ជាធម្មតា ការហើមពោះ ក្រោយទទួលទានអាហាររួច គឺជាអាការៈទូទៅមួយនៃបញ្ហាពិបាកក្នុងការរំលាយអាហារ។ វាកើតឡើងនៅពេលជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះដែលបណ្ដាលឲ្យប៉ោងតឹង ឬហើមពោះ។ (អាន ៖ ចេះតែអស់កម្លាំង ឈឺសាច់ដុំ ដេកមិនលក់ អារម្មណ៍ភិតភ័យអាចដោះស្រាយបាន) ទោះជាយ៉ាងណា មានកត្តាផ្សេងៗច្រើនណាស់ដែលបង្កបញ្ហាហើមពោះនេះដូចជា ការទទួលទានលឿនពេក, ការនិយាយខណៈពេលទទួលទាន ហើយពេលខ្លះ ក៏អាចបណ្ដាលមកពីប្រភេទនៃអាហារដែលអ្នកទទួលទានដែរ។ ការហើមតឹងណែនក្នុងពោះក្រោយអាហារ គឺធ្វើឲ្យយើងពិបាកក្នុងខ្លួនមានអារម្មណ៍មិនស្រួលសោះ។ ប៉ុន្តែកុំបារម្ភថ្ងៃនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីវិធីដ៏មានប្រសិទ្ធិភាពជួយដោះស្រាយបញ្ហាហើមពោះធម្មតាក្រោយទទួលទានអាហារ ដោយគ្រាន់តែតម្រូវឲ្យអ្នកទាំងអស់គ្នាព្យាយាមបន្ថែមអាហារប៉ុន្មានប្រភេទខាងក្រោមនេះចូលក្នុងរបបអាហារប្រចាំថ្ងៃ ៖

១. ខ្ញី 

ខ្ញី គឺមានលក្ខណៈសម្បត្តិល្អប្រសើរណាស់ក្នុងការព្យាបាលបញ្ហាហើមពោះ ឬជាតិហ្គាសក្នុងពោះ ដោយសារវាជាប្រភពនៃសារធាតុប្រឆាំងនឹងការរលាកដែលជួយកាត់បន្ថយការរលាកក្នុងពោះវៀនធំ។ លើសពីនេះទៅទៀត ខ្ញី ក៏មានផ្ទុកនូវសារធាតុ zingibain ដែលជាអង់ស៊ីមមួយជួយសម្រួលដល់ការរំលាយអាហារ ហើយទទួលខុសត្រូវចំពោះការបំបែកប្រូតេអ៊ីននៅក្នុងរាងកាយ និងថែមទាំងសម្រួលដំណើរការមុខងារនៃពោះវៀនផងដែរ។

២. ផ្លែចេក

សារធាតុប៉ូតាស្យូមដែលមានផ្ទុកនៅក្នុងផ្លែចេក គឺជួយក្នុងការដោះស្រាយបញ្ហាហើមពោះប្រកបដោយប្រសិទ្ធិភាព។ នេះក៏ព្រោះតែមូលហេតុមួយក្នុងចំណោមមូលហេតុផ្សេងទៀតដែលធ្វើឲ្យហើមពោះនោះ គឺដោយសារអ្នកបានទទួលទានអាហារមានផ្ទុកជាតិសូដ្យូមខ្ពស់ច្រើនពេក។ ហេតុផលនោះ គឺជាតិសូដ្យូមរបស់អាហារប្រៃៗអាចធ្វើឲ្យចាល់ជាតិទឹកក្នុងរាងកាយ ហើយបង្កជាការហើមពោះ។ ការទទួលទានផ្លែចេកដែលមានផ្ទុកសម្បូរទៅដោយជាតិប៉ូតាស្យូមអាចជួយកម្ចាត់ជាតិសូដ្យូម និងជាតិទឹក ឬសារធាតុរាវដែលលើសចេញពីក្នុងប្រព័ន្ធ។

៣. ផ្លែបឺរ

ក៏មិនខុសពីចេកប៉ុន្មានដែរ ផ្លែបឺរ គឺជាប្រភពដ៏ប្រសើរនៃជាតិប៉ូតាស្យូមដែលជួយកាត់បន្ថយការហើមតឹងពោះ។

៤. អាហារមានជាតិប្រូបាយអូទិក

ដើម្បីជៀសវាងបញ្ហាជាតិហ្គាសកកើតឡើងប្រមូលផ្ដុំក្នុងពោះនោះ វាពិតជាសំខាន់ណាស់ក្នុងការទទួលទាននូវអាហារដែលមានប្រសិទ្ធិភាពជួយសម្រួលដល់ដំណើរការនៃប្រព័ន្ធរំលាយអាហារ។ ចូរបន្ថែមអាហារដែលមានផ្ទុកជាតិប្រូបាយអូទិក ដូចជា យ៉ាអួរ ជាដើមចូលក្នុងរបបអាហារប្រចាំថ្ងៃរបស់អ្នក វិធីនេះនឹងជួយសម្រួលដល់ដំណើរការមុខងារនៃក្រពះនៅពេលអ្នកទទួលទានអាហារផ្សេងៗ ក៏ដូចជារក្សានូវតុល្យភាពនៃបាក់តេរីល្អៗក្នុងពោះវៀន៕

 

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង