ការស្រាវជ្រាវ​ដ៏​ធំ​មួយ​ពី​ប្រទេស​ណរ​វ៉េ​ស បានបង្ហាញ​ថា ការ​គេង​មិន​លក់​អាច​បង្កើន​ហានិភ័យ​ដល់​ទៅ​៣​ដង​ក្នុង​ការវិវត្ត​ទៅ​ជា​ជំងឺខ្សោយបេះដូង​។​វេជ្ជបណ្ឌិត ឡា​ស ឡូ​សេន (Lars Laugsand) បាន​និយាយថា បញ្ហា​បេះដូង​នាំអោយមាន​បញ្ហា​នៃ​ការ​គេង ប៉ុន្តែ​ការស្រាវជ្រាវ​របស់​ក្រុម​គាត់​បាន​ព្យាយាម​កំណត់ថា​តើ​ភាព​បញ្ច្រាស​វិញ​នៃ​បញ្ហា​នេះ​អាច​ជា​ការពិត​ដែរ​ឬ​យ៉ាងណា​។​

​ឡូ​សេន​បាន​និយាយថា ការ​គេង​មិន​លក់​គឺ​កើតមាន​ជារឿយៗ និង​ត្រូវបាន​ស្គាល់​យ៉ាង​ស្រួល​, អាច​គ្រប់គ្រង និង​ព្យាបាល​បាន​។​​ឡូ​សេន​បាន​បន្ថែមថា អ្នកស្រាវជ្រាវ​បាន​រកឃើញ​ពី​ការផ្សារភ្ជាប់​គ្នា​រវាង​ការ​គេង​មិន​លក់ និង​ជំងឺខ្សោយបេះដូង​, មិនមែន​រកឃើញថា ការ​គេង​មិន​លក់​បណ្តាលអោយមាន​ជំងឺខ្សោយបេះដូង​នោះទេ​។​​គាត់​បាន​និយិាយថា យើង​នៅតែ​មិនដឹងថា​តើ​ជំងឺខ្សោយបេះដូង​ត្រូវ​បាន​បង្កឡើង​ដោយ​ការ​គេង​មិន​លក់​ឬ​យ៉ាងណា​នោះ​ទេ ហើយ​វា​នៅតែ​មិន​ច្បាស់​ថា​ហេតុអ្វី​បាន​ជា​ការ​គេង​មិន​លក់​ត្រូវបាន​ផ្សារភ្ជាប់​ខ្ពស់​ទៅ​នឹង​ហានិភ័យ​នៃ​ជំងឺខ្សោយបេះដូង​នោះ​។​

​ជំងឺខ្សោយបេះដូង​គឺជា​ជំងឺ​រ៉ាំរ៉ៃ​មួយ​ដែល​បេះដូង​មិនអាច​ច្របាច់​ឈាម​គ្រប់គ្រាន់​ទៅកាន់​ខ្លួនប្រាណ​ដែល​ត្រូវការ​។​​ឡូ​សេន​បាន​និយាយថា វា​មាន​ការ​ចង្អុលបង្ហាញ​ថា មូលហេតុ​ជីវសាស្ត្រ​អាច​ពន្យល់​ពី​ទំនាក់ទំនង​រវាង​ជំងឺខ្សោយបេះដូង និង​ការ​គេង​មិន​លក់​។ គាត់​បាន​ពន្យល់ថា ច​លន​ការ​មួយ​ដែល​អាច​ទៅ​រួច​នោះ​អាច​ថា ការ​គេង​មិន​លក់​ភ្ញោ​ច​អោយ​មាន​ការឆ្លើយតប​នៃ​ស្ត្រេ​ស​នៅក្នុង​ខ្លួន​ដែល​អាច​ប៉ះពាល់​អវិជ្ជមាន​ដល់​មុខងារ​របស់​បេះដូង​។​​ឡូ​សេន​បាន​បន្ថែមថា ប្រសិនបើ​លទ្ធផល​របស់​យើង​ត្រូវ​បាន​បញ្ជាក់​ដោយ​ការស្រាវជ្រាវ​ដទៃទៀត ហើយ​មាន​ការផ្សារភ្ជាប់​មូលហេតុ​នេះ​យ៉ាង​ពិតប្រាកដ​នោះ​, ការពិនិត្យ​នៃ​រោគសញ្ញា​នៃ​ការ​គេង​មិន​លក់​អាច​មាន​ផលវិបាក​ចំពោះ​ការការពារ​បញ្ហា​សរសៃឈាម​បេះដូង​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត European Heart Journal​។​​ដើម្បី​វាស់​ពី​ឥទ្ធិពល​នៃ​ការ​គេង​មិន​លក់​លើ​ហានិភ័យ​នៃ​ជំងឺខ្សោយបេះដូង​នោះ​, ក្រុម​របស់​ឡូ​សេន​បាន​ធ្វើ​ការស្រាវជ្រាវ​លើ​បុរស និង​ស្ត្រី​ជាង​៥៤.០០០​នាក់​។ អ្នកចូលរួម​មិនមាន​ជំងឺខ្សោយបេះដូង​នោះទេ​នៅពេល​ចាប់ផ្តើម​ធ្វើ​ការស្រាវជ្រាវ​។​​នៃ​ផ្នែក​នៃ​ការស្រាវជ្រាវ​, អ្នកស្រាវជ្រាវ​បាន​សួរ​អំពី​គុណភាព​នៃ​ការ​គេង​របស់​អ្នកចូលរួម និង​ថា​តើ​ពួកគេ​មាន​ភាពលំបាក​នឹង​ការ​គេង និង​ការ​គេង​លក់​ឬ​យ៉ាងណា​។​

