អត្រានៃចង្វាក់បេះដូងដើរញាប់ គឺជាបញ្ហាសុខភាពគួរអោយព្រួយបារម្ភមួយដែលអាចបណ្ដាលមកពីកត្តាជាច្រើនផ្សេងៗពីគ្នា។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើមូលហេតុទូទៅបំផុតអ្វីខ្លះដែលនាំឱ្យមានបញ្ហាបេះដូងលោតញាប់ខុសប្រក្រតី? ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីមូលហេតុទាំងនោះ ៖

១. ស្ត្រេស ឬភាពតានតឹងក្នុងអារម្មណ៍

អ្នកអាចនឹងជួបប្រទះបញ្ហាចង្វាក់បេះដូងលោតញាប់នៅរាល់ពេលមានអារម្មណ៍តានតឹង ឬស្ត្រេស។ នោះក៏ព្រោះតែលំហូរឈាមរបស់អ្នកពោរពេញទៅដោយអ័រម៉ូនស្ត្រេសដូចជា cortisol និង adrenaline ដែលរំញោចប្រព័ន្ធសសៃប្រសាទ។ ដូច្នេះដើម្បីជាការប្រសើរចូរព្យាយាមកាត់បន្ថយកម្រិតនៃភាពស្ត្រេសរបស់អ្នក។ វេជ្ជបណ្ឌិតជាច្រើននិយាយថាស្ត្រេសរ៉ាំរ៉ៃអាចជះឥទ្ធិពលគួរឱ្យព្រួយបារម្ភចំពោះសុខភាព។

២. កង្វះជាតិទឹកក្នុងរាងកាយ

ប្រសិនបើអ្នកទទួលទានទឹកមិនបានប្រហែល ២ លីត្រក្នុងមួយថ្ងៃទេនោះកុំឆ្ងល់ថាតើហេតុអ្វីបានជាបេះដូងហាក់ដូចជាលោតញាប់ជាងធម្មតា។ កង្វះជាតិទឹកក្នុងរាងកាយធ្វើឱ្យឈាមឡើងខាប់ ហើយបរិមាណឈាមថយចុះ ហើយបេះដូងនឹងខំលោតញាប់ខ្លាំងជាងមុនដើម្បីព្យាយាមផ្គត់ផ្គង់អុកស៊ីសែនគ្រប់គ្រាន់ទៅកាន់សរីរាង្គទាំងអស់។

៣. អតុល្យភាពនៃអេឡិចត្រូលីត្រក្នុងរាងកាយ

ត្រូវប្រាកដថាអ្នកបានទទួលទានសារធាតុរាវបានច្រើនគ្រប់គ្រាន់ក្នុងមួយថ្ងៃៗ! ក៏ព្រោះកង្វះជាតិទឹកក្នុងរាងកាយអាចបង្កបញ្ហាចង្វាក់បេះដូងលោតមិនទៀងទាត់ ជាពិសេសប្រសិនបើអ្នកជួបប្រទះបញ្ហាអតុល្យភាពអេឡិចត្រូលីតដូចជាសូដ្យូម ប៉ូតាស្យូម ម៉ាញ៉េស្យូម និងកាល់ស្យូម។

៤. ទទួលទានកាហ្វេច្រើនពេក

ការទទួលទានកាហ្វេខ្លាំង ឬច្រើនពេកអាចបណ្ដាលឱ្យបេះដូងលោតញាប់ខុសធម្មតា។ នោះក៏ព្រោះតែកាហ្វេមានផ្ទុកជាតិកាហ្វេអ៊ីន និងលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលសុទ្ធតែជាកត្តានាំឱ្យបេះដូងលោតញាប់។

៤. ទទួលទានគ្រឿងស្រវឹងច្រើន

ក៏មិនខុសពីកាហ្វេដែរ គ្រឿងស្រវឹងមានលក្ខណៈសម្បត្តិបញ្ចុះជាតិទឹកដែលធ្វើឱ្យរាងកាយខ្សោះជាតិទឹកឆាប់រហ័ស។ លើសពីនេះទៅទៀតបេះដូងនឹងលោតញាប់ក្រោយទទួលទានគ្រឿងស្រវឹងច្រើន ក៏ព្រោះវាព្យាយាមកម្ចាត់ជាតិពុលក្នុងរាងកាយ។

៥. ជក់បារី

នីកូទីនក្នុងបារី គឺជាសារធាតុគីមីដែលមានលក្ខណៈសម្បត្តិរំញោចនាំឱ្យចង្វាក់បេះដូងលោតញាប់ជាងធម្មតា។

សម្គាល់! ពេលខ្លះអាការៈបេះដូងលោតញាប់អាចបណ្ដាលមកពីបញ្ហាសុខភាពណាមួយភាគច្រើនពាក់ព័ន្ធនឹងសសៃឈាមបេះដូងដែលចាំបាច់ត្រូវទទួលការវិនិច្ឆ័យនិងព្យាបាលត្រឹមត្រូវពីសំណាក់គ្រូពេទ្យជំនាញ។ ជំងឺក្រពេញទីរ៉ូអ៊ីតក៏ជាកត្តាចម្បងមួយដែលបង្កអាការៈអត្រានៃចង្វាក់បេះដូងលោតញាប់ផងដែរ។ ករណីមួយចំនួនទៀតបណ្ដាលមកពីបញ្ហាសួត។ ប្រសិនបើអ្នកសង្ស័យថាអត្រានៃចង្វាក់បេះដូងរបស់ខ្លួនលោតញាប់មកពីបញ្ហាសុខភាពណាមួយនោះ ចូរកុំស្ទាក់ស្ទើនឹងទៅជួបពិគ្រោះជាមួយគ្រូពេទ្យ៕