ទម្លាប់ប្រចាំថ្ងៃមួយចំនួនអាចជះផលប៉ះពាល់គួរឱ្យកត់សម្គាល់ចំពោះសុខភាពស្បែកប្រែជាឆាប់ចាស់ជ្រីវជ្រួញ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ថាតើទម្លាប់ទាំងនោះមានអ្វីខ្លះ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យដឹងពីទម្លាប់ដែលអ្នកគួរចៀសវាងដើម្បីទប់ស្កាត់បញ្ហាស្បែកឆាប់ចាស់ជ្រីវជ្រួញ ៖
១. ការថែរក្សាស្បែកមិនបានត្រឹមត្រូវ
ស្ត្រីភាគច្រើនបានប្រកាន់ខ្ជាប់នូវទម្លាប់មួយចំនួនដែលអាចពន្លឿនភាពចាស់តាមវ័យនៃស្បែកដោយមិនដឹងខ្លួន។ អ្នកខ្លះលាងសម្អាតមុខច្រើនដងពេកក្នុងមួយថ្ងៃ ខណៈដែលអ្នកមួយចំនួនទៀតមិនលាងសម្អាតមុខបានគ្រប់គ្រាន់។ អ្នកខ្លះមិនប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកសោះ ខណៈដែលអ្នកមួយចំនួនទៀតប្រើប្រាស់ផលិតផលផ្ដល់សំណើមដល់ស្បែកដែលសាកសមនឹងប្រភេទនៃស្បែករបស់ពួកគេ។ ដូច្នេះនៅពេលទិញផលិតផលថែរក្សាសម្រស់ អ្នកចាំបាច់ត្រូវជ្រើសរើសផលិតផលណាដែលសាមសមសម្រាប់ប្រភេទនៃស្បែក។ បន្ថែមពីនេះអ្នកគួរប្រើប្រាស់ផលិតផលធម្មជាតិ ឬផលិតផលសរីរាង្គទើបប្រសើរ។
២. ត្រូវកម្ដៅថ្ងៃច្រើនពេក
ការស្ថិតក្រោមកម្ដៅថ្ងៃយូរ ឬច្រើនពេកអាចផ្ដល់ផលអាក្រក់ច្រើនជាងល្អ។ គ្រូពេទ្យជំនាញខាងសើស្បែកបានឱ្យដឹងថា ការប៉ះផ្ទាល់នឹងកម្ដៅថ្ងៃច្រើនពេក គឺជាមូលហេតុចម្បងបំផុតមួយដែលបណ្ដាលឱ្យស្បែកឆាប់ចាស់ជាងវ័យ។ វាក៏ជាមូលហេតុដែលអ្នកចាំបាច់គួរប្រើប្រាស់ឡេលាបការពារកម្ដៅថ្ងៃដែលមាន SPF យ៉ាងហោចណាស់ ៣០ ជាពិសេសនៅពេលឈានជើងចេញទៅក្រៅក្រោយម៉ោង ១០ ព្រឹក និងមុនម៉ោង ៤ល្ងាច។
៣. ទទួលទានទឹកមិនបានច្រើនគ្រប់គ្រាន់
ការរក្សាជាតិទឹកឱ្យបានគ្រប់គ្រាន់ក្នុងរាងកាយ គឺសំខាន់ណាស់ដើម្បីរក្សាបានសុខភាពរឹងមាំប្រសើរ។ ប៉ុន្តែតើអ្នកធ្លាប់ដឹងទេថាការទទួលទានទឹកឱ្យបានច្រើនគ្រប់គ្រាន់ក៏ចាំបាច់សម្រាប់រក្សាបាននូវសុខភាពស្បែកល្អស្រស់ស្អាតដែរ? ការទទួលទានទឹកបានប្រមាណ ២លីត្រក្នុងមួយថ្ងៃជួយរក្សាសំណើមនៃស្បែកនិងកម្ចាត់រាល់ជាតិពុល ព្រមទាំងភាពកខ្វក់ចេញពីរាងកាយមុនពេលវាបង្កផលប៉ះពាល់ដល់ស្បែក ក៏ដូចជាជាលិកានិងសរីរាង្គផ្សេងៗផងដែរ។
៤. ការទទួលទានគ្រឿងស្រវឹងលើសកម្រិត
ការទទួលទានគ្រឿងស្រវឹងច្រើននឹងបង្កបញ្ហាខ្សោះជាតិទឹកក្នុងរាងកាយ។ ជាលទ្ធផលស្បែកត្រូវទទួលរងផលប៉ះពាល់ដោយប្រែជាស្ងួតគ្មានសំណើម ឆាប់ជ្រីវជ្រួញ។ គ្រឿងស្រវឹងក៏ធ្វើអោយសសៃឈាមរីកធំបណ្ដាលអោយស្បែកប្រែជាស្រអាប់។
៥. ការជក់បារី
សារធាតុពុលក្នុងបារីអាចបង្កការខូចខាតដល់សសៃឈាមដែលផ្គត់ផ្គង់អុកស៊ីសែននិងសារធាតុចិញ្ចឹមដល់ស្បែក។ ជាតិពុលនៃបារីថែមទាំងបំផ្លាញកូឡាជែននិងអេឡាស្ទីន (elastin) ដែលធ្វើឱ្យស្បែកឆាប់ជ្រីវជ្រួញយារធ្លាក់ផងដែរ។
៦. ស្ត្រេសពេក
ស្ត្រេសមិនត្រឹមតែជះឥទ្ធិពលអវិជ្ជមានគួរឱ្យព្រួយបារម្ភចំពោះសុខភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យសម្រស់អ្នកមើលទៅចាស់ជាងវ័យផងដែរ។ វេជ្ជបណ្ឌិតជាច្រើននិយាយថាភាពតានតឹងក្នុងអារម្មណ៍ពេកសឹងតែជាប្រចាំពន្លឿនដំណើរការនៃភាពចាស់តាមវ័យ។
៧. ការទទួលទានអាហារខុស
អ្វីដែលអ្នកទទួលទាន គឺចាំបាច់ណាស់សម្រាប់សុខភាពរាងកាយទាំងមូល ក៏ដូចជាស្បែក។ របបអាហារដែលសម្បូរជាតិខ្លាញ់មិនល្អ ជាតិស្ករខ្ពស់ និងអាហារកែច្នៃអាចបង្កការរលាកក្នុងរាងកាយនាំឱ្យស្បែកឆាប់ចាស់។ ម្យ៉ាងវិញទៀតសាច់កែច្នៃមានផ្ទុកសម្បូរទៅដោយជាតិប្រៃ ឬអំបិលដែលអាចធ្វើឱ្យអ្នកមានអាការៈហើម។ សាច់ប្រភេទនេះក៏ជាប្រភពនៃសារធាតុ nitrites ដែលបំផ្លាញកូឡាជែន និងភាពបត់បែនក្នុងស្បែកផងដែរ។ ការទទួលទានសាច់កែច្នៃក៏អាចធ្វើឱ្យស្បែកឆាប់ចាស់ជាងអាយុផងដែរ ដោយវាគ្មានផ្ទុកសារធាតុចិញ្ចឹមល្អៗដើម្បីទ្រង់ទ្រង់សុខភាពស្បែករក្សាភាពក្មេងជាងវ័យ។ ដូច្នេះដើម្បីជៀសផុតពីគ្រោះថ្នាក់ កុំទទួលទានសាច់កែច្នៃច្រើនពេក និងមិនត្រូវទទួលទានរាល់ថ្ងៃឡើយ។ អ្នកក៏គួរកម្រិនការទទួលទានសាច់ក្រហមដូចគ្នា! នោះក៏ព្រោះតែសាច់ក្រហមមានផ្ទុកជាតិ carnitine ខ្ពស់ដែលអាចធ្វើឱ្យជញ្ជាំងសសៃឈាមឡើងរឹងបង្កបញ្ហានៃភាពចាស់ជាងវ័យ៕