​ក្រុម​របស់​គាត់​បានរ​ក​ឃើញថា ក្រោយពី​ធ្វើ​ការតាមដាន​អស់​រយៈពេល​១១​ឆ្នាំ​, អ្នកចូលរួម​ជាង​១.៤០០​នាក់​បាន​វិវត្ត​ទៅ​ជា​ជំងឺខ្សោយបេះដូង​។ អ្នក​ដែល​មាន​រោគសញ្ញា​ច្រើន​នៃ​ការ​គេង​មិន​លក់ មាន​ការកើនឡើង​ហានិភ័យ​ក្នុង​ការវិវត្ត​ទៅជា​ជំងឺខ្សោយបេះដូង​៣​ដង​បើ​ធៀប​ទៅនឹង​អ្នក​ដែល​គេង​លក់​ស្រួល​នោះ​។ នៅពេល​ដែល​ជំងឺ​ធ្លាក់​ទឹកចិត្ត និង​ជំងឺ​ថប់​បារម្ភ​ត្រូវបាន​គេ​រាប់បញ្ចូល​នោះ​, ហានិភ័យ​បាន​ឡើង​ដល់​ទៅ​៤​ដង​។​

​ជាពិសេស​, ភាពលំបាក​ក្នុងកា​រគេង និង​ការ​គេង​លក់​គឺ​កើត​មាន​សឹងតែ​រាល់​យប់ ហើយ​អារម្មណ៍​អស់កម្លាំង​នៅ​ពេល​ព្រឹក​មាន​ច្រើន​ជាង​ម្តង​ក្នុង​មួយ​សប្តាហ៍​នោះ​, ត្រូវ​បាន​ផ្សារភ្ជាប់​ទៅ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺខ្សោយបេះដូង​បើ​ធៀប​ទៅនឹង​អ្នក​មិន​ដែល ឬ​កម្រ​ទៅ​នឹង​មាន​រោគសញ្ញា​ទាំង​នេះនោះ​។​​ការស្រាវជ្រាវ​នៅ​តែ​ធ្វើ​ក្រោយពី​អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​អាយុ​, ភេទ​, ស្ថានភាព​គ្រួសារ​, ចំណេះដឹង​, ការផ្លាស់ប្តូរ​វេន​ធ្វើការ​, សម្ពាធ​ឈាម​, កូ​ឡេ​ស្តេ​រ៉ុល​, ជំងឺ​ទឹកនោម​ផ្អែម​, ទម្ងន់​, ការធ្វើ​លំ​ហាត់ប្រាណ​, ការជក់បារី​, ការ​ផឹកស្រា និង​ការ​ធ្លាប់​មាន​ការ​គាំងបេះដូង​ពី​មុន​នោះ​។​

​វេជ្ជបណ្ឌិត ហ្គ្រេ​ក ហ្វូ​ណារ៉ូវ (Gregg Fonarow) ជា​សាស្ត្រាចារ្យ​ខាង​ផ្នែក​ជំងឺ​បេះដូង​នៅ​សាកលវិទ្យាល័យ​កាលីហ្វ​ញ៉ា បាន​និយាយថា ជំងឺខ្សោយបេះដូង​ផ្តល់​លទ្ធផល​ជា​ជំងឺ​, ការស្លាប់ និង​បញ្ហា​នៃ​ការថែទាំ​បញ្ហា​បេះដូង​។​គាត់​បាន​សម្គាល់ថា ការ​គេង​មិន​លក់​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​បញ្ហា​សរៃ​ឈាម​បេះដូង និង​ស្លាប់ ហើយ​ការស្រាវជ្រាវ​ពីមុន​២​បានបង្ហាញ​ថា ការ​គេង​មិន​លក់​ក៏​អាច​ត្រូវ​បាន​ផ្សារភ្ជាប់​ជាមួយនឹង​ហានិភ័យ​នៃ​ការ​ខ្សោយបេះដូង​ផងដែរ​។​

​ហ្វូ​ណារ៉ូវ​បាន​បន្ថែមថា ការ​គេង​មិន​លក់​អាច​បង្កើន​ការឆ្លើយតប​នៃ​ការ​រលាក និង​ស្ត្រេ​ស​នៅក្នុង​ខ្លួន​។​​គាត់​បាន​និយាយថា ការភ្ញោ​ច​ប្រព័ន្ធ​ទាំង​នេះ​អាចផ្សារភ្ជាប់​ការ​គេង​មិន​លក់​ទៅ​នឹង​ការកើនឡើង​ហានិភ័យ​នៃ​ការវិវត្ត​ទៅ​ជា​ជំងឺខ្សោយបេះដូង និង​ជំងឺ​សរសៃឈាម​បេះដូង​ដទៃទៀត​។ ទោះជា​យ៉ាងណា​ក៏ដោយ​, ថា​តើ​ការការពារ ឬ​ការព្យាបាល​ការ​គេង​មិន​លក់​នឹង​បន្ថយ​ហានិភ័យ​នៃ​ការវិវត្ត​ទៅជា​ជំងឺខ្សោយបេះដូង​យ៉ាងណា​នោះ​គឺ​ត្រូវការ​ការស្រាវជ្រាវ​បន្ថែម​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង