ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា បុរសវ័យចំណាស់បង្កើនហានិភ័យនៃការវិវត្តទៅជាជំងឺមហារីកស្បែក, ប៉ុន្តែភាគច្រើនគឺមិនខ្វាយខ្វល់អំពីការការពារពីកម្តៅថ្ងៃ និងមិនដឹងថាតើគួរសង្កេតមើលដោយខ្លួនគាត់យ៉ាងដូចម្តេចចំពោះរោគសញ្ញានៃជំងឺមហារីកស្បែកនេះ។
នេះគឺជាការព្រួយបារម្ភដោយសារតែជិត ១៣២.០០០ ករណី នៃជំងឺមហារីកស្បែកនេះនឹងត្រូវបានគេធ្វើរោគវិនិច្ឆ័យនៅក្នុងឆ្នាំ ២០១២។ នេះបើយោងតាម American Academy of Dermatology ។
ការស្ទង់មតិនេះបានបង្ហាញថា បុរសជាច្រើនមិនការពារខ្លួនពួកគេពីកម្តៅព្រះអាទិត្យនោះទេនៅពេលដែលពួកគេចេញក្រៅ និងអ្នកមួយចំនួនជឿថា ការប៉ះពាល់នឹងកម្តៅព្រះអាទិត្យគឺជារឿងល្អសម្រាប់សុខភាព។ វេជ្ជបណ្ឌិត ថូម៉ាស រ៉ូរ៉េ (Thomas Rohrer) ជាគ្រូពេទ្យឯកទេសជំងឺស្បែក និងជាសាស្ត្រាចារ្យនៃជំងឺស្បែកនៅឯសាកលវិទ្យាល័យវេជ្ជសាស្ត្រ Brown បាននិយាយថានេះគឺជាបញ្ហាមួយដែលពន្លឺថ្ងៃដែលកត្តាហានិភ័យចំបងចំពោះអ្នកជំងឺគឺប៉ះពាល់ទៅនឹងពន្លឺអ៊ុលត្រាវីយ៉ូឡេ។
ការស្ទង់មតិថ្នាក់ជាតិបានបង្ហាញថា បុរសត្រឹមតែ ២៩% ការពារស្បែករបស់ពួកគេនៅពេលដែលពួកគេចេញក្រៅ។ ស្របពេលដែល ៤៣% នៃស្ត្រីគឺធ្វើការប្រុងប្រយ័ត្នយ៉ាងខ្លាំង។
លើសពីនេះទៅទៀត, ៣៩% នៃបុរសបាននិយាយថា ពួកគេចូលចិត្តការប៉ះពាល់ទៅនឹងកម្តៅព្រះអាទិត្យ និងមិនបារម្ភអំពីរបៀបនៃការការពារពួកគេពីកម្តៅព្រះអាទិត្យនោះទេ, បើប្រៀបទៅនឹងស្ត្រីគឺមាន ២៨%។
ទោះបីជាយ៉ាងណាក៏ដោយ, ៤៩% នៃស្ត្រីបាននិយាយថា ពួកគេដឹងពីរបៀបពិនិត្យស្បែករបស់ពួកគេដែលជាសញ្ញានៃជំងឺមហារីក, ហើយការស្រាវជ្រាវក៏បានបង្ហាញថា ៤៦% នៃបុរសបានដឹងពីរបៀបថាតើវាគួរត្រូវបានគេធ្វើយ៉ាងដូចម្តេច។
រ៉ូរ៉េបាននិយាយថា បុរសចាំបាច់ពិនិត្យស្បែករបស់ពួកគេ និងពិនិត្យជាមួយគ្រូពេទ្យឯកទេសថាតើស្បែករបស់ពួកគេមានការប្រែប្រួល, ឈាម ឬដុះសាច់ឬយ៉ាងណា។
ជាសំណាងល្អ, អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា អត្រានៃការរស់រានមានជីវិត ៥ឆ្នាំ បន្ទាប់ពីជំងឺមហារីកស្បែកនេះត្រូវបានធ្វើរោគវិនិច្ឆ័យ និងត្រូវបានគេព្យាបាលមុនវារាលដាលទៅលើកូនកណ្តុរ គឺមានរហូតដល់ ៩៨%។
រ៉ូរ៉េបានសរុបថា លទ្ធផលនៃការស្ទង់មតិគួរតែប្រាប់បុរសអំពីការការពារស្បែករបស់ពួកគេពីការប៉ះពាល់ទៅនឹងកម្តៅព្រះអាទិត្យ និងពិនិត្យទៅលើស្បែករបស់ពួកគេជាទៀងទាត់ចំពោះជំងឺមហារីកស្បែកនេះ។ ការពិនិត្យនេះគឺមានសារៈសំខាន់ចាប់ពីព្រោះការស្វែងរកទាន់ពេលនៃជំងឺមហារីកស្បែកជួយសង្គ្រោះជីវិតបាន។