ការគេងដោយមិនលាងជម្រះគ្រឿងសម្អាងចេញពីមុខសម្រាប់រយៈពេលពេញមួយយប់អាចបង្កគ្រោះថ្នាក់ជាច្រើនចំពោះស្បែកមុខ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើបញ្ហាអ្វីខ្លះអាចនឹងកើតឡើងប្រសិនបើអ្នកគេងទាំងគ្រឿងសម្អាងលើមុខ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងមូលហេតុដែលអ្នកមិនគួរគេងទាំងជាប់គ្រឿងសម្អាងលើមុខ ​៖

១. វានាំឱ្យស្ទះរន្ធញើស

ផលិតផលគ្រឿងសម្អាង ឬតុបតែងមុខភាគច្រើន ជាពិសេសប្រភេទដែលមានផ្ទុកសារធាតុ silicones ឬសារធាតុ acrylics អាចបង្កការស្ទះរន្ធញើស។ គ្រឿងផ្សំទាំងនេះជ្រាបចូលក្នុងរន្ធញើសហើយចាប់យកបាក់តេរីនិងជាតិខ្លាញ់ចូលក្នុងរន្ធញើស។ ជាលទ្ធផលរន្ធញើសនឹងស្ទះដោយសារការរួមផ្សំគ្នារវាងជាតិខ្លាញ់ ញើស និងបាក់តេរី ព្រមទាំងកោសិកាស្បែកងាប់ៗ។ បញ្ហានេះអាចកើតឡើងសូម្បីតែនៅពេលអ្នកប្រើប្រាស់គ្រឿងសម្អាងលើមុខកំឡុងពេលថ្ងៃ ប៉ុន្តែមិនលាងជម្រះចេញពីមួយយប់។

២. វាបង្ករោគមុន

នៅពេលអ្នកមិនលាងជម្រះគ្រឿងសម្អាងលើមុខនៅមុនពេលចូលគេង ស្បែកនឹងមិនអាចទទួលបានអុកស៊ីសែនគ្រប់គ្រាន់ឡើយ។ ម្យ៉ាងវិញទៀគ្រឿងសម្អាងភាគច្រើនមានផ្ទុកសារធាតុគីមីដែលអាចបង្កការរលាក ដូច្នេះនៅពេលស្ថិតលើស្បែកយូរវានឹងនាំឱ្យកើតមុន។

៣. វានាំស្បែកចាស់ជាងវ័យ

ពណ៌សិប្បនិម្មត្តិនិងគ្រឿងផ្សំសារធាតុផ្សេងទៀតក្នុងគ្រឿងសម្អាងអាចពន្លឿនដំណើរការនៃភាពចាស់តាមវ័យគួរឱ្យបារម្ភ។ ស្បែករបស់យើងដើរតួនាទីជារបាំងការពារទៅនឹងបរិយាកាសខាងក្រៅ ហើយប្រសិនបើមិនលាងសម្អាតស្បែកមុខចេញសោះនៅពេលយប់នោះសមត្ថភាពក្នុងការការពាររបស់ស្បែកនឹងចុះខ្សោយបង្កជាបញ្ហាផ្សេងៗ។ បន្ថែមពីនេះគ្រឿងសម្អាងអាចនាំឱ្យរ៉ាឌីកាល់សេរីដែលយើងប៉ះផ្ទាល់កំឡុងពេលថ្ងៃស្ទះជាប់នឹងស្បែក។

៤. វាបង្ករោគឆ្លងក្នុងភ្នែកនិងបំផ្លាញរោមភ្នែករបស់អ្នក

ផលិតផលគ្រឿងតុបតែងមុខនឹងគ្រឿងសម្អាងភាគច្រើនមានផ្ទុកសារធាតុ formaldehyde និងសារធាតុពុលផ្សេងៗទៀត។ ការគេងទាំងសារធាតុពុលជាប់លើស្បែកអាចបង្កការរលាកនិងសូម្បីតែធ្វើឱ្យរោមភ្នែកជ្រុះខ្លាំង។ ប្រសិនបើអ្នកមិនលាងជម្រះគ្រឿងសម្អាងដូចជាម៉ាស្ការ៉ាឱ្យបានទៀងទាត់ទេនោះ ជាលទ្ធផលវានឹងបង្កការរលាកក្នុងភ្នែកនិងហានិភ័យនៃជំងឺភ្នែកក្រហម។

៥. បបូរមាត់ប្រែជាស្ងួតប្រេះ

នៅពេលអ្នកលាបក្រែមកំឡុងពេលថ្ងៃ ជាធម្មតាវាមិនសូវជាប់ល្អទេដោយសារការញ៊ាំអាហារនិងទទួលទានភេសជ្ជៈផ្សេងៗ។ ប៉ុន្តែនៅពេលគេង ក្រែមលាបមាត់អាចមានពេលគ្រប់គ្រាន់ដើម្បីស្រូបយកសំណើមចេញពីបបូរមាត់។ ប្រសិនបើអ្នកលាងជម្រះ ឬជូតក្រែមលាបមាត់ចេញពីបបូរមាត់នៅមុនពេលចូលគេងទេ នោះហានិភ័យនៃបញ្ហាស្ងួតប្រេះបបូរមាត់នឹងកើនឡើង។

៦. សក់ឡើងប្រេង ហើតស្បែកឡើងខ្លាញ់

នៅពេលអ្នកចូលគេងទាំងគ្រឿងសម្អាងជាប់លើមុខ វាអាចបង្កស្នាមប្រឡាក់ស្រោមខ្នើយ ឬពូកបានយ៉ាងងាយ ហើយអាចជាប់សក់និងស្បែក។ ម្យ៉ាងវិញទៀតសក់អាចជាប់ក្រែមលាបមាត់កំឡុងពេលយប់ ហើយប្រែជាឡើងប្រេងនិងជំពាក់។ ការលាងជម្រះចេញឱ្យបានត្រឹមត្រូវមុនពេលចូលគេង គឺចាំបាច់និងសំខាន់ណាស់សម្រាប់អ្នកមានស្បែកខ្លាញ់ ខណៈដែលវាអាចបង្កឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង