ធម្មតាការមានផ្ទៃពោះគឺជារឿងសំខាន់មួយសម្រាប់ស្ត្រីគ្រប់រូប និងមនុស្សនៅជុំវិញខ្លួន ប៉ុន្តែនៅពេលស្ត្រីដឹងថាខ្លួនកំពុងតែពរពោះកូនពីរនាក់ហើយ អញ្ជឹងការថែរក្សាសុខភាពកាន់តែសំខាន់ និងមានការយកចិត្តទុកដាក់ខ្ពស់ជាងគេណាស់ហើយ។ ដូច្នេះ ការថែទាំសុខភាពឲ្យល្អតាមរយៈរបៀបរស់នៅ និងរបបអាហារនានានឹងជួយអ្នកចៀសផុតពីផលវិបាកផ្សេងៗ និងល្អបំផុតសម្រាប់សុខភាពកូនទាំងពីរក្នុងផ្ទៃផង។
យកល្អគួរតែមានការថែរក្សាមុនពេលសម្រាលឲ្យបានល្អផង។ មានន័យថា អ្នកត្រូវតែជ្រើសរើសឆ្មប ដែលមានជំនាញ ឬគ្រូពេទ្យដែលមានបទពិសោធន៍ខ្ពស់ដើម្បីថែទាំអ្នកគ្រប់ពេលអ្នកត្រូវការ ឬពិគ្រោះយោបលជាមួយ។
ការដែលមានរបៀបរស់នៅ និងរបបអាហារប្រកបដោយសុខភាពក្នុងពេលមានផ្ទៃពោះគឺជារឿងសំខាន់។ ដូច្នេះចូរញ៉ាំអាហារឲ្យបានគ្រប់គ្រាន់ ហាត់ប្រាណថ្នមៗ ញ៉ាំទឹកឲ្យបានច្រើន ហើយបើសិនជាមានអារម្មណ៍តានតឹងខ្លាំង ចូរសុំជំនួយពីមិត្តភក្តិ និងក្រុមគ្រួសារ ឬអាចនិយាយរឿងទាំងនោះជាមួយឆ្មប ឬគ្រូពេទ្យដើម្បីគេអាចជួយដោះស្រាយ។
អ្នកខ្លះគិតថា បើសិនជាអ្នកមានកូនភ្លោះបែបនេះ អ្នកត្រូវតែញ៉ាំអាហារបន្ថែមឲ្យបានច្រើន ប៉ុន្តែវាមិនអញ្ចឹងឡើយ។ ប្រភេទអាហារដែលអ្នកគួរញ៉ាំគឺសំខាន់ជាងទៅវិញទេជាងចំនួនដែលអ្នកញ៉ាំទៅទៀត។ ក្រៅពីនេះ អ្នកប្រហែលជាត្រូវបានគ្រូពេទ្យណែនាំឲ្យញ៉ាំថ្នាំបំប៉នជាតិដែកបន្ថែមទៀតផង។
អ្វីដែលកាន់តែសំខាន់នោះគឺត្រូវតែធ្វើការណាត់ជួបជាមួយគ្រូពេទ្យតាមពេលវេលាដែលបានកំណត់រួចដើម្បីពេទ្យអាចតាមដានសុខភាពរបស់កូនបានត្រឹមត្រូវ និងធានាបានថាមិនមានអ្វីខុសប្រក្រតី។
ស្ត្រីមានផ្ទៃពោះជាកូនភ្លោះភាគច្រើនគឺមានសុខភាពល្អធម្មតា។ ប៉ុន្តែផលវិបាកជាច្រើនក៏អាចនឹងកើតមានដែរដូចជា៖
- រលូតកូន
- កូនភ្លោះដែលឃើញតែក្នុងពេលថតអេកូដំបូង តែលើកក្រោយមិនឃើញទៅវិញ (Vanishing Twin Syndrome)
- លើសសម្ពាធឈាម និងត្រៀមក្រឡាភ្លើង
- ធ្លាក់ឈាម
- កូនកើតមិនគ្រប់ខែ
- កូនកើតមិនគ្រប់ទម្ងន់
- កូនកើតមកខ្វះអវៈយវៈ
- មានការលូតលាស់មិនត្រឹមត្រូវ ឬពិការភាព
អ្នកអាចនឹងគិតគូរឲ្យហើយអំពីការសម្រាលកូនដោយវះកាត់ ព្រោះវាជាជម្រើសដ៏មានសុវត្ថិភាព ប៉ុន្តែគួរតែពិភាក្សាជាមួយគ្រូពេទ្យ ឬឆ្មបសិនថាតើសម្រាលដោយធម្មជាតិអាចធ្វើទៅបានឬអត់។
សម្រាប់កូនភ្លោះទំនងជាអាចកើតមុនសប្តាហ៍ទី ៣៨ ហើយក៏អាចនឹងត្រូវចំណាយពេលច្រើនក្នុងការថែទាំក្នុងមន្ទីរពេទ្យសិនផងដែរ៕