ការស្រាវជ្រាវ​ថ្មី​មួយ​បាន​បង្ហាញថា ស្ត្រី​មាន​ផ្ទៃពោះ​ដែល​លើស​ទម្ងន់ ឬ​ធាត់​គឺ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​សម្រាល​ដោយ​ការវះកាត់​។​
​អ្នកស្រាវជ្រាវ​បាន​ពិនិត្យមើល​ស្ត្រី​ជាង​៥០.០០០​នាក់​នៅក្នុង​ប្រទេស​នរ​វ៉េ​ស​ដែល​បាន​សម្រាលកូន​។ ស្ត្រី​ដែល​មាន​ជំងឺ​ព្រាយ​ក្រឡា​ភ្លើង​, ជំងឺលើសឈាម​, ជំងឺ​ទឹកនោម​ផ្អែម និង​ជំងឺ​សុក​បាំង​មាត់ស្បូន មិន​ត្រូវបាន​គេ​រាប់បញ្ចូល​នៅ​ក្នុង​ការស្រាវជ្រាវ​នេះ​នោះ​ទេ​។​

​ការស្រាវជ្រាវ​ត្រូវ​បាន​ចេញផ្សាយ​នៅក្នុង​កាសែត Acta Obstetricia et Gynecologica Scandinavica​។​​ស្ត្រី​ដែល​លើស​ទម្ងន់ និង​ធាត់​មុន​មាន​ផ្ទៃពោះ មាន​ការកើនឡើង​ហានិភ័យ​នៃ​ការ​សម្រាលកូន​ដោយ​ការវះកាត់​។ អ្នក​ដែល​ធាត់​ខ្លាំង មាន​ហានិភ័យ​ខ្ពស់​បំផុត​នៃ​ការ​សម្រាលកូន​ដោយ​ការវះកាត់​នេះ ហើយក៏​មាន​ការកើនឡើង​ហានិភ័យ​នៃ​ការ​សម្រាល​ដោយ​ការប្រើ​ឧបករណ៍​ជួយ​។​
​អ្នកស្រាវជ្រាវ​ក៏​បាន​រកឃើញថា ស្ត្រី​ដែល​បាន​ឡើង​ទម្ងន់​លើសពី​១៦​គីឡូក្រាម​អំឡុង​ពេល​មាន​ផ្ទៃពោះ​មាន​ការកើនឡើង​ហានិភ័យ​ដោយ​គួរអោយ​កត់សម្គាល់​នៃ​ការ​សម្រាលកូន​ដោយ​ការប្រើ​ឧបករណ៍​ជួយ និង​ការ​សម្រាល​ដោយ​ការវះកាត់​។ ការស្រាវជ្រាវ​គឺ​ធ្វើ​តែ​នៅលើ​ទម្ងន់​របស់​ស្ត្រី​មុនពេល​មាន​ផ្ទៃពោះ​ប៉ុណ្ណោះ​។​

​ក្នុង​ឆ្នាំ ២០០៨, មនុស្សពេញវ័យ​១,៤​កោដិ​នាក់​លើ​ពិភពលោក​គឺ​លើស​ទម្ងន់ និង​ជាង​៥០០​លាន​នាក់​គឺ​ធាត់​, នេះ​ដោយយោង​តាម​របាយការណ៍​របស់​អង្គការ​សុខភាព​ពិភពលោក​។ ​វេជ្ជបណ្ឌិត នី​ល ហា​លដេន ម៉​រ​គេ​ន (Nils-Halvdan Morken) ដែល​មកពី​សាកលវិទ្យាល័យ Bergen បាន​និយាយថា ជាមួយនឹង​អត្រា​ប្រកាសអាសន្ន​នៃ​ការ​ធាត់​, ការយល់​ពី​ឥទ្ធិពល​របស់​វា​គឺជា​បញ្ហា​សុខភាព​សំខាន់​, ជាពិសេស​ចំពោះ​ស្ត្រី​ដែល​វ័យ​បន្ត​ពូជ​។​

​ម៉​រ​គេ​ន​បាន​សរុប​ថា ទោះបីជា​កត្តា​ដទៃទៀត​អាច​នាំអោយ​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​សម្រាលកូន​ដោយ​ការវះកាត់ និង​ដោយ​ការប្រើ​ឧបករណ៍​ជំនួយ​ក៏​ដោយ​, ប៉ុន្តែ​គ្រូពេទ្យ​ត្រូវការ​ការធានា​នៃ​ឥទ្ធិពល​ដែល​ការ​លើស​ទម្ងន់ និង​ធាត់​អាច​មាន​លើ​ស្ត្រី​មាន​ផ្ទៃពោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង