បើសិនជាអ្នកមានផ្ទៃពោះ ហើយមានទម្លាប់ជក់បារី ការរស់នៅក្នុងមជ្ឈដ្ឋានសំបូរជាតិពុល ការប្រើថ្នាំ និងការញ៉ាំគ្រឿងស្រវឹងច្រើនៗ វាពិតជាប្រឈមខ្លាំង នឹងការរលូតកូនបាន។ ប៉ុន្តែបើអ្នកកំពុងតែមានបញ្ហាអ័រម៉ូន ឬការបង្ករោគគ្រប់ប្រភេទ ក្នុងពេលមានផ្ទៃពោះ នោះឱកាសនៃការរលូតកូន ក៏កើនឡើងច្រើនផងដែរ។ ខាងក្រោមនេះ គឺជាជំងឺមួយចំនួន ដែលត្រូវបានគ្រូពេទ្យជាច្រើនទទួលស្គាល់ថា អាចធ្វើឲ្យស្ត្រីមានផ្ទៃពោះ ប្រឈមខ្លាំងនឹងការរលូតកូន។
- ជំងឺពងទឹកច្រើនគ្រាប់ក្នុងក្រពេញអូវែ ធ្វើឲ្យកើនឡើងចំនួនអ័រម៉ូនភេទប្រុសតេស្តូស្តេរ៉ូន ជាហេតុនាំឲ្យរដូវមកមិនទៀងហើយ ប្រឈមខ្លាំងនឹងការរលូតកូនទៀត ព្រោះវាទៅរំខានដល់ការកាច់សំបុករបស់អំប្រ៊ីយ៉ុង។
- កង្វះអ័រម៉ូនទីរ៉ូអ៊ីតក្នុងឈាម អាចប៉ះពាល់ដល់ឱកាសនៃការមានផ្ទៃពោះ។ បើសិនជាមិនបានព្យាបាលទេនោះ វាអាចនាំឲ្យរលូតកូនបាននៅពេលខាងមុខ។
- ការបង្ករោគគ្រប់ប្រភេទ គួរតែចៀសឲ្យផុត ជាពិសេស ក្នុងពេលមានផ្ទៃពោះ។ ការបង្ករោគនៅផ្លូវទឹកម៉ូត ឬផ្លូវប្រដាប់បន្តពូជ អាចធ្វើឲ្យរលូតកូនខ្លាំងបាន ជាពិសេស បាក់តេរីតែម្តង។
- ករណីរចនាសម្ព័ន្ធរបស់ស្បូន ឬមាត់ស្បូន ខុសធម្មតា ក៏អាចប្រឈមនឹងការរលូតកូនខ្ពស់ដែរ។
- ភាពមិនធម្មតានៃក្រូម៉ូសូម ៖ តើអ្នកមានដឹងទេថា ការរលូតកូនច្រើនជាង ៥០ ភាគរយហើយ គឺកើតឡើងដោយសារតែភាពខុសធម្មតា របស់ក្រូម៉ូសូមទារក។ ការប្រឈមនេះនឹងកាន់តែខ្ពស់ បើសិនជាអ្នក មានផ្ទៃពោះនៅអាយុ ៣០ ក្រាស់។
- បើសិនជាអ្នកមានជំងឺរ៉ាំរ៉ៃដូចជា ជំងឺទឹកនោមផ្អែម ឬលើសសម្ពាធឈាមដែលមិនបានគ្រប់គ្រងទេនោះ ការប្រឈមនឹងការរលូតកូនកាន់តែខ្ពស់ដែរ។
- ជំងឺប្រព័ន្ធភាពស៊ាំ ធ្វើការខុសប្រក្រតី ថ្វីបើវាជារឿងកម្រនឹងកើតមានមែន តែក៏អាចនាំឲ្យរលូតកូនបានដែរ។ នេះដោយសារតែកោសិកាប្រព័ន្ធភាពស៊ាំរបស់ម្តាយ យល់ច្រឡំថា ទារកដែលកំពុងតែលូតលាស់ក្នុងផ្ទៃ គឺជាមេរោគ ឬរបស់ដែលវាមិនស្គាល់ ទើបបង្កើតជាអង់ទីគ័រ ដើម្បីសម្លាប់៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855