ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ថ្នាំអង់ទីប៊ីយោទិចទូទៅមិនជួយព្យាបាលការក្អកភាគច្រើនចំពោះមនុស្សពេញវ័យនោះទេ។អ្នកដែលមានការក្អក ឬរលាកទងសួត ជារឿយៗត្រូវបានគេចេញវេជ្ជបញ្ជាជាថ្នាំអង់ទីប៊ីយោទិច ហើយការស្រាវជ្រាវពីមុនមានការពិភាក្សានៃលទ្ធផលអំពីប្រសិទ្ធភាពរបស់វា។ ចំពោះការស្រាវជ្រាវនេះ, អ្នកស្រាវជ្រាវបានជ្រើសរើសយកមនុស្សពេញវ័យជាង២.០០០នាក់ដែលបានត្អូញត្អែរនៃការក្អករបស់ពួកគេជាមួយនឹងការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិច amoxicillin អស់រយៈពេលមួយសប្តាហ៍ ឬប្រើ placebo។
ការស្រាវជ្រាវបានរកឃើញថា ជាសរុប, ថ្នាំអង់ទីប៊ីយោទិចមិនមានប្រសិទ្ធភាពក្នុងការបន្ថយរោគសញ្ញា ឬបន្ថយរយៈពេលនៃរោគសញ្ញាជាងការប្រើ placebo នោះទេ។ ការស្រាវជ្រាវក៏បានធ្វើលើអ្នកដែលមានអាយុលើសពី៦០ឆ្នាំផងដែរ។
វេជ្ជបណ្ឌិត ហ្វីលីព ឈឺត (Philipp Schuetz) ដែលមកពី Kantonsspital Aarau ក្នុងប្រទេសស្វីសបាននិយាយថា សារសំខាន់នេះគឺថា ជាធម្មតាថ្នាំអង់ទីប៊ីយោទិចមិនចាំបាច់សម្រាប់ការឆ្លងមេរោគលើផ្លូវដកដង្ហើមនោះទេប្រសិនបើជំងឺរលាកសួតមិនត្រូវបានគេគិតទៅរកនោះ។
ឈឺតបាននិយាយថា មានតែអ្នកជំងឺមួយចំនួនតូចប៉ុណ្ណោះដែលទទួលបានអត្ថប្រយោជន៍ពីថ្នាំអង់ទីប៊ីយោទិច និងនេះអាចត្រូវបានគេកំណត់បានជាមួយនឹងការធ្វើតេស្តឈាមថ្មីសម្រាប់ការឆ្លងមេរោគបាក់តេរី។ ផ្ទុយមកវិញ, គ្រូពេទ្យ និងអ្នកជំងឺគួរតែជៀសវាងពីការប្រើថ្នាំអង់ទីប៊ីយោទិចប្រសិនបើពួកគេមិនមានអារម្មណ៍ច្បាស់នោះ។ តេស្តឈាមអាចជួយពួកគេពីការបន្ថយហានិភ័យ។
អ្នកចូលរួមក្នុងការស្រាវជ្រាវមានអាយុលើសពី១៨ឆ្នាំ និងបានស្វែងរកការព្យាបាលចំពោះការក្អកថ្មីៗ ដែលនេះមានន័យថា ពួកគេមានរោគសញ្ញានៃការក្អកក្នុងរយៈពេលតិចជាង១ខែ ដែលជារោគសញ្ញាមួយដែលត្រូវបានគេឃើញដោយគ្រូពេទ្យ។ នេះមិនមែនជាហេតុផលដើម្បីសង្ស័យថា មួយចំនួននៃពួកគេមានការឆ្លងមេរោគនៅនឹងសួតនោះទេដែលត្រូវបានព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចនោះ។
អ្នកចូលរួមបានប្រើថ្នាំអង់ទីប៊ីយោទិច៣ដងក្នុងមួយថ្ងៃជារៀងរាល់ថ្ងៃក្នុងរយៈពេលមួយសប្តាហ៍។ ខណៈពេលដែលពួកគេមិនបានធូរស្រាលនោះ, ពួកគេហាក់ដូចជាមានផលរំខានពីថ្នាំទៅវិញដូចជា ចង្អោរ, ឡើងកន្តួលក្រហម ឬរាគ, នេះដោយយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុង The Lancet Infectious Disease។
នេះបានបង្ហាញថា មនុស្សភាគច្រើនដោយប្រើ placebo បង្ហាញពីបទពិសោធន៍ថ្មី ឬមានរោគសញ្ញាកាន់តែអាក្រក់ទៅៗ ប៉ុន្តែនេះមិនបង្ហាញពីការកើតមានថ្មីៗញឹកញាប់ដើម្បីបញ្ជាក់ពីការព្យាបាលលើអ្នកគ្រប់គ្នាជាមួយនឹងថ្នាំអង់ទីប៊ីយោទិចនោះទេ។ មនុស្ស៣០នាក់ត្រូវការព្យាបាលជាមួយនឹងថ្នាំអង់ទីប៊ីយោទិចដើម្បីការពារមនុស្សម្នាក់ពីការវិវត្តទៅជារោគសញ្ញាកាន់តែអាក្រក់ទៅៗ។
អ្នកស្រាវជ្រាវបាននិយាយថា នេះគឺជាការស្រាវជ្រាវដ៏ធំបំផុតដើម្បីបង្ហាញថា ថ្នាំអង់ទីប៊ីយោទិចមិនជួយព្យាបាលការឆ្លងមេរោគលើផ្លូវដកដង្ហើមផ្នែកខាងក្រោមនោះទេ។ឈឺតបាននិយាយថា ការប្រើប្រាស់ថ្នាំអង់ទីប៊ីយោទិចមិនរើសមុខក៏ជម្រុញហានិភ័យផងដែរ។ ហានិភ័យចំបងពីថ្នាំអង់ទីប៊ីយោទិចត្រូវបានផ្សារភ្ជាប់ទៅនឹងផលរំខានផ្ទាល់ដូចជា ការរាគធ្ងន់ធ្ងរ។
វេជ្ជបណ្ឌិត លេន ហ៊ូរ៉ូវីត (Len Horovitz) ជាគ្រូពេទ្យឯកទេសជំងឺសួតនៅមន្ទីរពេទ្យ Lenox Hill ក្នុងទីក្រុងញូវយ៉កបាននិយាយថា អ្នកជំងឺជាច្រើនបានសុំថ្នាំអង់ទីប៊ីយោទិចដើម្បីព្យាបាលជំងឺផ្តាសាយ។ គាត់បាននិយាយថា នេះមិនមែនជាអ្វីដែលត្រឹមត្រូវនោះទេ។ វីរុសដូចជា វីរុសនៃជំងឺផ្តាសាយមិនឆ្លើយតបទៅនឹងថ្នាំអង់ទីប៊ីយោទិចនោះទេ។
ដូចនេះ អ្វីដែលមានប្រសិទ្ធភាពនោះ? ការថែទាំយ៉ាងល្អ ដូចជា គេងអោយបានច្រើន, ផឹកទឹកអោយបានច្រើន, និងប្រើម៉ាស៊ីនអោយមានភាពសើម និងសួតនៅពេលយប់។ ប្រសិនបើអ្នកមានការក្អក ឬមានការឆ្លងមេរោគលើផ្លូវដង្ហើមផ្នែកខាងក្រោមនោះ, សូមទៅជួបនឹងគ្រូពេទ្យ និងសូមអោយគាត់ពិនិត្យអ្នក។ គ្រូពេទ្យអាចធ្វើការបណ្តុះស្លេស្មដែលបានមកពីការក្អកដើម្បីមើលថាតើវាមានវត្តមានរបស់បាក់តេរីឬយ៉ាងណា។
គាត់បាននិយាយថា ការប្រើថ្នាំអង់ទីប៊ីយោទិចចំពោះការក្អកស្ងួតដោយមិនបានបណ្តុះមេរោគគឺជាការធ្វើរឿងមួយដែលមិនល្អ។ វាមិនមានប្រយោជន៍អ្វីទាំងអស់ ហើយវាអាចមានហានិភ័យទៅវិញ៕