ការស្រាវជ្រាវ​ថ្មី​មួយ​បាន​និយាយថា អ្នកជំងឺ​វះកាត់​ពោះវៀន​ធំ​-​រន្ធ​គូថ​ដែល​វិវត្ត​ទៅ​ជា​មាន​ការឆ្លង​មេរោគ​ត្រង់​កន្លែង​វះ គឺ​មាន​ហានិភ័យ​ខ្ពស់​ចំពោះ​ការ​កកឈាម​។​​អ្នកស្រាវជ្រាវ​បាន​ពិនិត្យ​មើល​អ្នក​មនុស្សពេញវ័យ​៦១៥​នាក់​ដែល​បាន​ធ្វើ​ការវះកាត់​ពោះវៀន​ធំ​-​រន្ធ​គូថ ហើយ​បាន​រកឃើញថា ២៥​នាក់​នៃ​ពួកគេ (៤%) បាន​វិវត្ត​ទៅ​ជា​ការ​កកឈាម​ដែល​ត្រូវបាន​គេ​ស្គាល់​ថា កំណក​ឈាម​នៅក្នុង​សរសៃឈាម​វ៉ែន ក្នុង​រយៈពេល​១​ខែ​ក្រោយ​ការវះកាត់​។​

១៤​នាក់​នៃ​អ្នកជំងឺ (៥៦%) ក៏​មាន​ការឆ្លង​មេរោគ​ត្រង់​កន្លែង​វះ បើ​ធៀប​ទៅ​នឹង​អ្នកជំងឺ​១៦៨​នាក់ (២៨,៥%) មិន​មាន​កំណក​ឈាម​នៅក្នុង​សរសៃឈាម​វ៉ែន​នោះទេ​។ ៩​នាក់​ក្នុងចំនោម​១៤​នាក់​នៃ​អ្នក​ដែល​មាន​កំណក​ឈាម​, ការឆ្លង​មេរោគ​ត្រង់​កន្លែង​វះ​បាន​កើតមាន​ឡើង​មុន ឬ​ក្នុង​ថ្ងៃ​តែ​មួយ​។​

​អ្នកជំងឺ​ដែល​មាន​ការឆ្លង​មេរោគ​ត្រង់​កន្លែង​វះ​គឺ​ហាក់ដូចជា​ងាយ​នឹង​វិវត្ត​៤​ដង​ទៅ​ជា​កំណក​ឈាម​នៅ​នឹង​ជើង ឬ​ការស្ទះ​សួត បើ​ធៀប​ទៅ​នឹង​អ្នកជំងឺ​ដែល​មិន​មាន​ការឆ្លង​មេរោគ​នោះ​។​​ការស្ទះ​សួត​កើតមានឡើង​នៅពេល​ដែល​កំណក​ឈាម​នៅក្នុង​ផ្នែក​ណាមួយ​នៃ​ខ្លួន​បាន​បែក ហើយ​បាន​ធ្វើដំណើរ​ទៅក្នុង​សួត​។​

​ក្នុងចំនោម​អ្នកជំងឺ​ដែល​បាន​វិវត្ត​ទៅ​ជា​កំណ​កឈាម​, ៩២%​បាន​ទទួល​ថ្នាំ​អោយ​ឈាមរាវ និង​បាន​ទទួល​ការព្យាបាល​ការពារ​ពី​ការ​កកឈាម​ដទៃទៀត​។ នេះ​ដោយយោង​តាម​ការស្រាវជ្រាវ​ដែល​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Journal of the American College of Surgeons​។​

​អ្នកស្រាវជ្រាវ​បាន​និយាយថា ការស្រាវជ្រាវ​នេះ​បង្ហាញថា វិធីសាស្ត្រ​នៃ​ការការពារ​កំណក​ឈាម​មិន​តែងតែមាន​ប្រសិទ្ធភាព​នោះ​ទេ​។​​វេជ្ជបណ្ឌិត សូ​សាន ហ្គៀ​ហាត (Susan Gearhart) ជា​សាស្ត្រាចារ្យ​រង​ខាង​ផ្នែក​ជំងឺ​វះកាត់​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ Johns Hopkins បាន​និយាយថា យើង​ត្រូវការ​ការអះអាង​ច្បាស់​អំពី​ឥទ្ធិពល​នៃ​ដុំ​ឈាម​ក្នុង​សរសៃឈាម​វ៉ែន​ចំពោះ​អ្នកជំងឺ​ដែល​មាន​ការឆ្លង​មេរោគ​ត្រង់​កន្លែង​វះកាត់​។​

​ហ្គៀ​ហាត​បានបង្ហាញ​ថា យើង​ត្រូវតែ​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​អ្នកជំងឺ​វះកាត់​ពោះវៀន​ធំ​-​រន្ធ​គូថ​ដែល​បាន​វិវត្ត​ទៅ​ជា​ការឆ្លង​មេរោគ​ត្រង់​កន្លែង​វះកាត់ ហើយ​តាមដាន​ជា​ញឹកញាប់​ចំពោះ​កំណក​ឈាម​ដែល​អាច​ត្រូវ​បាន​តាមដាន​ដោយ​ការធ្វើ​អេកូ​។ អ្នកជំងឺ​ទាំងនេះ​គួរតែ​ត្រូវ​បាន​អោយ​ថ្នាំ​កុំអោយ​ឈាមកក​ក្នុង​រយៈពេល​៣០​ថ្ងៃ​ក្រោយ​ការវះកាត់​៕