ទោះជាភាគច្រើននៃពួកយើងស្គាល់និងឧស្សាហ៍ទទួលទានទឹកដូង ព្រមទាំងខ្ទិះដូង ប៉ុន្តែប្រហែលជាមិនធ្លាប់ចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏ប្រសើររបស់វាចំពោះសុខភាពនិងសម្រស់ឡើយ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) កុំបារម្ភ! ថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថប្រយោជន៍ដែលអ្នកអាចទទួលបានពីការទទួលទានទឹកដូង ឬខ្ទិះដូងយ៉ាងហោចណាស់ពី ២ ទៅ ៣ដងក្នុងមួយខែ ៖

  • ទឹកដូង

១. បញ្ចុះសម្ពាធឈាម

ទឹកដូងជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលមានប្រសិទ្ធភាពជួយរក្សាគ្រប់គ្រងនិងបញ្ចុះសម្ពាធឈាម។

២. សុខភាពប្រព័ន្ធរំលាយអាហារ

ទឹកដូងមានផ្ទុកសម្បូរទៅដោយជាតិសសៃ។ លើសពីនេះទៅទៀតឥទ្ធិពលអេឡិចត្រូលីត្រនៃទឹកដូង ក៏ជួយសម្រួលរាងកាយក្នុងការស្រូបយកនូវជាតិប្រូតេអ៊ីនពីអាហារបានពេញលេញផងដែរ។ ទឹកដូងក៏ល្អសម្រាប់បំបាត់អាការៈកន្ត្រាក់សាច់ដុំ និងការឈឺចាប់ពោះវៀនដែលបណ្ដាលមកពីបញ្ហាពិបាករំលាយអាហារ។

៣. រក្សាជាតិទឹកក្នុងរាងកាយ

នោះក៏ព្រោះតែទឹកដូងមានផ្ទុកសម្បូរទៅដោយសារធាតុ isotonic ជាតិអេឡិចត្រូលីត្រ ម៉ាញ៉េស្យូម ផូស្វ័រ ប៉ូតាស្យូម និងកាល់ស្យូមដែលជួយរក្សាជាតិទឹកគ្រប់គ្រាន់ក្នុងរាងកាយ ព្រមទាំងទប់ស្កាត់បញ្ហាខ្សោះជាតិទឹកបានយ៉ាងប្រសើរ។

៤. សុខភាពតម្រងនោម​

ទឹកដូង គឺជាថ្នាំបញ្ចុះទឹកនោមបែបធម្មជាតិដែលមានប្រសិទ្ធិភាពយ៉ាងប្រសើរក្នុងការទប់ស្កាត់ជំងឺតម្រងនោម។ វាក៏ជួយសម្អាតផ្លូវទឹកនោម ផ្លោកនោម និងថែមទាំងអាចបំបែកក្រួសក្នុងតម្រងនោមផងដែរ។

៥. សុខភាពខួរក្បាលនិងសាច់ដុំ

ទឹកដូងជាប្រភពដ៏ល្អបំផុតមួយនៃប៉ូតាស្យូមដែលចាំបាច់បំផុតសម្រាប់គ្រប់គ្រងអត្រាចង្វាក់បេះដូងនិងធ្វើអោយមុខងារសាច់ដុំកាន់តែមានភាពប្រសើរឡើង។ ប៉ូតាស្យូមក៏ដើរតួជាអេឡិចត្រូលីត្រធម្មជាតិដែលជួយសម្រួលប្រព័ន្ធសសៃប្រសាទបង្កើនការចងចាំ រួមទាំងបង្កើនមុខងារប្រព័ន្ធសសៃប្រសាទផងដែរ។

៦. ពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ

ទឹកដូងមានផ្ទុកអាស៊ីត lauric ដែលជួយប្រយុទ្ធប្រឆាំងបាក់តេរីនិងពពួកវីរុស។ ភេសជ្ជៈធម្មជាតិនេះមានប្រសិទ្ធិភាពកម្ចាត់រាល់បាក់តេរីមិនល្អក្នុងរាងកាយដែលបង្កជំងឺអញ្ចាញ និងមេរោគឆ្លងក្នុងផ្លូវទឹកនោម។ ទឹកដូងក៏ជួយទប់ស្កាត់វីរុសដែលបង្កជំងឺផ្ដាសាយ និងមេរោគឆ្លងផ្សេងៗផងដែរ។

៧. ជួយឱ្យស្រកទម្ងន់

ទឹកដូងមានផ្ទុកបរិមាណ​ជាតិ​ខ្លាញ់​ទាប​បំផុត ដូច្នេះ​ទើបវាជាជម្រើសនៃភេសជ្ជៈដ៏ប្រសើរសម្រាប់អ្នកចង់ស្រកទម្ងន់។ វា​ក៏ជួយកាត់​បន្ថយ​ចំណង់​អាហារ និង​ធ្វើ​ឱ្យ​អ្នកមាន​អារម្មណ៍​ឆ្អែត​បាន​យូរផងដែរ។

