អ្នក​អាច​ការពារ​ភ្នែក​ពី​ការ​បំផ្លាញ​ដោយ​ពន្លឺព្រះអាទិត្យ​ជាមួយនឹង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ត្រូវ​បាន​គេ​រក​ឃើញ​នៅ​ក្នុង​ស្លឹក​បន្លែ​ពណ៌​បៃតង ស៊ុត​ពណ៌​លឿង ម្ទេស​ពណ៌​លឿង ល្ពៅ ដំឡូង​ដែល​មាន​ជាតិ​ផ្អែម និង​ការ៉ុត​។

ការ​ស្រាវជ្រាវ​ថ្មី​ៗ​នេះ​បាន​បង្ហាញ​ថា​ការ​ទទួលទាន​បន្លែ​ពណ៌​ទឹកក្រូច និង​ពណ៌​បៃតង អាច​ការពារ​ភ្នែក​ពី​ការ​ស្រវាំង​ដែល​បណ្ដាល​ឲ្យ​ងឹ​ត​ភ្នែក​បាន​។ ដូច្នេះ​អ្នក​អាច​សាកល្បង​អាហារ ៤ ប្រភេទ ខាងក្រោម​នេះ​ដើម្បី​ជួយ​ដល់​ភ្នែក​។

ការ៉ុត

ការ៉ុត​ត្រូវ​បាន​គេ​ស្គាល់​ថា​មាន​សមត្ថភាព​ក្នុង​ការ​ជួយ​ឲ្យ​ភ្នែក​កាន់តែ​ភ្លឺ​ល្អ​។ លក្ខណៈសម្បត្តិ​ពណ៌​ទឹកក្រូច​របស់​ការ៉ុត​ផ្ទុក​ទៅ​ដោយ Beta carotene ដែល​ត្រូវ​បាន​បំ​លែង​ឲ្យ​ទៅ​ជា​វីតាមីន A​។ សារធាតុ​នៅ​ក្នុង​ការ៉ុត​អាច​ជួយ​ធ្វើ​ឲ្យ​ភ្នែក​កាន់តែ​ភ្លឺ ជា​ពិសេស​នៅ​ពេល​យប់​។ ត្រូវ​ចាំ​ថា ៥% នៃ Beta carotene ដែល​មាននៅ​ក្នុង​ការ៉ុត​ឆៅ​ត្រូវ​បាន​បញ្ចេញ​ក្នុងអំឡុងពេល​រំលាយ​អាហារ ហើយ​អ្នក​អាច​បង្កើន​ការ​បញ្ចេញ​របស់​រហូត​ដល់​ទៅ ៥០% ដោយ​ការ​កិន​ឱ្យ​ម៉ដ្ឋ​។

ដំឡូង​៖ សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពណ៌​ទឹកក្រូច

តើ​អ្នកមាន​ធ្លាប់​ឆ្ងល់​ដែរ​ឬទេ​ថា​ហេតុ​អ្វី​បានជា​ដំឡូង ឬ​អាហារ​ផ្សេង​ទៀត​ដែល​មាន​ពណ៌​ទឹកក្រូច មាន​ពណ៌​យ៉ាង​ដូច្នេះ? វា​គឺជា​សមាសធាតុ carotenoid ដែល​មាន​ក្នុង​ផ្លែ​ឈើ​និង​បន្លែ​ពណ៌​ទឹកក្រូច ដែល​ជា​អ្នក​ផ្តល់​ពណ៌​នោះ​ដល់​វា​។ អាហារ​ទាំងនេះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម carotenoid ដែល​អាច​បណ្ដេញ​នូវ​រ៉ា​ឌី​កាល់​សេរី ជួយ​ធ្វើ​ឲ្យ​ភ្នែក​កាន់តែ​ភ្លឺ និង​ជួយ​ដល់​ប្រព័ន្ធ​ប្រសាទ​។ ដូច្នេះ អ្នក​គួរ​ចាប់ផ្តើម​ញ៉ាំ​ដំឡូង​ឲ្យ​បាន​ច្រើន​។

ផ្តោត​ការ​យកចិត្តទុកដាក់​លើ​ផ្ទី

ផ្ទី​និង​អាហារ​បៃតង​មួយ​ចំនួន​ទៀត​សំបូរ​ទៅ​ដោយ Lutein និង Zeaxanthin ដែល​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​អាច​ការពារ​ភ្នែក​ពី​ភាព​ស្រវាំង​ទៅ​តាម​អាយុ​។ Lutein ត្រូវ​បាន​គេ​រក​ឃើញ​ថា​អាច​ជួយ​កាត់​បន្ថយ​គ្រោះថ្នាក់​នៃ​ភ្នែក​ឡើងបាយ និង​ការ​អន់​ថយ​នៃ​ភ្នែក​ទាក់ទង​ទៅ​នឹង​អាយុ​។

បន្លែ​ដែល​មាន​ពណ៌​បៃតង​កាន់តែ​ខ្លាំង​សំបូរ Lutein កាន់តែ​ច្រើន​។ សូមកុំ​ភ្លេច​៖ ជាតិ​ខ្លាញ់​ក៏​អាច​បង្កើន​ការ​ស្រូប​យក Lutein បាន​ដែរ ដូច្នេះ​ត្រូវ​ចាំ​ថា ត្រូវ​បន្ថែម​ប្រេង​អូ​លីវ បន្តិច​ចូល​ទៅ​ក្នុង​ផ្ទី ឬ​បន្លែ​បៃតង​ផ្សេង​ទៀត​ដែល​អ្នក​បាន​ចំអិន​។ បន្លែ​ដែល​មាន​សារធាតុ lutein និង Zeaxanthin មាន​ដូច​ជា ដើម​ស្ពៃក្ដោប ស្ពៃ​ដែល​មាន​មើម​ពណ៌​បៃតង សណ្ដែកខៀវ ននោង និង​ប្រូ​ខូ​លី​។

សារាយសមុទ្រ ឬ​ផ្កាថ្ម (Algae)

នៅ​ក្នុង​សមុទ្រ​មាន​រុក្ខជាតិ​ពណ៌​បៃតង​មួយ​ចំនួន​ផ្សេង​ទៀត​។ រុក្ខជាតិ​ដែល​ទាក់ទង​នឹង​ផ្កាថ្ម ឬ​សារាយសមុទ្រ (Algae) មាន​ដូច​ជា ស្ពី​រូ​លី​ណា (spirulina), ក្លូ​រី​ណា (chlorina) និង​ផ្កាថ្ម ឬ​សារាយសមុទ្រ (algae) ពណ៌​ខៀវ​លាយ​បៃតង​ដែល​សំបូរ​ទៅ​ដោយសារ​ជាតិ​មាន​ប្រយោជន៍​ចំពោះ​ភ្នែក​។ ដូច​ជា​រុក្ខជាតិ​ដែល​មាន​ពណ៌​បៃតង​លាំ​ៗ​ភាគច្រើន សារាយសមុទ្រ​ទាំងនេះ​ផ្ទុក​ទៅ​ដោយ​ក្ល​រូ​ភី​ល (chlorophyll) ដែល​មាន​រចនាសម្ព័ន្ធ​ប្រហាក់ប្រហែល​ទៅ​នឹង​អេ​ម៉ូ​ក្លូ​ប៊ី​ន​ដែល​ផ្ទុក​ជាតិ​ដែក ដែល​មាននៅ​ក្នុង​រា​ង្គ​កាយ​មនុស្ស ហើយ​វា​ជួយ​បង្កើន​ការ​ផលិត​កោសិកា​ឈាម​, ជួយ​សម្រួលការ​បញ្ចូល​អុកស៊ីហ្សែន និង​ដំណើរការ​នៃ​ការ​កំចាត់​សារធាតុពុល​នៅ​ក្នុង​ខ្លួន និង​ប្រព័ន្ធ​ចរន្តឈាម​រត់ ដែល​ទាំង​អស់នេះ​ជួយ​រក្សា​សុខភាព​រា​ង្គ​កាយ​ទាំងមូល និង​ជួយ​ការពារ ភ្នែក​របស់​អ្នកផង​ដែរ​។

អ្នក​អា​ចរក​សារធាតុ​ទាំងនេះ​នៅ​ហាង​លក់​អាហារ​សម្រាប់​សុខភាព​នានា ដែល​ច្រើន​តែ​ជា​សារធាតុ​ផ្សំ​មាន​ទម្រង់​ជា​ម្សៅ ដែល​អ្នក​អាច​ដាក់​លាយ​ជាមួយ​ទឹក ទឹក​ផ្លែ​ឈើ ឬ​តែ​បៃតង​។ កុមារ​មិន​គួរ​ទទួលទាន​ច្រើន​ជាង ១​ក្រាម​នោះ​ទេ ខណៈ​ដែល​ស្ត្រី​មានគភ៌​ឬ​បំបៅ​ដោះ​ទារក គួរតែ​ពិភាក្សា​ជាមួយនឹង​គ្រូពេទ្យ​ជា​មុន​សិន​មុន​នឹង​ញ៉ាំ​វា​ ៕