ការស្រាវជ្រាវថ្មីបានរកឃើញថា ថ្នាំ beta blockers, ជាថ្នាំដែលត្រូវបានគេប្រើប្រាស់ដើម្បីរក្សាសម្ពាធឈាម និងចង្វាក់បេះដូងនោះ ក៏អាចជួយអ្នកជំងឺដែលមានជំងឺមហារីកសួតអោយរស់នៅបានយូរផងដែរ។
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺដែលមានជំងឺមហារីកសួត (non-small-cell lung cancer) ដែលកំពុងត្រូវបានព្យាបាលដោយកាំរស្មីវិទ្យុសកម្មអាចរស់នៅបានយូរ២២%ប្រសិនបើពួកគេក៏ប្រើថ្នាំសម្រាប់ជំងឺបេះដូងទាំងនោះផងដែរ។
វេជ្ជបណ្ឌិត ដានីញ៉េល ហ្គូម៉េស (Daniel Gomez) ជាសាស្ត្រាចារ្យរងខាងផ្នែកការព្យាបាលលើអ្នកជំងឺមហារីកដោយកាំរស្មីវិទ្យុសកម្មនៅសាកលវិទ្យាល័យនៃមជ្ឈមណ្ឌលជំងឺមហារី Texas M.D. Anderson បាននិយាយថា ការស្រាវជ្រាវគឺជាការស្រាវជ្រាវដំបូងដើម្បីបង្ហាញពីអត្ថប្រយោជន៍នៃការរស់នៅដែលត្រូវបានផ្សារភ្ជាប់ជាមួយនឹងការប្រើប្រាស់ថ្នាំ beta blockers និងការព្យាបាលដោយកាំរស្មីវិទ្យុសកម្មចំពោះអ្នកដែលមានជំងឺមហារីកសួត។
គាត់បានបន្ថែមថា លទ្ធផលបានបញ្ជាក់ថា វាអាចជាចលនការដទៃទៀតដែលអាចបន្ថយអត្រានៃការរាលដាលរបស់ដុំសាច់ចំពោះអ្នកដែលមានជំងឺនេះ។ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង Annals of Oncology។ចំពោះការស្រាវជ្រាវ, ក្រុមរបស់ហ្គូម៉េសបានប្រៀបធៀបលទ្ធផលនៃអ្នកជំងឺជាង៧០០នាក់ដែលបានធ្វើការព្យាបាលដោយកាំរស្មីវិទ្យុសកម្មសម្រាប់ជំងឺមហារីកសួត។
អ្នកស្រាវជ្រាវបានរកឃើញថា អ្នកជំងឺ ១៥៥នាក់ដែលបានប្រើថ្នាំ beta blockers សម្រាប់បញ្ហាបេះដូងនោះបានរស់នៅជាមធ្យមជិត២ឆ្នាំ បើធៀបទៅនឹងអ្នកជំងឺមិនប្រើថ្នាំ beta blockers គឺរស់បានជាមធ្យមគឺ ១៨,៦ខែប៉ុណ្ណោះ។អ្នកស្រាវជ្រាវបានសម្គាល់ឃើញថា ការស្រាវជ្រាវក៏បានធ្វើក្រោយពីមើលពីកត្តាហានិភ័យដទៃទៀតដូចជា អាយុ, ដំណាក់កាលនៃជំងឺ, ថាតើការព្យាបាលដោយសារធាតុគីមីត្រូវបានផ្តល់អោយក្នុងពេលតែមួយឬយ៉ាងណា, មានជំងឺស្ទះសួតរ៉ាំរ៉ៃ និងប្រើប្រាស់ថ្នាំអាស្ពីរីនឬយ៉ាងណា។ពួកគេបានបន្ថែមថា ថ្នាំ beta blockers ក៏ផ្តល់ភាពប្រសើរឡើងដល់ការរស់រានមានជីវិតដោយមិនមានការរាលដាលទៅកាន់ផ្នែកដទៃទៀតនៃខ្លួន និងរស់នៅដោយមិនមានការលាប់ឡើងវិញផងដែរ។
អ្នកស្រាវជ្រាវបានចង្អុលបង្ហាញថា ទោះជាយ៉ាងណាក៏ដោយ, ថ្នាំ beta blockers មិនបង្កើតភាពខុសប្លែកនៅក្នុងរយៈពេលនៃការរស់នៅដោយមិនមានការវិវត្តនៃជំងឺនៅក្នុងផ្នែកនៃសួតដែលវាចាប់ផ្តើមនោះទេ។របៀបនៃថ្នាំ beta blockers អាចពន្យារដល់ការរាលដាលនៃជំងឺមហារីកយ៉ាងណានោះគឺមិនត្រូវបានគេដឹងនោះទេ។ ទោះជាយ៉ាងណាក៏ដោយ, អ្នកស្រាវជ្រាវបានមើលឃើញថា ថ្នាំទាំងនេះអាចធ្វើការដោយបន្ថយអរម៉ូនមួយដែលត្រូវបានគេស្គាល់ថា norepinephrine ដែលជាអរម៉ូនជម្រុញដល់ការរាលដាលនៃកោសិកាមហារីក។
ហ្គូម៉េសបាននិយាយថា សព្វថ្ងៃនេះ, យើងមិនគួរបញ្ជាក់ថា អ្នកជំងឺត្រូវប្រើថ្នាំ beta blockers សម្រាប់គោលដៅនោះទេ រហូតដល់ការស្រាវជ្រាវអាចត្រូវបានបញ្ជាក់ដោយក្រុមអ្នកត្រួតពិនិត្យ។ បន្ថែមពីលើនេះ, ការស្រាវជ្រាវថ្ងៃក្រោយនឹងជួយយើងដើម្បីយល់ថាតើចលនការដែលយើងបានស្នើនោះគឺត្រឹមត្រូវឬយ៉ាងណា ហើយដូចនេះថាតើថ្នាំ beta blockers មានអំពើយ៉ាងពិតប្រាកដនៃការវិវត្តនៃជំងឺមហារីកនេះឬយ៉ាងណា។
ចំពោះអ្នកឯកទេសមួយរូប, ការស្រាវជ្រាវនេះបង្កើនសំនួរជាងផ្តល់ចម្លើយ។វេជ្ជបណ្ឌិត លេន ហូរ៉ូវីត (Len Horovitz) ជាគ្រូពេទ្យឯកទេសជំងឺសួតនៅមន្ទីរពេទ្យ Lenox Hill បាននិយាយថា វាមិនច្បាស់នោះទេថាតើថ្នាំ beta blockers ចាំបាច់ត្រូវបានគេចាប់ផ្តើមប្រើមុននឹងជំងឺមហារីកត្រូវបានរកឃើញ ឬថាតើវានៅតែមានអត្ថប្រយោជន៍នៅពេលដែលរោគវិនិច្ឆ័យត្រូវបានធ្វើនោះ។បន្ថែមពីលើនេះ, ហូរ៉ូវីតឆ្ងល់ថាតើថ្នាំដទៃទៀតដែលបង្អាក់សកម្មភាពរបស់អរម៉ូននោះ អាចមានអំពើដូចគ្នាឬយ៉ាង។គាត់បានបន្ថែមថា មនុស្សមិនគួរចាប់ផ្តើមប្រើថ្នាំ beta blockers សម្រាប់ក្តីសង្ឃឹមក្នុងការការពារ ឬគ្រប់គ្រងជំងឺមហារីកសួតនោះទេ៕