បញ្ហាសក់ស្ងួតខូចមែនទេ?(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកដោះស្រាយឡើយ! ត្រូវធ្វើបែបណាទៅ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីរូបមន្តធម្មជាតិព្យាបាលសក់ស្ងួតខូច ៖
១. រូបមន្តផ្លែបឺរ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរទុំម៉ដ្ឋ ១ ផ្លែ ជាមួយប្រេងអូលីវឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។ រូបមន្តនេះនឹងជួយឱ្យសក់ទន់រលោងមានទម្ងន់ ហើយរឹងមាំ។
២. ប្រេងដូង
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាប្រេងដូងលើសក់ដែលស្ងួតខូច និងទុកចោលសម្រាប់រយៈពេលពេញមួយយប់ រួចលាងសម្អាតចេញនៅព្រឹកបន្ទាប់។ អ្នកក៏អាចប្រើប្រាស់ប្រេងដូងដើម្បីព្យាបាលសក់ស្ងួតខូចតាមរបៀបមួយទៀតដោយនៅមុនពេលងូតទឹកក្ដៅ ចូរលាបប្រេងដូងពេញសក់និងចាប់ផ្ដើមប្រើក្រាស់សិតសក់ថ្នមៗ។ បន្ទាប់មករុំសក់ជាមួយកន្សែងក្ដៅឧណ្ហៗ និងរងចាំសម្រាប់រយៈពេលពី ១៥ ទៅ ២០នាទី។ លាងជម្រះចេញដោយងូតទឹកផ្កាឈូកក្ដៅឧណ្ហៗ។ កក់សក់ជាមួយសាប៊ូកម្រិតស្រាល និងមិនត្រូវប្រើប្រាស់ក្រែមបន្ទន់សក់សម្រាប់រយៈពេល ២ថ្ងៃក្រោយពេលអនុវត្តរូបមន្តនេះ។
៣. ទឹកឃ្មុំ
លាបទឹកឃ្មុំលើសក់ និងសិតសក់ថ្នមៗដោយប្រើម្រាមដៃ។ ត្រូវប្រាកដថាអ្នកលាបទឹកឃ្មុំច្រើនលើចុងសក់។ រងចាំសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកក្ដៅឧណ្ហៗ។
៤. ប្រេងដូង និងទឹកឃ្មុំ
លាយប្រេងដូង ១ភាគ ជាមួយទឹកឃ្មុំ ២ភាគ ឱ្យសព្វចូលគ្នា ហើយល្បាយនេះនឹងរាងខាប់ៗ។ ដាក់កន្សែងគ្របលើស្មាចៀសវាងការហៀរប្រឡាក់។ លាបល្បាយលើសក់ និងសិតថ្នមៗឱ្យពេញសក់ បន្ទាប់មកពាក់មួកផ្លាស្ទិក។ រងចាំសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញជាមួយសាប៊ូកម្រិតស្រាល។ ចៀសវាងប្រើប្រាស់សាប៊ូកក់សក់មានផ្ទុកជីអង្កាម។
៥. ស៊ុត និងប្រេងអូលីវ
អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកូរវឹកស៊ុត ១គ្រាប់ឱ្យសព្វ បន្ទាប់មកបន្ថែមប្រេងអូលីវ ១ ស្លាបព្រាបាយចូល និងកូរឱ្យសព្វម្ដងទៀត។ លាបម៉ាស្សាល្បាយលើស្បែកក្បាលនិងសក់សម្រាប់រយៈពេល ២នាទី ប្រសិនបើអ្នកមានស្បែកក្បាលខ្លាញ់ ចូរប្រើប្រាស់ល្បាយតែលើសក់បានហើយ។ បន្ទាប់មកប្រើប្រាស់កន្សែងរុំសក់ និងរងចាំសម្រាប់រយៈពេល ១៥នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់៕