​ការស្រាវជ្រាវ​ថ្មី​មួយ​បាន​ជំទាស់​នឹង​ជំនឿ​ថា​ថា មនុស្ស​វ័យ​ចំណាស់​ភាគច្រើន​ទៅ​គេង​ឆាប់ ហើយ​មាន​បញ្ហា​នៃ​ការ​គេង​នៅពេល​យប់​។​

​អ្នកស្រាវជ្រាវ​បានធ្វើការ​សម្ភាសន៍​តាម​រយៈ​ទូរស័ព្ទ​ទៅលើ​មនុស្ស​ចូលនិវត្តន៍​ជិត​១.២០០​នាក់​ដែល​មាន​អាយុ​លើសពី​៦៥​ឆ្នាំ ហើយ​បាន​រកឃើញថា ជាង​ពាក់កណ្តាល​នៃ​ពួក​គេ​បាន​និយាយថា ពួកគេ​បាន​គេង​យ៉ាងហោចណាស់​៧,៥​ម៉ោង​ក្នុង​មួយ​យប់ ហើយ​គេង​នៅ​ចន្លោះ​ម៉ោង​១១​យប់​ដល់​ម៉ោង​៧​កន្លះ​ព្រឹក​។​

​ប្រហែល​៧៥%​នៃ​មនុស្ស​វ័យ​ចំណាស់​នោះបាន​និយាយថា ពួកគេ​បាន​គេង​ជា​មធ្យម​គឺ​ច្រើន​ជាង​៦,៧៥​ម៉ោង​ក្នុង​មួយ​យប់​។ ១/៤​នៃ​នៃ​មនុស្ស​វ័យ​ចំណាស់​ផ្សេងទៀត​បាន​និយាយថា ពួកគេ​គេង​បាន​តិច​ជាង​៦,៧​ម៉ោង​ក្នុង​មួយ​យប់ ហើយ​មាន​ការលំបាក​ក្នុងកា​រគេង និង​គេង​លក់​បាន​នៅពេល​ថ្ងៃ​ទៅ​វិញ​។​

​អ្នកស្រាវជ្រាវ​ដែល​មកពី​សាកលវិទ្យាល័យ Pittsburgh បាន​និយាយថា គុណភាព​នៃ​ការ​គេង​ចំពោះ​មនុស្ស​វ័យ​ចំណាស់​អាច​អាស្រ័យទៅលើ​សុខ​ភាព​នៃ​បុគ្គល​ម្នាក់ៗ​, ជាជាង​អាស្រ័យទៅលើ​អាយុ​របស់​ពួកគេ​។ ពួកគេ​ក៏​បាន​សម្គាល់​ឃើញថា ការ​គេង​នៅពេល​ថ្ងៃ​ចំពោះ​មនុស្ស​វ័យ​ចំណាស់​ជារឿយៗ​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​ថ្នាំ​, ជំងឺ និង​បញ្ហា​នៃ​ការ​គេង​នៅពេល​យប់ ហើយ​មិន​អាច​ត្រូវ​បាន​ទាក់ទង​ទៅ​នឹង​អាយុ​នោះទេ​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Healthy Aging and Clinical Care in the Elderly​។​

​ធី​ម៉ូ​ធី ម៉ា​ង (Timothy Monk) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​ជំងឺ​ផ្លូវចិត្ត​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Pittsburgh បាន​និយាយថា ការស្រាវជ្រាវ​របស់​យើង​បានបង្ហាញ​ថា ចំពោះ​បញ្ហា​ដែល​បាន​មើល​ទៅ​លើ​ការ​គេង​នោះ​, មនុស្ស​វ័យ​ចំណាស់​ភាគច្រើន​កំពុងតែ​មាន​ភាពប្រសើរ​ឡើង​ជាង​អ្វី​បានគិត​ទូទៅ​។​


​ម៉ាង​បាន​សម្គាល់​ឃើញថា ប្រសិនបើ​អ្នក​រក្សាខ្លួន​អ្នក​អោយ​មាន​សុខភាព​ល្អ ហើយ​ព្យាបាល​ជំងឺ​នានា​ដែល​ទាក់ទង​ទៅ​នឹង​អាយុ​នោះ​, អ្នក​នឹង​អាច​គេ​ង​បាន​លក់​ស្រួល​ដូច​ក្មេងៗ​អញ្ចឹង​ដែរ​។ ទោះ​បី​ជា​មនុស្ស​វ័យ​ចំណាស់​មួយចំនួន​មាន​បញ្ហា​ធំ​ទៅនឹង​ការ​គេង​ដែល​ត្រូវការ​ការព្យាបាល​ពិតមែនក្តី​, ប៉ុន្តែ​ភាគច្រើន​នៃ​មនុស្ស​វ័យ​ចំណាស់​មិន​បង្ហាញ​ពី​បញ្ហា​នៃ​ការ​គេង​ពេលយប់ ឬ​ពេល​ថ្ងៃ​នោះ​ទេ​៕