ពិតណាស់ការធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់ គឺចាំបាច់ដើម្បីរក្សាបាននូវសុខភាពល្អប្រសើរ។ (អាន ៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?) ទោះជាយ៉ាងណាក្នុងស្ថានភាពមួយចំនួន អ្នកមិនគួរធ្វើលំហាត់ប្រាណឡើយ។ ថាតើក្នុងកំឡុងពេលណាខ្លះទៅដែលមិនគួរហាត់ប្រាណ? ខាងក្រោមវេបសាយសុខភាព Health.com.kh នឹងបង្ហាញឱ្យពីកំឡុងពេលដែលអ្នកមិនគួរហាត់ប្រាណ ៖
១. នៅពេលអ្នកឈឺ
ប្រសិនបើមានការឆ្លងមេរោគណាមួយ នោះប្រព័ន្ធភាពស៊ាំរាងកាយត្រូវការថាមពលទាំងអស់ដើម្បីសម្លាប់រាល់ពពួកមេរោគបាក់តេរីដែលបង្កជំងឺនិងទប់ស្កាត់បញ្ហាមិនឱ្យរីករាលដាល។ ការធ្វើលំហាត់ប្រាណទាមទារថាមពលច្រើនពីរាងកាយ ដូច្នេះថាមពលមួយចំនួននឹងត្រូវបង្វែរចេញពីប្រព័ន្ធភាពស៊ាំ។ ជំនួសឱ្យការធ្វើលំហាត់ប្រាណ ចូរគេងសម្រាកឱ្យបានគ្រប់គ្រាន់ដើម្បីឆាប់ជាសះស្បើយពីជំងឺ។
២. នៅពេលអ្នកកំពុងរងរបួស
ប្រសិនបើអ្នកកំពុងឈឺចាប់សន្លាក់ ឬសាច់ដុំ នោះហានិភ័យនៃការរងរបួស គឺខ្ពស់ខ្លាំងណាស់! ហើយការធ្វើលំហាត់ប្រាណអាចបណ្ដាលឱ្យស្ថានភាពកាន់តែធ្ងន់ធ្ងរឡើង។ ចូរផ្ដល់ពេលប៉ុន្មានថ្ងៃឱ្យរាងកាយរឹងមាំប្រសើរសិន ពិសេសក្រោយពេលធ្វើលំហាត់ប្រាណខ្លាំងក្លាណាមួយ។
៣. កំឡុងពេលរលាកស្បែកដោយសារកម្ដៅថ្ងៃ
តំបន់ស្បែកដែលរងការរលាកដោយសារកម្ដៅថ្ងៃងាយនឹងឡើងក្ដៅ។ ការធ្វើលំហាត់ប្រាណអាចបង្កើនសីតុណ្ហភាពរាងកាយ។ នេះហើយជាមូលហេតុដែលអ្នកគួរផ្អាកធ្វើលំហាត់ប្រាណសិន និងរងចាំឱ្យជាសះស្បើយ។
៤. កំឡុងពេលអ្នកកំពុងជួបប្រទះអាការៈធីងធោងមិនស្រួលខ្លួនក្រោយស្រវឹង
មានមូលហេតុចម្បងពីរដែលអ្នកមិនគួរធ្វើលំហាត់ប្រាណកំឡុងពេលជួបអាការៈមិនស្រួលខ្លួនក្រោយស្រវឹង។ ទី១ នោះ គឺការធ្វើលំហាត់ប្រាណអាចបណ្ដាលឱ្យអាការៈក្រោយស្រវឹងកាន់តែអាក្រក់ឡើង រួមបញ្ចូលទាំងអាការៈឈឺក្បាល។ ទី២ នោះ គឺអាការៈធីងធោងក្រោយស្រវឹងអាចបណ្ដាលឱ្យអ្នកមិនមានលំនឹងរាងកាយពេញលេញដែលនាំឱ្យងាយនឹងរងរបួសពេលធ្វើលំហាត់ប្រាណ។
៥. នៅពេលគេងមិនគ្រប់
ភាគច្រើននៃពួកយើងសុទ្ធតែដឹងហើយថា ការធ្វើលំហាត់ប្រាណជាប្រចាំ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពបំផុតមួយសម្រាប់ដោះស្រាយបញ្ហាគេងមិនលក់។ ទោះជាយ៉ាងណាក៏ដោយ ការធ្វើលំហាត់ប្រាណនៅពេលអ្នកគេងមិនបានគ្រប់គ្រាន់ គឺផ្ដល់ផលអាក្រក់ច្រើនជាងល្អ។ ជាពិសេសប្រសិនបើកាលពីថ្ងៃមុនអ្នកបានធ្វើលំហាត់ប្រាណខ្លាំងក្លា។ ការខំធ្វើលំហាត់ប្រាណទាំងដែលកាលពីយប់អ្នកគេងមិនបានគ្រប់គ្រាន់ ក៏អាចបណ្ដាលឱ្យអ្នកងាយនឹងរងរបួសផងដែរ៕