសែនទៅកាន់ស្បែកក្បាល ហើយការលិតជាតិប្រេងការពារក៏ថយចុះបណ្ដាលឱ្យសក់ស្ងួតឆាប់បែកចុង។
៤. ស្ត្រេសពេក
ក្រៅពីបណ្ដាលឱ្យសក់ជ្រុះ ភាពតានតឹងក្នុងអារម្មណ៍ ឬស្ត្រេសពេកក៏បង្កបញ្ហាសក់បែកចុងផងដែរ។ ដូច្នេះដើម្បីចៀសផុតបញ្ហានេះចូរព្យាយាមបន្ធូរអារម្មណ៍គ្រប់គ្រងភាពស្ត្រេស។
៥. ការសិតសក់ច្រើនពេក
អ្វីក៏ដោយ ឱ្យតែពេក គឺមិនល្អឡើយ! ការសិតសក់ក៏ដូចគ្នា។ ដូច្នេះដើម្បីជាការប្រសើរចូរកុំសិតសក់ញឹកញាប់ពេក។ ព្យាយាមសិតថ្នមៗនិងប្រើប្រាស់ម្រាមដៃជាជំនួយដោះសក់ដែលជំពាក់ជាប់គ្នា។
- គន្លឹះព្យាបាល
១. លាបម៉ាស្សាប្រេងល្អគុណភាពខ្ពស់លើសក់
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូង, ប្រេងអូលីវ, ប្រេងគ្រាប់អាល់ម៉ុន ឬប្រេងល្ងលើចុងសក់។ រងចាំសម្រាប់រយៈពេលយ៉ាងហោចណាស់ ២០ នាទី សឹមលាងសម្អាតចេញ។
២. ស៊ុត
ពី ២ ទៅ ៣ដងក្នុងមួយសប្តាហ៍គោះស៊ុត ១គ្រាប់ រួចកូរវឹកឱ្យសព្វមុននឹងយកមកលាបម៉ាស្សាលើសក់ពីគល់ទៅចុង។ រងចាំសម្រាប់រយៈពេលប្រហែល ៣០នាទី មុនកក់សម្អាតចេញ។
៣. ប្រទាលកន្ទុយក្រពើ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាជែលប្រទាលកន្ទុយក្រពើលើចុងសក់ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី សឹមលាងសម្អាតចេញ។ អនុវត្តឱ្យបានពី ២ ទៅ ៣ ដងក្នុងមួយសប្តាហ៍។
៤. ទទួលទានអាហារសុខភាពល្អ
ការទទួលទានអាហារដែលផ្ដល់ឱ្យរាងកាយនូវសារធាតុចិញ្ចឹមគ្រប់គ្រាន់ស្របតាមតម្រូវការនៃសក់និងស្បែកក្បាល គឺជាវិធីដ៏ប្រសើរបំផុតមួយដើម្បីព្យាបាល ក៏ដូចជាទប់ស្កាត់បញ្ហាសក់បែកចុង។ ដូច្នេះត្រូវប្រាកដថាអ្នកបានទទួលទានអាហារសម្បូរប្រូតេអ៊ីន ស័ង្កសី ជាតិដែក អ៊ីយ៉ូដ វីតាមីន A វីតាមីន C និងវីតាមីន E ជាប្រចាំ៕