Join with Health.com.kh on Telegram

​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ប្រភេទ​នៃ​ការព្យាបាល​ចំពោះ​ជំងឺ​នៃ​ការ​គេង​ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​ជំងឺ​គេង​មិន​ដកដង្ហើម​នោះ បាន​បន្ថយ​សម្ពាធ​ឈាម​ចំពោះ​បុរស​ដែល​មាន​ជំងឺលើសឈាម​។​

​ការស្រាវជ្រាវ​ថ្មី​នេះ​បាន​រាប់បញ្ចូល​បុរស​ចំនួន​២២១​នាក់​ដែល​ត្រូវបាន​គេ​ធ្វើ​រោគវិនិច្ឆ័យ​ថា​មាន​ជំងឺ​នៃ​ការ​គេង​មិន​ដកដង្ហើម ហើយក៏​មាន​ជំងឺលើសឈាម ឬ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ​ទី​២​ផងដែរ​។​

​បុរស​ទាំង​នោះ​ត្រូវបាន​គេ​ចេញ​វេជ្ជបញ្ជា​អោយ​ធ្វើការ​ព្យាបាល​ដោយ​ម៉ាស៊ីន​ផ្តល់​សម្ពាធ​ខ្យល់​វិជ្ជមាន​បន្ត​(CPAP) ដើម្បី​ព្យាបាល​ការ​គេង​មិន​ដកដង្ហើម​របស់​ពួកគេ​។ ម៉ាស៊ីន​នោះ​ប្រើប្រាស់​សម្ពាធ​ខ្យល់​កម្រិត​ស្រាល​ដើម្បី​ផ្តល់​ផ្លូវ​ខ្យល់​អោយ​បើក​ខណៈពេល​ដែល​អ្នកជំងឺ​គេង​។​

​ការថយចុះ​សម្ពាធ​ឈាម​ត្រូវបាន​គេ​ឃើញ​ចំពោះ​បុរស​៣ ទៅ​៦​ខែ​បន្ទាប់​ពី​ចាប់ផ្តើម​ការព្យាបាល​ដោយ CPAP ហើយ​ក៏​ឃើញ​មាន​ការថយចុះ​ផងដែរ នៅពេល​ដែល​ធ្វើតេស្ត​នោះ​ម្តង​ទៀត​៩ ទៅ​១២​ខែ​ក្រោយ​ពី​ការចាប់ផ្តើម​ការព្យាបាល​ផងដែរ​។​

​លទ្ធផល​បាន​បង្ហាញថា ចំពោះ​បុរស​ដែល​មាន​ជំងឺ​នៃ​ការ​គេង​មិន​ដកដង្ហើម និង​ជំងឺលើសឈាម​, ការព្យាបាល​ដោយ CPAP មិន​ត្រឹមតែ​ជា​មធ្យោបាយ​ល្អ​ដើម្បី​ព្យាបាល​ជំងឺ​នៃ​ការ​គេង​នោះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ការ​ជា​មធ្យោបាយ​ល្អ​ដល់​អ្នក​ដែល​មាន​ជំងឺលើសឈាម​ផងដែរ​។​

​ការស្រាវជ្រាវ​នេះ​ត្រូវ​បាន​ចេញផ្សាយ​នៅ​ក្នុង Journal of Clinical Sleep Medicine​។​

​វេជ្ជបណ្ឌិត បា​រ៉ា​ទី ប្រាសាត (Bharati Prasad) បាន​និយាយថា គ្រប់​ប្រភេទ​នៃ​អ្នកជំងឺ​អាច​ទទួល​បាន​ប្រយោជន៍​ពី​ការព្យាបាល​នេះ សូម្បី​តែ​អ្នក​ដែល​មាន​បញ្ហា​រ៉ាំរ៉ៃ​ដទៃ​ទៀត​ក៏​ដោយ​។ វា​ជា​រឿង​សំខាន់​ដើម្បី​ធ្វើ​ការស្រាវជ្រាវ​រាល់​ប្រភេទ​ផ្សេងៗ​គ្នា​នៃ​អ្នកជំងឺ​ដែល​មាន​ការ​គេង​មិន​ដកដង្ហើម​នោះ​៕