ការសម្អាតស្បែកក្បាលបន្សាបជាតិពុល គឺចាំបាច់ណាស់ដើម្បីរក្សាសុខភាពសក់ដោយកាត់បន្ថយហានិភ័យនៃបញ្ហាស្ងួតនិងស្ទះរន្ធរោមលើស្បែកក្បាល។(អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើត្រូវធ្វើដូចម្ដេចទើបអាចសម្អាតស្បែកក្បាលបន្សាបជាតិពុលបានត្រឹមត្រូវ? កុំបារម្ភ! ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីគន្លឹះងាយៗសម្អាតបន្សាបជាតិពុលពីស្បែកក្បាល ៖

១. ទឹកក្រូចឆ្មារស្រស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាបាយជាមួយទឹកធម្មតា ១ពែង និងប្រេងផ្កាឡាវ៉េនដឺចំនួន ៥ដំណក់ (ក្នុងករណីស្បែកក្បាលស្ងួតខ្លាំង ហើយរបក)។ កូរលាយឱ្យសព្វ សឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី។ រងចាំសម្រាប់រយៈពេល ៥នាទី សឹមលាងសម្អាតចេញ។

២. ម្សៅ Baking soda លាយម្សៅឈើអែម និងប្រេងអូលីវ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយម្សៅ Baking soda ១ស្លាបព្រាកាហ្វេ ជាមួយម្សៅឈើអែម ១ភាគ៤ ឬមួយចុងស្លាបព្រាកាហ្វេនិងប្រេងអូលីវ ១ស្លាបព្រាបាយ។ កូរឱ្យសព្វចូលគ្នា រួចសឹមលាបម៉ាស្សាល្បាយលើស្បែកក្បាលដោយប្រើចុងម្រាមដៃ។ ពាក់មួកផ្លាស្ទិកសម្រាប់ងូតទឹកតាមក្រោយ (ត្រូវប្រាកដថាបានគ្របជិតសក់និងស្បែកក្បាល) សម្រាប់រយៈពេលពី ១០ ទៅ ១៥ នាទី។ លាងសម្អាតសក់និងស្បែកក្បាលចេញជាមួយសាប៊ូនិងប្រើក្រែមបន្ទន់ដូចពេលធម្មតា។

៣. អំបិលសមុទ្រ

អ្វីដែលអ្នកត្រូវការ គឺសាប៊ូកក់សក់ ១ស្លាបព្រាបាយ, អំបិលសមុទ្រ ១ស្លាបព្រាបាយ និងប្រេងអូលីវ ១ស្លាបព្រាកាហ្វេ។ កូរលាយឱ្យសព្វចូលគ្នាសិន សឹមយកមកកក់សក់ដូចពេលធម្មតា។ ម៉ាស្សាថ្នមៗ សឹមលាងសម្អាតចេញដោយប្រើប្រាស់ទឹកត្រជាក់លាងជម្រះលើកចុងក្រោយ។

៤. ម្សៅ baking soda

អ្វីដែលអ្នកត្រូវការ គឺទឹកធម្មតា ១ពែង ប្រេងផ្កាឡាវ៉េនដឺ ៥ដំណក់ ម្សៅ baking soda ១ស្លាបព្រាបាយ និងប្រេងអាល់ម៉ុន ២ ស្លាបព្រាកាហ្វេ។ អ្នកចាំបាច់ត្រូវផ្សើមសក់ជាមុនសិន សឹមលាបម៉ាស្សាល្បាយលើសក់និងស្បែកក្បាល។ រងចាំសម្រាប់រយៈពេលពី ២ ទៅ ៣ នាទី សឹមលាងសម្អាតចេញ។

៥. ត្រសក់និងក្រូចឆ្មារ

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនចំណិតត្រសក់ចំនួន ១ពែងឱ្យម៉ដ្ឋជាមុនសិន សឹមលាយជាមួយទឹកក្រូចឆ្មារស្រស់ ១ស្លាបព្រាកាហ្វេ។ បន្ទាប់មកលាបម៉ាស្សាល្បាយលើស្បែកក្បាលដោយប្រើម្រាមដៃ។ រងចាំសម្រាប់រយៈពេលពី ៥ ទៅ ១៥ នាទី សឹមលាងសម្អាតចេញ។ អនុវត្តសារឡើងវិញឱ្យបាន ២ដងក្នុងមួយសប្តាហ៍។ រូបមន្តនេះសាកសមណាស់សម្រាប់អ្នកដែលរមាស់ស្បែកក្បាល៕