ភាគច្រើននៃពួកយើងសុទ្ធតែស្គាល់និងធ្លាប់ទទួលទានផ្លែបឺរ ហើយដឹងពីផលល្អៗរបស់វាចំពោះសុខភាព។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក៏ប្រហែលជាមិនដែលចាប់អារម្មណ៍ទេថាក្រៅពីយកមកញ៊ាំដើម្បីសុខភាព ផ្លែបឺរអាចយកមកប្រើជាផលិតផលថែសម្រាប់បានយ៉ាងប្រសើរ។ ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីអត្ថ​ប្រយោជន៍ផ្សេងទៀតនៃផ្លែបឺរក្រៅពីយកមកទទួលទាន ៖

១. ម៉ាសព្យាបាលសក់ស្ងួតខូច

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាយផ្លែបឺរទុំម៉ដ្ឋ ១ ផ្លែ ជាមួយប្រេងអូលីវឱ្យក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើសក់និងទុកចោលសម្រាប់រយៈពេល ៣០ នាទី សឹមលាងសម្អាតចេញ។ រូបមន្តនេះនឹងជួយឱ្យសក់ទន់រលោងមានទម្ងន់ ហើយរឹងមាំ។

២. កម្ចាត់អង្គែនិងព្យាបាលស្បែកក្បាលរបករមាស់

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនសាច់នៃផ្លែបឺរទុំឱ្យម៉ដ្ឋ រួចលាបម៉ាស្សាវាលើស្បែកក្បាល។ ទុកចោលសម្រាប់រយៈពេល ១៥ នាទី សឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។

៣. កម្ចាត់ស្នាមខ្មៅក្រោមភ្នែក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែលាបម៉ាស្សាសាច់នៃផ្លែបឺរម៉ដ្ឋលើស្បែកក្រោមភ្នែកនិងទុកចោលសម្រាប់រយៈពេល ១០ នាទី សឹមលាងសម្អាតចេញ។ ដើម្បីទទួលបានលទ្ធផលកាន់តែប្រសើរ ចូរអនុវត្តរាល់ព្រឹកនិងល្ងាចសម្រាប់រយៈពេល ២ សប្តាហ៍។

៤. ប្រឆាំងសញ្ញានៃភាពចាស់វ័យរបស់ស្បែក

អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនផ្លែបឺរទុំ ១ផ្លែឱ្យម៉ដ្ឋ រួចបន្ថែមទឹកដោះគោបន្តិចចូល។ កូរឱ្យសព្វក្លាយជាល្បាយខាប់ៗ។ លាបម៉ាស្សាល្បាយលើស្បែកមុខនិងរងចាំសម្រាប់រយៈពេល ១៥ នាទីសឹមលាងសម្អាតចេញជាមួយទឹកត្រជាក់។ ផ្លែបឺរមានផ្ទុកសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយបន្សាបជាតិពុលធ្វើឱ្យស្បែកស្រស់ស្អាតតឹងណែននិងកាត់បន្ថយការលេចឡើងនូវស្នាមជ្រីវជ្រួញ។

៥. ព្យាបាលក្លិនមាត់មិនល្អ

ពេលខ្លះក្លិ​នមាត់មិនល្អអាចបណ្ដាលមកពីក្រពះ។ អ្នកអាចកាត់បន្ថយ ឬបំបាត់បញ្ហានេះបានតែម្ដងតាមរយៈការទទួលទានទឹកផ្លែបឺរស្រស់។

៦. រក្សាសុខភាពស្បែកភ្លឺរលោង

ការទទួលទានទឹកផ្លែបឺរ ១ពែងក្នុងមួយថ្ងៃអាចជួយការពារនិងផ្ដល់សារធាតុចិញ្ចឹមដល់ស្បែក។ វានឹងជួយរក្សាសុខភាពស្បែក ហើយថែមទាំងធ្វើឱ្យស្បែកទន់ភ្លឺរលោងទៀតផង។ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែកិនក្រឡុកផ្លែបឺរទុំមួយផ្លែជាមួយទឹកដោះគោគ្មានជាតិខ្លាញ់ ១ពែង។ ប្រសិនបើអ្នកចូលចិត្តរសជាតិផ្អែមអ្នកអាចបន្ថែមទឹកឃ្មុំបន្តិចចូល៕