ចង់កម្ចាត់ជាតិពុលពីក្នុងរាងកាយ និងបំបាត់អាការៈពិបាកក្នុងខ្លួនធីងធោងក្រោយពេលទទួលទានគ្រឿងស្រវឹងច្រើនជ្រុលឬ? (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) មិនពិបាកឡើយ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗបំបាត់អាការៈធីងធោងក្រោយពេលទទួលទានគ្រឿងស្រវឹងច្រើន ៖
១. ទទួលទានទឹកឱ្យបានច្រើន
គ្រឿងស្រវឹងអាចបណ្ដាលឱ្យរាងកាយខ្សោះជាតិទឹកដោយវាមានលក្ខណៈសម្បត្តិបញ្ចុះទឹកនោម។ នេះហើយជាមូលហេតុដែលអ្នកគួរព្យាយាមទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ដើម្បីជំនួសសារធាតុរាវដែលបាត់បង់។ ក្រៅពីជួយរាងកាយឱ្យរក្សាបាននូវជាតិទឹកគ្រប់គ្រាន់ឡើងវិញហើយនោះ ការទទួលទានទឹកក៏ជួយកម្ចាត់រាល់ជាតិពុលផ្សេងៗដែលបណ្ដាលឱ្យអាការៈធីងធោងពិបាកក្នុងខ្លួនកើតឡើងផងដែរ។
២. ធ្វើសកម្មភាពរាងកាយឱ្យបែកញើស
ខណៈពេលអាការៈពិបាកក្នុងខ្លួនធ្វើទុក្ខឡើង អ្នកគួរព្យាយាមរក្សាសកម្មភាពរាងកាយទើបប្រសើរ។ អ្នកអាចធ្វើលំហាត់ប្រាណងាយៗដូចជាដើរ។ ការធ្វើលំហាត់ប្រាណ គឺជាវិធីដ៏ល្អបំផុតមួយដើម្បីកម្ចាត់ជាតិពុលពីក្នុងរាងកាយបន្ទាប់ពីអ្នកទទួលទានគ្រឿងស្រវឹងនិងបំបាត់អាការៈធីងធោងពិបាកក្នុងខ្លួនតាមរយៈញើស។ ការធ្វើសកម្មភាពរាងកាយបញ្ចេញញើសក៏ជួយបង្កើនកម្រិតនៃអ័រម៉ូន endorphins ដែលជួយឱ្យអារម្មណ៍ល្អនិងសម្រួលលំហូរឈាមផងដែរ។
៣. ទទួលទានអាហារសុខភាពល្អ
ភាគច្រើននៃពួកយើងឃ្លានអាហារគ្មានសុខភាពល្អដែលសម្បូរខ្លាញ់និងជាតិប្រេងមិនល្អនៅពេលស្រវឹង! ប៉ុន្តែអាហារប្រភេទនេះហើយដែលបណ្ដាលឱ្យអាការៈក្រោយពេលស្រវឹងកាន់តែអាក្រកឡើងនិងអាចក្អួត។ ប្រភេទនៃអាហារដ៏ប្រសើរសម្រាប់ទទួលទានក្រោយពេលផឹក គឺគួរតែជាប្រភេទនៃអាហារដែលសម្បូរដោយខ្លាញ់ល្អនិងប្រូតេអ៊ីន។ អាហារប្រភេទនេះជួយកម្ចាត់ជាតិពុលនិងទប់ស្កាត់អាការៈខ្សោះជាតិទឹក។
៤. គេងឱ្យបានគ្រប់គ្រាន់
ចូរសម្រាកឱ្យបានគ្រប់គ្រាន់នៅថ្ងៃបន្ទាប់ដើម្បីអាចឱ្យរាងកាយស្ដារថាមពលឡើងវិញក្រោយពេលស្រវឹងខ្លាំងពីយប់។
៥. ចៀសវាងទទួលទានកាហ្វេ
អ្នកចាំបាច់ត្រូវស្ដារជាតិទឹកក្នុងរាងកាយឱ្យបានគ្រប់គ្រាន់ឡើងវិញក្រោយពេលផឹក ដូច្នេះវាមិនមែនជាជម្រើសដ៏ប្រសើរឡើយក្នុងការទទួលទានកាហ្វេ។ នេះក៏ព្រោះតែកាហ្វេមានផ្ទុកលក្ខណៈសម្បត្តិបញ្ជុះទឹកនោមដែលអាចធ្វើឱ្យរាងកាយកាន់តែបាត់បង់ជាតិទឹក ហើយអាការៈធីងធោងពិបាកក្នុងខ្លួនក្រោយពេលស្រវឹងកាន់តែធ្ងន់ធ្ងរឡើង៕