ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថាសម្ពាធឈាមឡើងខ្ពស់អាចបង្កបញ្ហាគាំងបេះដូងនិងដាច់សសៃឈាមខួរក្បាល។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាសម្ពាធឈាមចុះទាបក៏អាចបង្កគ្រោះថ្នាក់ទាំងនេះចំពោះសុខភាពដែរ? វេជ្ជបណ្ឌិតបានឱ្យដឹងថា សម្ពាធឈាមចុះទាប គឺសម្ពាធឈាមដែលទាបជាង 90/60mmHg។ កម្រិតនៃសម្ពាធឈាមប្រក្រតី គឺរវាងចន្លោះ 120/80mmHg និង 90/60mmHg។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីកត្តាបង្កឱ្យសម្ពាធឈាមចុះទាបខ្លាំង ៖
១. ភាពអសកម្ម
ការចំណាយពេលគេង ឬអង្គុយច្រើនជាងធ្វើសកម្មភាពផ្សេងៗរួមទាំងលំហាត់ប្រាណនោះហានិភ័យនៃបញ្ហាសម្ពាធឈាមចុះទាបខុសប្រក្រតីនឹងកើនឡើង។ ការមិនធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ក៏ជាកត្តាចម្បងនៃបញ្ហាសម្ពាធឈាមឡើងខ្ពស់ផងដែរ។
២. ការប៉ះផ្ទាល់នឹងកម្ដៅច្រើនលើសលុបពេក
រាងកាយនឹងព្យាយាមធ្វើគ្រប់យ៉ាងដើម្បីរក្សាឱ្យបាននូវសីតុណ្ហភាពប្រក្រតី។ នៅពេលអ្នកប៉ះផ្ទាល់នឹងកម្ដៅច្រើនពេក នោះសសៃឈាមនឹងរីកដើម្បីជម្រុញកម្ដៅឱ្យចេញពីរាងកាយ។ ទោះជាយ៉ាងណាការរីកនៃសសឈាមអាចជាលទ្ធផលដែលនាំឱ្យសម្ពាធឈាមចុះទាប។ នៅមានវិធីម្យ៉ាងទៀតដែលរាងកាយធ្វើឱ្យខ្លួនឯងចុះត្រជាក់នៅពេលប៉ះផ្ទាល់នឹងកម្ដៅលើសលុប នោះគឺការបែកញើសដែលជាអ្វីមួយបង្កជាបញ្ហាសម្ពាធឈាមចុះទាបខ្លាំងផងដែរ។
៣. ខ្សោះជាតិទឹកក្នុងរាងកាយ
រាងកាយត្រូវការជាតិទឹកគ្រប់គ្រាន់ជាចាំបាច់ដើម្បីរក្សាបរិមាណឈាមប្រក្រតី។ ប្រសិនបើអ្នករក្សាបាននូវបរិមាណឈាមប្រក្រតី នោះសម្ពាធឈាមក៏អាចស្ថិតក្នុងកម្រិតធម្មតាផងដែរ។ ប៉ុន្តែក្នុងករណីអ្នកទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់ ឬមិនអាចរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយទេ នោះបរិមាណឈាមនឹងធ្លាក់ចុះ ហើយនេះជាមូលហេតុចម្បងនាំឱ្យសម្ពាធឈាមធ្លាក់ចុះដូចគ្នា។ ដូច្នេះដើម្បីជាការប្រសើរ ត្រូវប្រាកដថាអ្នកទទួលទានទឹកបានច្រើនគ្រប់គ្រាន់ជាប្រចាំ។
៤. ទទួលទានគ្រឿងស្រវឹងច្រើនពេក
ពិតណាស់ការទទួលទានគ្រឿងស្រវឹងច្រើនអាចបង្កើនកម្រិតនៃសម្ពាធឈាម ព្រមទាំងអត្រានៃចង្វាក់បេះដូង។ ប៉ុន្តែនៅពេលផលប៉ះពាល់នៃការទទួលទានគ្រឿងស្រវឹងលេចឡើង សម្ពាធឈាមឡើងខ្ពស់ក៏ប្រែជាធ្លាក់ចុះទាបភ្លាមៗ។ ថាតើអ្នកធ្លាប់ដឹងទេថាគ្រឿងស្រវឹងមានផ្ទុកលក្ខណៈសម្បត្តិបញ្ចុះជាតិទឹក? ជាលទ្ធផលនៃកង្វះជាតិទឹកក្នុងរាងកាយ នោះសម្ពាធឈាមអាចនឹងធ្លាក់ចុះទាបគួរឱ្យបារម្ភ។
៥. ជំងឺបេះដូង
សម្ពាធឈាមឡើងខ្ពស់ជាធម្មតាផ្សារភ្ជាប់នឹងជំងឺបេះដូង ប៉ុន្តែថាតើអ្នកធ្លាប់ដឹងទេថាសម្ពាធឈាមចុះទាបពេកក៏ជាកត្តាចម្បងមួយដែលបង្កជំងឺនេះដែរ? នេះហើយជាមូលហេតុដែលអ្នកចាំបាច់គួរទៅជួបពិគ្រោះជាមួយគ្រូពេទ្យជំនាញ ប្រសិនបើអ្នកសម្គាល់ឃើញថាសម្ពាធឈាមរបស់ខ្លួនចុះទាបជានិច្ច។ នៅពេលមានជំងឺបេះដូង នោះសាច់ដុំបេះដូងប្រែជាខ្សោយដែលនាំឱ្យបេះដូងមិនអាចបូមឈាមបានប្រក្រតីដើម្បីផ្គត់ផ្គង់អុកស៊ីសែនទៅរាល់សរីរាង្គក្នុងរាងកាយ៕