៨. បង្កើនកោសិកាគ្រាប់ឈាមក្រហម

នោះក៏ព្រោះតែបរិមាណនៃជាតិប៉ូតាស្យូមក្នុងទឹកដូងមានប្រសិទ្ធិភាពអាចជួយបង្កើនការផលិតកោសិកាគ្រាប់ឈាមក្រហមបានយ៉ាងប្រសើរ។

  • ទឹកខ្ទិះដូង

១. ប្រឆាំងការរលាកក្នុងរាងកាយ

ការសិក្សាស្រាវជ្រាវជាច្រើនបានបង្ហាញថា ខ្ទិះដូងមានផ្ទុកលក្ខណៈសម្បត្តិប្រឆាំងមេរោគបាក់តេរីនិងការរលាកក្នុងរាងកាយ។ ការទទួលទានទឹកខ្ទិះដូងអាចជួយកាត់បន្ថយការរលាកនិងហើមនៃរបួសផ្សេងៗ។ វាក៏ជួយទប់ទល់អាការៈនៃជំងឺរលាកសន្លាក់រ៉ាំរ៉ៃផងដែរបានយ៉ាងប្រសើរផងដែរ។

២. ទប់ស្កាត់ហានិភ័យនៃជំងឺបេះដូង

ខ្ទិះដូងអាចជួយកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយ ប្រសិនបើទទួលទានក្នុងបរិមាណតិចជាប្រចាំ។ ឧទាហរណ៍អ្នកបន្ថែមវាក្នុងអាហារណាមួយ។ ជាតិខ្លាញ់ក្នុងខ្ទិះដូងអាចមានឥទ្ធិពលវិជ្ជមានលើកម្រិតនៃកូឡេស្តេរ៉ូលដែលជួយទប់ស្កាត់ជំងឺបេះដូង ដាច់សសៃឈាមខួរក្បាល និងសម្ពាធឈាមឡើងខ្ពស់។

៣.  បំបាត់សញ្ញានៃភាពចាស់តាមវ័យ

ស្នាមខ្សែនិងស្នាមជ្រីវជ្រួញនៅលើផ្ទៃមុខជាសញ្ញាទូទៅបំផុតនៃភាពចាស់តាមវ័យនៃស្បែក។ ប៉ុន្តែកុំបារម្ភ! បញ្ហានេះអាចត្រូវបានដោះស្រាយនិងទប់ស្កាត់បានដោយគ្រាន់តែអ្នកប្រើប្រាស់ខ្ទិះដូងលាបលើផ្ទៃមុខដូចធម្មតា។ ខ្ទិះដូងមានផ្ទុកសម្បូរទៅដោយវីតាមីន C និង E ដែលជួយកម្ចាត់រូបរាងនៃស្នាមខ្សែ ឬស្នាមជ្រីវជ្រួញបានយ៉ាងប្រសើរ។

៤. កម្ចាត់ស្នាមអ៊ុចខ្មៅនិងស្នាមជាំលើស្បែក

អ្វីដែលអ្នកត្រូវធ្វើ​ គឺគ្រាន់តែលាយខ្ទិះដូង ២ ស្លាបព្រាបាយ ជាមួយម្ស៉ៅរមៀត ១ ស្លាបព្រាកាហ្វេនិងទឹកឃ្មុំ ១ ស្លាបព្រាកាហ្វេ ចូលគ្នាឱ្យសព្វ។ លាបល្បាយលើស្បែកដែលទទួលរងផលប៉ះពាល់និងទុកចោលសម្រាប់រយៈពេលប្រហែល ១៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកធម្មតា។ អនុវត្តជាប្រចាំរហូតទទួលបានលទ្ធផលគាប់ចិត្ត។

៥. កាត់បន្ថយហានិភ័យនៃជំងឺខ្វះគ្រាប់ឈាមក្រហមដោយសារកង្វះជាតិដែក

ខ្ទិះដូងជាប្រភពដ៏ប្រសើរបំផុតមួយនៃជាតិដែក! ត្រឹម ១ពែងនៃខ្ទិះដូងអាចផ្ដល់ឱ្យរាងកាយនូវបរិមាណជាតិដែកដល់ទៅជិតមួយភាគបួននៃតម្រូវការជាតិដែកប្រចាំថ្ងៃ។

៦. ពង្រឹងប្រព័ន្ធភាពស៊ាំនិងផ្ដល់ថាមពល

នេះក៏ព្រោះតែអាស៊ីត lauric ដែលខ្ទិះដូងមានផ្ទុក គឺល្អណាស់សម្រាប់ពង្រឹងប្រព័ន្ធភាពស៊ាំរាងកាយដោយវាមានលក្ខណៈសម្បត្តិប្រឆាំងពពួកបាក់តេរី វីរុស និងរោគផ្សិត៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង