ល្ហុង គឺជាផ្លែឈើមួយប្រភេទដែលមិនត្រឹមតែមានរសជាតិឆ្ញាញ់ប៉ុណ្ណោះទេ ប៉ុន្តែមានផ្ទុកសម្បូរទៅដោយសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាព រួមទាំងវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលប្រយុទ្ធប្រឆាំងជាមួយជំងឺផ្សេងៗ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណា ភាគច្រើននៃពួកយើងទទួលទានផ្លែល្ហុងដោយមិនបានចាប់អារម្មណ៍អំពីអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់វាចំពោះសុខភាពរាងកាយឡើយ។ ហើយចំពោះអ្នកដែលមិនចូលចិត្តទទួលទានផ្លែល្ហុងវិញ បន្ទាប់ពីអានអត្ថបទនេះរួច ក៏ប្រហែលជានឹងប្ដូរចិត្តចង់ទទួលទានវិញជាក់ជាមិនខាន។ ខាងក្រោមនេះវេបសាយសុខភាព Health.com.kh នឹងបង្ហាញឲ្យដឹងពីមូលហេតុល្អប្រសើរមិនគួរឲ្យជឿដែលធ្វើឲ្យអ្នកគួរចាប់ផ្ដើមទទួលទានល្ហុងជាប្រចាំ ៖

១. បង្កើនសុខភាពប្រព័ន្ធរំលាយអាហារ

ផ្លែល្ហុង គឺមានផ្ទុកនូវសារធាតុ papain ដែលតាមពីតទៅជាអង់ស៊ីមមួយប្រភេទជួយធ្វើឲ្យការគ្រប់គ្រងដំណើរការពោះវៀន និងការរំលាយអាហារមានលក្ខណៈកាន់តែប្រសើរឡើង។

២. កាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អ

ផ្លែល្ហុង គឺមានផ្ទុកសមាសធាតុមានប្រយោជន៍មួយចំនួនដែលជួយក្នុងការកាត់បន្ថយកម្រិតនៃកូឡេស្តេរ៉ូលមិនល្អតាមបែបធម្មជាតិ។ វារួមបញ្ចូលទាំងវីតាមីន C , ជាតិសសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលជួយក្នុងការកាត់បន្ថយកម្រិតកូឡេស្តេរ៉ូលមិនល្អក្នុងរាងកាយ។ កម្រិតកូឡេស្តេរ៉ូលត្រឹមត្រូវធ្វើឲ្យអ្នកជៀសផុតពីបញ្ហានៃជំងឺបេះដូង, ស្ទះសសៃឈាម, គាំងបេះដូង និងខ្សោយបេះដូងជាដើម។ ដូច្នេះចូរបន្ថែមល្ហុងក្នុងរបបអាហារប្រចាំថ្ងៃ ហើយអ្នកនឹងសម្គាល់ឃើញលទ្ធផលល្អប្រសើរដោយខ្លួនឯង។

៣. ជម្រុញពង្រឹងប្រព័ន្ធភាពស៊ាំនៃរាងកាយ

ផ្លែល្ហុង គឺជាប្រភពដ៏ល្អប្រសើរនៃវីតាមីន​ C ដែលបង្កើនភាពរឹងមាំនៃប្រព័ន្ធភាពស៊ាំតាមបែបធម្មជាតិធ្វើឲ្យរាងកាយមានសុខភាពល្អ។ ប្រព័ន្ធភាពស៊ាំដើរតួនាទីជាខែលការពាររាងកាយពីជំងឺផ្សេងៗ រួមទាំងរោគឆ្លង។ ដូច្នេះប្រសិនបើអ្នកចង់រក្សាបាន ឬមាននូវប្រព័ន្ធភាពស៊ាំមួយដែលរឹងមាំនោះ ចូរចាប់ផ្ដើមទទួលទានផ្លែល្ហុងជាប្រចាំ។

៤. ជាជម្រើសដ៏ល្អសម្រាប់អ្នកជំងឺទឹកនោមផ្អែម

ល្ហុង គឺជាជម្រើសនៃផ្លែឈើដ៏ប្រសើរសម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយសារវាផ្ទុកកម្រិតនៃជាតិស្ករទាប។

៥. ល្អសម្រាប់សុខភាពភ្នែក

ផ្លែល្ហុងមានផ្ទុកសម្បូរទៅដោយវីតាមីន A និង វីតាមីន C ដែលជាសារធាតុចិញ្ចឹមចាំបាច់សម្រាប់សុខភាពភ្នែកល្អប្រសើរមើលឃើញបានច្បាស់។

៦. ជួយព្យាបាលជំងឺរលាកសន្លាក់

បរិមាណនៃវីតាមីន C នៅក្នុងផ្លែល្ហុង គឺមានប្រសិទ្ធិភាពខ្ពស់ជួយព្យាបាលប្រយុទ្ធប្រឆាំង ក៏ដូចជាទប់ស្កាត់បញ្ហានៃជំងឺរលាកសន្លាក់។

៧. បំបាត់ការឈឺចាប់ពេលមករដូវ

ល្ហុង គឺមានផ្ទុកនូវសារធាតុ papain ដែលជាអង់ស៊ីមមួយប្រភេទជួយគ្រប់គ្រងចរន្តឈាម និងកាត់បន្ថយអាការៈឈឺចាប់ពេលមករដូវ។

៨. បំបាត់អាការៈចង្អោរចង់ក្អួត ឬចាញ់កូន

ការទទួលទានផ្លែល្ហុងតិចតួចកំឡុងពេលមានផ្ទៃពោះ គឺមានប្រយោជន៍ណាស់សម្រាប់ស្ត្រីមានផ្ទៃពោះ ដោយវាជួយសម្រាល ក៏ដូចជាបំបាត់អាការៈចាញ់កូន។ នេះក៏ព្រោះផ្លែល្ហុង គឺមានផ្ទុកសម្បូរទៅដោយវីតាមីន C និង E រួមទាំងសារធាតុ folate។ លើសពីនេះទៅទៀត ជាតិសសៃនៃផ្លែល្ហុង ក៏មានប្រសិទ្ធិភាពគ្រប់គ្រងសម្រាលអាការៈ ក៏ដូចជាទប់ស្កាត់បញ្ហាទល់លាមក, ក្រហាយទ្រូង, ហើមពោះ និងច្រាលអាស៊ីតក្រពះដែលជាទូទៅកើតមានកំឡុងពេលមានផ្ទៃពោះផងដែរ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង